website_news:2018200404

ក្រសួងការងារ បិទក្រុមហ៊ុនជ្រើសរើសពលករគ្មានអាជ្ញាប័ណ្ណមួយ

https://www.postkhmer.com/ យន់ ស៊ីនាត and Daphne Chen | Publication date 20 April 2018 | 14:43 ICT

ភ្នំពេញៈ ក្រសួងការងារ បានបិទទីភ្នាក់ងារជ្រើសរើសពលករគ្មានអាជ្ញាប័ណ្ណមួយ ដែលកុហកថា ទទួលបានអាជ្ញាប័ណ្ណក្នុងការបញ្ជូនពលករទៅធ្វើការនៅប្រទេស ម៉ាឡេស៊ី ថៃ ហុងកុង និងប្រទេសជប៉ុន។ នៅក្នុងសេចក្តីប្រកាសមួយ កាលពីថ្ងៃទី ១៩ ខែមេសាឆ្នាំ ២០១៨ ក្រសួងបានថ្លែងថា ក្រុមហ៊ុន CJ Labour Supply Co, Ltd បាន «កុហកនិងបោកប្រាស់សាធារណជន» នៅក្នុងការប្រកាសថា ក្រុមហ៊ុន ទទួលបានអាជ្ញាប័ណ្ណជ្រើសរើសពលករចំណាកស្រុកពីក្រសួង។ មានសេចក្តីលម្អិតតិចតួចប៉ុណ្ណោះ អំពីទីភ្នាក់ងារនេះ ដែលមិនត្រូវបានបញ្ចូលនៅក្នុងបញ្ជីថ្មីៗ របស់ក្រសួងដែលមានទីភ្នាក់ងារជ្រើសរើសពលករចំនួន ៩៣ ដែលត្រូវបានអនុញ្ញាត ឬនៅក្នុងទិន្នន័យ ចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មិនបានឆ្លើយតបនឹងសារអំពីទីភ្នាក់ងារនេះទេ កាលពីថ្ងៃទី ១៩ ខែមេសា។

រូបថតនៃវិញ្ញាបនបត្រពន្ធដារ ដែលប្រើដោយក្រុមហ៊ុន CJ Labour Supply ដែលឃើញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីសប្តាហ៍មុន បានកំណត់អត្តសញ្ញាណបុរសម្នាក់ឈ្មោះ ស៊ុន សីហា ថា ជាម្ចាស់ក្រុមហ៊ុននេះ ប៉ុន្តែនៅពេលទាក់ទងកាលពីថ្ងៃទី១៩ ខែមេសា លោក សីហា បានបដិសេធថា លោកមិនបានដឹង អំពីក្រុមហ៊ុននេះទេ។ លោកបានថ្លែងតាមសារថា៖ «ខ្ញុំមិនមែនជាម្ចាស់ក្រុមហ៊ុននេះទេ»។ «វាជាឈ្មោះរបស់ខ្ញុំ និងរូបរបស់ខ្ញុំ ប៉ុន្តែខុសក្រុមហ៊ុន។ ប្រសិនបើអ្នកចង់ទទួលបានការបញ្ជាក់ សូមទៅប៉ុស្តិ៍នគរបាលជាមួយខ្ញុំ ដើម្បីសួរបញ្ជាក់»។

អ្នកតស៊ូមតិ ដើម្បីសិទ្ធិការងារ ធ្លាប់បានរិះគន់កំណត់ត្រារបស់រដ្ឋាភិបាល ស្តីពីការអនុវត្តច្បាប់ទៅលើទីភ្នាក់ងារជ្រើសរើសពលករ ដែលមិនល្អ។ លោក មឿន តុលា នាយកប្រតិបត្តិនៃអង្គការ Central បានថ្លែងថា លោកពិបាកនិយាយ ថាតើទង្វើនេះវិជ្ជមានឬអត់។ លោកថ្លែងថា៖ «ពួកគេតែងតែស៊ីត្រីតូច ហើយទុកត្រីធំ បំពានសិទ្ធិកម្មករនិងច្បាប់»។

កាលពីដើមខែមេសានេះ ក្រសួងការងារ បានផ្តល់អាជ្ញាប័ណ្ណដល់ទីភ្នាក់ងារជ្រើសរើសពលករថ្មីមួយ ដែលដឹកនាំដោយបុរសម្នាក់ ដែលកាលពីមុនធ្លាប់រត់គេចចេញពីប្រទេស បន្ទាប់ពីរដ្ឋាភិបាល រកឃើញថា គាត់បានជ្រើសរើសស្រ្តីបម្រើការងារតាមផ្ទះមិនទាន់គ្រប់អាយុ និងឃុំខ្លួនពួកគេដោយខុសច្បាប់ នៅក្នុងមណ្ឌលបណ្តុះបណ្តាលដែលមានលក្ខណៈដូចគុក៕ PS

website_news/2018200404.txt · Last modified: 2018/04/20 16:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki