website_news:2018200310

ស្តាប់សម្តីពលករខ្មែរ ពិតជាអាណិតពន់ពេកណាស់

https://kohsantepheapdaily.com.kh ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៨ម៉ោង ០៩:៥៧ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ ក្នុងសភាពដូចអស់សង្ឃឹមអង្គុយម្នាក់ឯងរហូតទល់យប់នៅបរិវេណវត្តបាលិលេយ្យ ស្ថិតក្នុងភូមិក្បាលស្ពាន2 សង្កាត់ប៉ោយប៉ែត ក្រោយសួរនាំទើបដឹងការពិត និងអាណិតជាពន់ពេក គឺពលករម្នាក់ ទើបត្រូវគេបញ្ជូនពីថៃមក តែគ្មានប្រាក់ធ្វើសាហ៊ុយទៅស្រុកកំណើតទេ។ ពលករដ៏គួរឱ្យអាណិតខាងលើនេះឈ្មោះ វន រដ្ឋា ភេទប្រុស អាយុ30ឆ្នាំ ជាកម្មករសំណង់នៅបាងកក ប្រទេសថៃ និងមានទីលំនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ពេលឃើញពលកររូបនេះអង្គុយលេងនៅបរិវេណវត្តខាងលើដោយអស់សង្ឃឹមរហូតដល់យប់ ដោយមានសង្ស័យភ្នាក់ងារកោះសន្តិភាពក៏សាកសួរទើបដឹងរឿងពិត គឺពលកររូបនេះអះអាងថា រូបគាត់ទើបត្រូវគេបញ្ជូនតាមរថយន្តទ្រុងរបស់ថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីយប់ថ្ងៃទី18 មីនា បន្ទាប់ពីជាប់គុកធំ(ស៊ូនប្លូ) របស់ថៃអស់ជាង10ថ្ងៃ ។ ដោយសារគាត់ឆ្លងព្រំដែនពីខេត្តបន្ទាយមានជ័យតាមរយៈមេខ្យល់អស់ប្រាក់2700បាតនាំទៅធ្វើការជាកម្មករសំណង់នៅក្រុងបាងកកបានប្រហែល1ខែ។ ហើយការងារសំណង់នោះ ដោយខ្លួនមិនសូវចេះក៏ត្រូវថៅកែថៃដេញឲ្យឈប់ ប៉ុន្តែមិនបានប្រាក់សូម្បី1បាត ខណៈកំពុងដើររករថយន្តជិះត្រឡប់មកស្រុកចំណុចចំណតរថយន្ត (ម៉ឈីត) ស្រាប់តែតម្រួតថៃចាប់ដាក់គុកស៊ូនប្លូអស់ជាង10ថ្ងៃ ទើបតែបញ្ជូនត្រឡប់មកវិញ។

អ្វីដែលគួរឲ្យអាណិតបំផុតនោះពលករខាងលើអះអាងថា យប់ថ្ងៃ18 មីនានោះ ពេលសមត្ថកិច្ចថៃបញ្ជូនដល់ទីតាំងទទួលពលករក្នុងក្រុងប៉ោយប៉ែត ខណៈដើរចេញពីទីនោះខ្លួនបានទៅអង្គុយលេងនៅចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតមួយយប់ទល់ភ្លឺ ព្រោះតែគ្មានប្រាក់ធ្វើដំណើរត្រឡប់ទៅស្រុកវិញ ពិសេសថ្លៃផ្ទះសំណាក់ ឬសណ្ឋាគារ។ មិនតែប៉ុណ្ណោះនៅថ្ងៃទី១៩ បន្តសម្រាកនៅវត្តបាលិលេយ្យមួយថ្ងៃទល់យប់បន្តទៀត។ យ៉ាងណាក៏ដោយតាមរយៈអ្នកយកព័ត៌មានកោះសន្តិភាព និងព្រះច័ន្ទកម្ពុជា ពលកររូបនេះត្រូវបានសាខាលក់សំបុត្ររថយន្តក្រុងជួយសំបុត្ររថយន្តក្រុង1សន្លឹក ដើម្បីបន្តដំណើរទៅស្រុកកំណើតជួបមុខប្រពន្ធ និងកូន ។ ក្រៅពីនេះដោយមើលឃើញពីការខ្វះខាត ព្រះសង្ឃគង់នៅវត្តបាលិលេយ្យព្រះនាម ម៉ាឡៃ និងអ្នកព័ត៌មាន ក៏បានជួយជាថវិកាដល់ពលកររូបនេះមួយចំនួន ដើម្បីបានទិញនំចំណីហូបតាមផ្លូវទៀតផង៕

website_news/2018200310.txt · Last modified: 2018/03/20 15:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki