website_news:2018200803

អាជ្ញាធរខណ្ឌដូនពេញចុះណែនាំម្ចាស់សណ្ឋាគារភ្នំពេញទី១ឱ្យបញ្ឈប់ជាបន្ទាន់ការចែករូបភាពអាសអាភាស និងបញ្ឈប់ការធ្វើអាជីវកម្ម

https://khmeread.com/ August 18, 2018 05:23PM

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចចុះបិទទីតាំងម៉ាស្សា«ភ្នំពេញទីមួយ» និងតាមស្វែងរកចាប់ខ្លួនក្រុមដែលចែកខិត្តប័ណ្ណមានរូបស្រើបស្រាល ដើម្បីធ្វើការសាកសួរ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។ ការដាក់បទបញ្ជានេះ គឺធ្វើឡើងក្រោយពីមានការរិះគន់តាមបណ្ដាញសង្គមហ្វេសប៊ុក ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ។

នៅព្រឹកថ្ងៃទី១៨ សីហានេះ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះដល់ទីតាំងសណ្ឋាគារភ្នំពេញទី១ ដែលទើបនឹងសាងសង់រួចរាល់ ស្ថិតនៅទល់មុខសណ្ឋាគារកាំបូឌីយ៉ា ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញបាននិយាយថា«គណបញ្ជាការឯកភាពខណ្ឌ បានចុះណែនាំម្ចាស់ទីតាំងឱ្យបញ្ឈប់ជាបន្ទាន់ពីការចែករូបភាពអាសអាភាស ដែលនាំឱ្យមានផលប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីខ្មែរ និងបញ្ឈប់ការធ្វើអាជីវកម្មទៅលើទីតាំងខាងលើ រង់ចាំមានច្បាប់អនុញ្ញាតជាមុនសិន ទើបសម្រេចជាក្រោយ»។

គួររំលឹកថា ខិត្តប័ណ្ណរូបស្រីចិនស្លៀកស៊ិចស៊ីបង្ហាញភាពស្រើបស្រាល និងរូបបុរសចិនស្រាតននលគោកជាច្រើនសន្លឹក ត្រូវបានដើរចេញនៅតាមតំបន់សំខាន់មួយចំនួន នៅក្នុងរាជធានីភ្នំពេញ និងតាមទីសាធារណៈផ្សេងៗមួយចំនួនទៀត ដែលធ្វើឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុងខិត្តប័ណ្ណបែបនេះ គឺនាពេលកន្លងមកត្រូវបានដើរចែកយ៉ាងអនាធិបតេយ្យនៅក្នុងខេត្តព្រះសីហនុ ដែលជាខេត្តទេចរណ៍មួយសម្បូរទៅដោយភ្ញៀវទេសចរចម្រុះជាតិសាសន៍ ជាពិសេសជនជាតិចិនច្រើនជាងគេ។ ប៉ុន្តែករណីនេះ ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនក្រុមអ្នកដើរចែក និងឈានទៅដល់ការបង្ក្រាបអ្នកប្រព្រឹត្តថែមទៀតផង។

បើតាមខិត្តប័ណ្ណដែលទទួលបាន គឺនៅក្នុងខិត្តប័ណ្ណនោះមានផ្ទៃពណ៌ផ្កាឈូក មានសរសេរអក្សរខ្មែរ “ភ្នំពេញទីមួយ” និងមានសរសេរអក្សរចិន និងអង់គ្លេស (Health massage) អមជាមួយ និងថែមទាំងមានដាក់លេខទូរស័ព្ទទំនាក់ទំនងថែមទៀតផង។ ជាពិសេសគឺបានដាក់រូបស្រីចិនស្លៀកពាក់ស៊ិចស៊ីលេចលើលេចក្រោម ដែលបង្ហាញពីភាពស្រើបស្រាល។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឹនៅក្នុងខិត្តប័ណ្ណនោះ ក៏មានដាក់រូបបុរសចិនស្រាតននលគោក បម្រើសេវាម៉ាស្សាផងដែរ។

បើតាមស្ត្រីអ្នកបកប្រែនៅហាង ភ្នំពេញទីមួយ បានថ្លែងថា ខិត្តប័ណ្ណនេះ ចែកផ្សព្វផ្សាយអំពីការម៉ាស្សាសម្រាប់ ដោយក្នុងតម្លៃ ៧៥នាទី ថ្លៃ១៨០ដុល្លារ។ ហើយហាងភ្នំពេញទីមួយ នឹងបើកដំណើរការនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ៕

website_news/2018200803.txt · Last modified: 2018/08/20 15:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki