website_news:2018200306

ចាប់ខ្លួនបានហើយ, ឃាតករដៃដល់ ចាក់សម្លាប់ពលករខ្មែរនៅ Pattaya

http://www.pheaktraprak.com/ March 20, 2018

កាលពីថ្ងៃច័ន្ទ ទី19 ខែមីនា ឆ្នាំ2018 កម្លាំងសមត្ថកិច្ចតម្រួត ក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី ប្រទេសថៃ បានបំបែកសំណុំរឿងក្តីករណីបុរសពលករខ្មែរមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវឃាតករដៃដល់ចាក់សម្លាប់ចំនួនប្រាំបួន កន្លែងនៅលើខ្លួនប្រាណ បណ្ដាលឱ្យជនរងគ្រោះដេកស្លាប់នៅក្បែរអាងទឹកមុខបន្ទប់ស្នាក់នៅកម្មករសំណង់របស់ក្រុមហ៊ុនមួយ ស្ថិតនៅSoi ប្រាក់ដំណាក់(5) សង្កាត់ណងព្រឺរ ស្រុកបាងឡាម៉ុង ខេត្តឈុនបុរី ប្រទេសថៃ កាលពីរាត្រីថ្ងៃសុក្រទី16 ខែមីនាឆ្នាំ2018កន្លងទៅថ្មីៗនេះ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចតម្រួតក្រុងប៉ាតាយ៉ា បានអោយដឹងថា ជនដៃដល់ដែលជាឃាតករមានឈ្មោះ វី អាយុ 24 ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាកម្មករសំណង់ធ្វើការនៅនឹងកន្លែងកើតហេតុ។ យោងតាមចម្លើយសារភាពរបស់ជនដៃដល់ដែលជាឃាតករបានប្រាប់ថា ជនរងគ្រោះដែលស្លាប់ទើបតែយ៉ាយមកធ្វើការនៅកន្លែងកើតហេតុបានប្រមាណជាង 10ថ្ងៃប៉ុណ្ណោះ ហើយនៅយប់កើតហេតុជនដៃដល់បានអង្គុយផឹកស្រាជុំគ្នាជាមួយអ្នកស្លាប់នៅមុខបន្ទប់ស្នាក់នៅក្បែរកន្លែងកើតហេតុ ហើយក្រោយមកកើតរឿងទាស់គ្នានៅក្នុងវង់ផឹកស៊ីធ្វើឲ្យជនដៃដល់ខឹងហើយមានចរិកជាបងធំប្រចាំកន្លែងទៀតនោះ បានងើបស្ទុះទៅចាក់ជនរងគ្រោះដែលកំពុងអង្គុយផឹកជាមួយគ្នាបណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ បន្ទាប់មកជនរងគ្រោះបានរត់មកដួលស្លាប់នៅក្បែរអាងទឹកមុខបន្ទប់ស្នាក់កើតហេតុខាងលើ ក្រោយពេលកើតហេតុជនដៃដល់បានរត់គេចខ្លួនភ្លាម ទៅស្នាក់បណ្ដោះអាសន្នជាមួយមិត្តភក្តិជាពលករខ្មែរដូចគ្នាដែលកំពុងធ្វើការនៅម្ដុំតំបន់ឧស្សាហកម្ម(និគមឡែមច្បាំង) ស្រុកស៊ីរាចឆា ខេត្តឈុនបុរី បន្ទាប់មកត្រូវកម្លាំងសមត្ថកិច្ចតម្រួតក្រុងប៉ាតាយ៉ាតាមទៅចាប់ខ្លួនបាន ជាមួយនឹងវត្ថុតាងដែលបង្កហេតុរួមមានដែកឆាបមចំនួន 01 ដើម និងសំលៀកបំពាក់ដែលពាក់នៅយប់ថ្ងៃកើតហេតុផងដែរ។

ក្រោយពេលឃាត់ខ្លួនជនដៃដល់ជាឃាតករត្រូវបានកម្លាំងសមត្ថកិច្ចតម្រួតក្រុងប៉ាតាយ៉ា នាំខ្លួនយកទៅធ្វើសកម្មភាពបង្ហាញនៅកន្លែងកើតហេតុ ដោយមានការចូលរួមសង្កេតការណ៍ពីសំណាក់បងប្អូនពលករខ្មែរដែលស្នាក់នៅទីនោះយ៉ាងច្រើនកុះករផងដែរ បន្ទាប់ពីធ្វើសកម្មភាពបង្ហាញរួចជនដៃដល់ត្រូវបានសមត្ថកិច្ចថៃបញ្ជូនយកទៅឃុំខ្លួនទុកនៅអធិការដ្ឋានតម្រួតក្រុងប៉ាតាយ៉ា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2018200306.txt · Last modified: 2018/03/20 14:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki