website_news:2018200304

អាជ្ញាធរថៃនឹងចាត់វិធានការ តាមច្បាប់ចំពោះ ពលករបរទេសដែលពុំមានច្បាប់ អនុញ្ញាឲ្យ ធ្វើការនិងស្នាក់ ក្នុងប្រទេសខ្លួន

https://www.dap-news.com/kh/ ថ្ងៃច័ន្ទ, ១៩ មិនា ២០១៨ 17:24 ដោយ: ដើមអម្ពិល ID:049

ភ្នំពេញ៖ អាជ្ញាធរថៃនឹងចាត់វិធានការ យ៉ាងតឹងរឹងតាមច្បាប់ ចំពោះពលករបរទេសទាំងអស់ ដែលពុំមានច្បាប់ អនុញ្ញាតឲ្យស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។ តាមសេចក្ដីប្រកាស ព័ត៌មាន របស់ស្ថានទូតនៃព្រះរាជណាចក្រកម្ពុជា ប្រចាំនៅព្រះរាជាណាច្រកថៃ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នេះ បានឲ្យដឹងថា “ភាគីថៃនឹងបិទការបន្តសុពលភាព ប័ណ្ណស្នាក់នៅ ធ្វើការ បណ្ណោះអាសន្ន (ប័ណ្ណស៊ីជំពូ និងលិខិតបញ្ជាក់ទំនាក់ទំនង រវាងថៅកែនិង ពលករ) នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ជាកំហិត។ ផុតកាលកំណត់បរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ អាជ្ញាធរថៃនឹងចាត់វិធានការ យ៉ាងតឹងរឹងតាមច្បាប់ ចំពោះពលករបរទេសទាំងអស់ ដែលពុំមានច្បាប់ អនុញ្ញាតឲ្យស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ”។

ជាមួយគ្នានេះ ស្ថានទូតនៃព្រះរាជណាចក្រកម្ពុជា ប្រចាំនៅព្រះរាជាណាច្រកថៃ ក៏បានអំពាវនាវ ដល់ពលករកម្ពុជាទាំងអស់ ដែលមិនទាន់បានបន្តសុពលភាព ប័ណ្ណស្នាក់នៅនិងធ្វើការបណ្ណោះអាសន្ន សូមមេត្តាប្រញាប់រួសរាន់ទៅបន្តសុពលភាព នៅការិយាល័យច្រកចេញចូលតែមួយ របស់ភាគីថៃ តាមបណ្ដាខេត្ត-ក្រុង ដែលបងប្អូនរស់នៅ និងធ្វើការឲ្យបានរួចរាល់ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។ សូមជម្រាបថា កាលពីពេលថ្មីៗនេះ អាជ្ញាធរថៃ ចាប់ពលករខ្មែរ ខុសច្បាប់បញ្ជូនតាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតមានចំនួន៣ ៦៨៤នាក់ (ស្ត្រី ១ ១៦០នាក់ និងកុមារ ២៨៦នាក់) ៕

website_news/2018200304.txt · Last modified: 2018/03/20 14:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki