website_news:2018200303

ថៃ នឹងចាត់វិធានការតឹងរឹង លើពលករខុសច្បាប់ នៅដើមខែមេសា

https://thmeythmey.com 20, Mar 2018 , 10:33

ភ្នំពេញ៖ ថៃ នឹងចាត់វិធានការតឹងរឹង ចំពោះពលករបរទេសខុសច្បាប់ទាំងអស់ ដែលរស់នៅនិងធ្វើការលើទឹកដីថៃ នៅខែមេសាខាងមុខនេះ។ ការអនុវត្តវិធានការនេះធ្វើឡើងបន្ទាប់ពីថៃបានរៀបចំច្បាប់គ្រប់គ្រងពលករបរទេសកាល ពីឆ្នាំ២០១៧ និងទុកពេលឲ្យពលករបរទេសទាំងអស់រៀបចំឯកសារស្របច្បាប់សម្រាប់បំពេញការងារក្នុងទឹកដីថៃ។ ផុតពីថ្ងៃទី៣១ មីនានេះទៅ ពលករបរទេសទាំងអស់ នឹងប្រឈមមុខ ជាមួយចំណាត់ការតាមផ្លូវច្បាប់របស់អាជ្ញាធរថៃហើយ។ នេះជាការបញ្ជាក់របស់ស្ថានទូតខ្មែរប្រចាំប្រទេសថៃ ដែលបានអំពាវនាវឲ្យពលករខ្មែរ មិនទាន់បំពេញឯកសារត្រឹមត្រូវនោះ ប្រញាប់ទៅបន្តសុពលភាពនៅការិយាល័យច្រកចេញ-ចូលតែមួយរបស់ភាគីថៃ តាមបណ្ដាខេត្ត-ក្រុងទាំងនោះ ឲ្យបានរួចរាល់មុនថ្ងៃទី៣១ មីនា។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតខ្មែរប្រចាំប្រទេសថៃ ចុះថ្ងៃទី១៩ មីនា បានបញ្ជាក់ដូច្នេះថា៖«ភាគីថៃនឹងបិទដំណើការសុពលភាពបណ្ណស្នាក់នៅ និងធ្វើការបណ្ដោះអាសន្ន (បណ្ណស៊ីជំពូ និងលិខិតបញ្ជាក់ទំនាក់ទំនងរវាងថៅកែ និងពលករ) នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ជាកំហិត។ ផុតកាលកំណត់បរិច្ឆេទថ្ងៃទី៣១ មីនា អាជ្ញាធរនឹងចាត់វិធានការយ៉ាងតឹងរឹងតាមច្បាប់ ចំពោះពលករបរទេសទាំងអស់ ដែលពុំមានច្បាប់អនុញ្ញាតឲ្យស្នាក់នៅ និងធ្វើការនៅប្រទេសថៃ»។

កន្លងមកក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំក្រុមការងារចល័ត និងមជ្ឈមណ្ឌលមួយចំនួនបន្ថែមទៀត ដើម្បីបង្កើនល្បឿនធ្វើឯកសារស្របច្បាប់ដល់ពលករខ្មែរ ។ ចំណែកភាគីថៃ ក៏បានកំណត់ទីតាំង ដើម្បីរៀបចំបញ្ជីឈ្មោះពលករខ្មែរ និងផ្ដល់ទិដ្ឋាការស្នាក់នៅ ហើយនិងទិដ្ឋាការការងារឲ្យពលករខ្មែរផងដែរ។ នេះបើតាមការបញ្ជាក់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា។ ក្រសួងការងារបានឲ្យដឹងថា មជ្ឈមណ្ឌលចំនួន៣កន្លែង ដែលក្រុមការងារចល័តចុះធ្វើឯកសារស្របច្បាប់ជូនដល់ពលករខ្មែរ គឺនៅទីក្រុងបាងកក ខេត្តរ៉ាកយ៉ង និងខេត្តសុងខ្លា។ ក្រសួងការងារបន្តថា ក្រុមការងារចល័តបានធ្វើលិខិតធ្វើដំណើរ(TD)និងបណ្ណពលករខ្មែរ ធ្វើការនៅបរទេស ( OCWC) ដោយក្នុងមួយថ្ងៃផ្ដល់ជូនពលករខ្មែរ ពី ១,៧០០ ទៅ១,៨០០នាក់។ បើតាមក្រសួងការងារធ្លាប់បញ្ជាក់កាលពីពេលថ្មីៗនេះ បច្ចុប្បន្ននៅសល់ពលករខ្មែរ ជាង៣០ម៉ឺននាក់ទៀត ដែលមិនទាន់រៀបចំឯកសារឲ្យស្របច្បាប់ប្រទេសថៃ។

កាលពីថ្ងៃទី៥ ខែមីនា នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងចំពោះការយឺតយ៉ាវក្នុងការផ្ដល់ឯកសារស្របច្បាប់ដល់ពលករបរទេសខុសច្បាប់រាប់សែននាក់ ដែលកំពុងធ្វើការនៅលើទឹកដីថៃ។ លោក ប្រាយុទ្ធ ខឹងបែបនេះ បន្ទាប់ពីមន្ត្រីក្រសួងការងារលោក Anurak Thossarat បានប្រាប់លោកថា ការងារផ្ដល់ឯកសារនេះមានដំណើការយឺត ព្រោះតែម៉ាស៊ីនស្កេនដើម្បីបញ្ជាក់អត្តសញ្ញាណពលករ មានមិនគ្រប់គ្រាន់។ លោក ប្រាយុទ្ធ ក៏បានគំរាមចាប់ខ្លួនពលករខុសច្បាប់ទាំងអស់ បើពួកគេមិនអាចបំពេញឯកសារឲ្យទាន់ការកំណត់នៅក្នុងខែមិថុនាទេនោះ។ បើតាមរដ្ឋមន្ត្រីក្រសួងការងារថៃ លោក Anurak ពលករចំនួន៩៨៨ ៧៩៨នាក់ បានចុះឈ្មោះបញ្ជាក់សញ្ជាតិរបស់ពួកគេរួចរាល់ហើយ ក្នុងនោះពលករមីយ៉ាន់ម៉ាមានចំនួន៧៨៤ ០៩១នាក់ កម្ពុជាចំនួន១៥៧២៣២នាក់ និងឡាវចំនួន៤៧ ៤៧៥នាក់។ នៅសល់ពលករចំនួនប្រមាណជិត៧សែននាក់ទៀត ដែលមិនទាន់ទៅបញ្ជាក់អត្តសញ្ញាណនៅឡើយ ហើយពួកគេមានពេលត្រឹមខែមិថុនាដើម្បីបំពេញឯកសារចាំបាច់ និងអាចបន្តធ្វើការនៅថៃបានពីរឆ្នាំដោយស្របច្បាប់៕

website_news/2018200303.txt · Last modified: 2018/03/20 14:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki