website_news:2018200308

អាជ្ញាធរខេត្តបន្ទាយមានជ័យជំរុញពង្រឹងសន្តិសុខសណ្តាប់ធ្នាប់និងទប់ស្កាត់ការរត់ពន្ធទំនិញខុសច្បាប់

http://www.akp.gov.kh/ AKP បន្ទាយមានជ័យ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨

អាជ្ញាធរខេត្តបន្ទាយមានជ័យបានជំរុញដល់អាជ្ញាធរ សមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ឱ្យបន្តបង្កើនការយកចិត្តទុកដាក់ក្នុងការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ទាំងក្នុងភូមិសាស្ត្រ និងតាមបណ្តោយព្រំដែនទប់ស្កាត់ការរត់ពន្ធទំនិញឆ្លងដែនខុសច្បាប់ដើម្បីធានាសុវត្ថិភាពបានកាន់តែល្អប្រសើរថែមទៀតដល់ភាពសុខសាន្ត ការរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើនចំណូលថវិការដ្ឋ។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកាលពីរសៀលថ្ងៃចន្ទ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ អភិបាល ខេត្តបន្ទាយមាន ជ័យ ឯកឧត្តម សួន បវរអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ក្រើនរម្លឹកដល់ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក-ក្រុង និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធទាំងអស់ ត្រូវ បន្តពង្រឹងការរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាពិសេសនោះនៅក្នុងពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនាពេលខាងមុខនេះ។ ចំពោះការងារសន្តិសុខតាមតំបន់ព្រំដែន ត្រូវបន្តយកចិត្តទុកដាក់អនុវត្តន៍តាមគោល នយោបាយរបស់រាជរដ្ឋាភិបាល រក្សាឱ្យបានព្រំដែនស្ថិរភាព សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ រក្សាបាននូវបូរណភាពទឹកដី និងបានប្រែក្លាយតំបន់ទាំងនោះជាតំបន់ ពាណិជ្ជកម្មដ៏មានសារៈសំខាន់និងជាតំបន់ដ៏មានសក្តានុពលក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឆ្លងកាត់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលកំពុងតែមានកំណើននោះ។

ឯកឧត្តមអភិបាលខេត្តបានជំរុញដល់អាជ្ញាធរស្រុក-ក្រុង ឃុំ-សង្កាត់សមត្ថកិច្ចពាក់ព័ន្ធត្រូវយកចិត្តទុកដាក់រួមសហការគ្នាបន្តចុះពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ធ្វើការចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកតាមមូលដ្ឋាន ការចុះត្រួតពិនិត្យការប្រើ ប្រាស់អាវុធជាតិផ្ទុះខុសច្បាប់ បង្ក្រាបបទល្មើសផ្សេងៗរួមមាន៖គ្រឿងញៀន ចោរលួច ចោរ ប្លន់ ល្បែងស៊ីសង ជាដើម។ ឯកឧត្តម សួន បវរ បានបន្តទៀតថា ត្រូវខិតខំប្រែក្លាយនគរបាលប៉ុស្តិ៍ឱ្យទៅជានគរ បាលសហគមន៍ក្នុងគោលដៅធ្វើឱ្យកាន់តែល្អប្រសើរការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ និងពង្រីកបន្ថែមកម្លាំងប្រជាការពារដែលមានសារៈសំខាន់ក្នុងការចូលរួមអាចជួយក្នុងការពង្រឹងសន្តិសុខ នៅតាមមូលដ្ឋានបានទាន់ពេលនោះ។ ពាក់ព័ន្ធការទប់ស្កាត់ទំនិញគេចពន្ធនោះ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបាន ឱ្យដឹងដែរថា នៅខេត្តបន្ទាយមានជ័យ ក្រៅពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត យើងមានទីស្នាក់ ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ បឹងត្រកួន សម្រាប់ដល់ការធ្វើពាណិជ្ជកម្មនាំទំនិញ ចេញ-ចូលតាមតំបន់នីមួយៗ និងមានច្រករបៀងនៅតាមបណ្តោយព្រំដែននេះជាបញ្ហាលំបាក ហើយទាមទារដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងតាមព្រំដែន និងសមត្ថកិច្ចជំ នាញត្រូវតែបន្តរួមគ្នាបង្កើនការទប់ស្កាត់ នូវការរត់ពន្ធទំនិញខុសច្បាប់ ទំនិញគេចពន្ធ ទំនិញខូចគុណភាព ការនាំពលករតាមរយៈមេខ្យល់ដោយគ្មានច្បាប់ត្រឹមត្រូវ ពិសេសការជួញដូរស្ត្រី និងកុមារ គ្រឿងញៀន ចោរលួច ចោរប្លន់ឆ្លងដែនឃាដកម្ម និងភេរវកម្មឆ្លងដែនជាដើម៕ ដោយ ឈុន សារ៉ាត

website_news/2018200308.txt · Last modified: 2018/03/20 14:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki