website_news:2018200806

ជប៉ុន ជ្រើសរើសអ្នកថែទាំបន្ថែម ពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣

http://kleykley.sabay.com.kh/ ថ្ងៃនេះ ម៉ោង ០៩:៥៤

រដ្ឋាភិបាលជប៉ុន នឹងធ្វើការជ្រើសរើសអ្នកថែទាំ មកពីប្រទេស ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម ដែលអាចនិយាយភាសាជប៉ុនបានល្អ ចាប់ពីខែមេសា ឆ្នាំ២០១៩ តទៅ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយទីក្រុងតូក្យូ។ ការសម្រេចនេះ គឺដោយសារកង្វះកម្លាំងពលកម្ម នៅក្នុងប្រទេសជប៉ុន។ ជប៉ុន នឹងជ្រើសរើសអ្នកថែទាំចំនួន ៣០០នាក់ ពីប្រទេសនីមួយៗ ក្នុងមួយឆ្នាំ។ ចំនួនអ្នកចង់ធ្វើការជាអ្នកថែទាំនៅជប៉ុន កំពុងកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជប៉ុន នឹងជួបវិបត្តិខ្វះអ្នកថែទាំ ជាង ៣៤ម៉ឺននាក់ នៅត្រឹមឆ្នាំ២០២៥ ស្របពេលដែលប្រជាពលរដ្ឋជប៉ុនដែលកើតក្នុងជំនាន់ដែលមានទារកកើតច្រើន ឈានដល់អាយុ៧៥ឆ្នាំ ឬចាស់ជាងនេះ។

សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បានជួយឲ្យប្រជាជនប្រទេស ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម ទទួលបានការងារជាអ្នកថែទាំ នៅប្រទេសជប៉ុន ប្រហែល ៤៣០០នាក់។ ពួកគេអាចធ្វើការងារនេះរយៈពេល ៣ឆ្នាំ និងអាចចូលសិក្សាដើម្បីធ្វើការប្រឡង អំឡុងការស្នាក់នៅប្រទេសជប៉ុនរយៈពេល ៤ឆ្នាំ។ ប្រសិនបើប្រឡងជាប់ ពួកគេអាចបន្តការងាររបស់ពួកគេទៀតបាន៕

website_news/2018200806.txt · Last modified: 2018/08/20 15:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki