website_news:2018200402

អាជ្ញាធរខេត្តបាត់ដំបង នឹងបើកទីតាំងធ្វើប័ណ្ណ ព្រំដែន កម្ពុជា-ថៃ ១កន្លែងទៀត

https://www.dap-news.com/kh/ ថ្ងៃសុក្រ, ២០ មេសា ២០១៨ 12:26 ដោយ: រិទ្ធិ ជ័យ ID:115

បាត់ដំបង៖ រដ្ឋបាលនៃសាលាខេត្តបាត់ដំបង នឹងបើកទីតាំងធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ (ហ្វត់ឌឺផាស់) ១កន្លែងទៀត នៅក្នុងស្រុកសំពៅលូន ដើម្បីបំពេញតម្រូវការពលរដ្ឋ ខណៈពួកគាត់កំពុងសម្រុក ទៅធ្វើនៅសាលាខេត្ត កាន់តែមានចំនួន ច្រើនឡើងនិងមានការកកស្ទះ ។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍ថា ទីតាំងគ្រោងបើកបន្ថែម នៅស្រុកសំពៅលូននោះ ធ្វើនៅការិយាល័យច្រកចេញចូលតែមួយ ហើយបង្កភាពងាយស្រួលដល់ពលរដ្ឋ អាចទៅធ្វើនៅទីនោះបាន មិនចាំបាច់មកធ្វើដល់សាលាខេត្តទេ ។ លោកបន្តថា គម្រោងនេះ នឹងបើកនាពេលឆាប់ៗខាងមុខ ដោយបច្ចុប្បន្នរដ្ឋបាលខេត្តកំពុងរៀបចំឲ្យមន្ត្រីជំនាញ ទៅបណ្ដុះបណ្ដាលមន្ត្រីនៅស្រុកសំពៅលូនជាមុនសិន ទើបចូលធ្វើការងារនេះបាន ដោយមន្ត្រីទាំងអស់នោះ ត្រូវធ្វើការតាមប្រព័ន្ធកុំព្យូទ័រ ។ បន្ថែមពីលើនេះទៀត អភិបាលរងខេត្តថា មុននឹងអាចធ្វើប័ណ្ណនេះបាន ទាល់តែមានឯកសារ៣ គឺអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសំបុត្រកំណើត ហើយចំណាយ ២០០០០រៀល ទើបអាចចូលទៅថៃ ត្រឹមខេត្តត្រាត ខេត្តច័ន្ទបុរី និងខេត្តស្រះកែវ មានសុពលភាពត្រឹម៧ថ្ងៃ ពេលតមិនចាំបាច់មកដល់សាលាខេត្តនោះទេអាចធ្វើតាមព្រំដែនបាន ហើយអាចប្រើប្រាស់បានចំនួន២ឆ្នាំ ។ លោក សឿម ប៊ុនរិទ្ធិ បានបញ្ជាក់ថា ប័ណ្ណព្រំដែនកម្ពុជា-ថៃនេះ ប្រើប្រាស់ខុសពីលិខិតឆ្លងដែន ព្រោះបើចូលតាមច្រកណា ត្រូវចេញមកវិញតាមច្រកនោះ មិនដូចលិខិតឆ្លងដែន បើជិះយន្តហោះទៅហើយអាចជិះរថយន្តចេញ តាមច្រកណាមួយក៏បាន ។

បើតាមប្រជាពលរដ្ឋ ដែលមកធ្វើប័ណ្ណនេះ បានលើកឡើងថាពួកគាត់សប្បាយចិត្ត ដែលរាជរដ្ឋាភិបាល បានសម្រួលឲ្យពួកគាត់ធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃនេះចំណាយថវិកាអស់តិចទោះបីជាមានរយៈពេលខ្លី និងអាចប្រើបានតាមខេត្តរបស់ប្រទេសថៃបានអនុញ្ញាត តែក៏បានជួយពួកគាត់ច្រើនដែរ ក្នុងការចូលទៅថៃ រកការងារ ឬធ្វើជំនួញអ្វីមួយ ។ គួរបញ្ជាក់ថា ពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១៩ ខែមេសា មានពលរដ្ឋមកធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ ចំនួន៦៤៥១នាក់ ៕

website_news/2018200402.txt · Last modified: 2018/04/20 14:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki