website_news:2018200309

ចុះពន្យារសុពលភាពលិខិតឆ្លងដែន អាចជួយពលរដ្ឋខ្មែរ បានច្រើនយ៉ាងនៅកូរ៉េ

http://www.cen.com.kh/ March 20, 2018

កូរ៉េខាងត្បូង ៖ ការចុះពន្យារសុពលភាពលិខិតឆ្លងដែន ជូនបងប្អូនប្រជាពលរដ្ឋនៅកូរ៉េ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ តែងតែអនុវត្តជាប្រចាំ ហើយ ការងារនេះវាមិនមែនគ្រាន់តែជាការជួយកាត់បន្ថយការលំបាកក្នុងការធ្វើដំណើរ ពេលវេលាដល់បងប្អូនប៉ុណ្ណោះទេ តែវាក៏ជាការបើក វេទិកាសាធារណៈពិគ្រោះយោបល់មួយ ដើម្បីបានយល់ពីសុខទុក្ខ ការបកស្រាយចម្ងល់នានា ដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនបងប្អូនខ្មែរយើងបានមួយកម្រិតទៀតផងដែរ។

នេះជាការលើកឡើងរបស់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្នុងកម្មវិធីចុះផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ ប្រឹក្សាយោបល់ផ្នែកច្បាប់ការងារ កាលពីថ្ងៃអាទិត្យទី១៨ ខែមីនា ឆ្នាំ២០១៨ នាទីក្រុងអ៊ុយចងប៊ូ ខេត្តខ្យងគី។ លោកបន្តថា យ៉ាងហោចណាស់ការងារនេះវា បានជួយសម្រួលដល់បងប្អូនពលករខ្មែរបានចំនួន ៩៥នាក់ ពុំចាំបាច់ចំណាយពេលវេលា និងថ្លៃធ្វើដំណើរមកបន្ដប៉ាស្ព័រនៅស្ថានទូត និងបានផ្សព្វផ្សាយច្បាប់ការងារ និងបើកវេទិការពិគ្រោះយល់បល់ជាមួយបងប្អូនពលករប្រមាណ ១៥០នាក់ ពាក់ព័ន្ធនឹងស្ថានភាពរស់នៅ និងបញ្ហាប្រឈមរបស់ពលករខ្មែរដែលកំពុងបម្រើការនៅសាធារណរដ្ឋកូរ៉េ ដើម្បីស្វែងរកដំណោះស្រាយជាមួយស្ថាប័នពាក់ព័ន្ធ៕ ដោយ ៖ បញ្ញាស័ក្តិ

website_news/2018200309.txt · Last modified: 2018/03/20 14:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki