website_news:2018201101

សម្ដេចតេជោ ហ៊ុន សែន ស្នើដល់ក្រសួងអប់រំ និងក្រសួងសង្គមកិច្ច ត្រៀមទទួលយក មជ្ឈមណ្ឌលនានាក្រោយពេលជំនួយបរទេសដកថយ

http://akpnews.info/kh/ AKP ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ស្នើឱ្យក្រសួងអប់រំយុវជន និងកីឡា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតត្រៀមទទួលយកដូចជា មជ្ឈមណ្ឌលកុមារកំព្រា។ល។ ដើម្បីមកទទួលរ៉ាប់រងដោយខ្លួនឯង ក្រោយពេលដែលជំនួយរបស់បរទេសបានដកថយ ទៅកាន់កន្លែងផ្សេងនោះ

ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីបានធ្វើឡើង ក្នុងខណៈដែលសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ព្រមទាំងរៀបចំអាហារជូនកុមារពិការគ-ថ្លង់ និងកុមារកំព្រា មកពីសាលាគ្រួសារថ្មី និងមណ្ឌលកុមារកំព្រានានាក្នុងរាជធានីភ្នំពេញ ចំនួន៨៧៨នាក់ នាព្រឹកថ្ងៃអាទិត្យ១១ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងទាក់ទងជាមួយនឹងជំនួយរបស់បរទេសដែលកំពុងជួយលើវិស័យមួយចំនួននៅកម្ពុជាថា ពេលដែលក្ខខណ្ឌសេដ្ឋកិច្ចនៅកម្ពុជាកើនឡើងអ្នកផ្ដល់ជំនួយគេនឹងដកថយជំនួយនោះ ទៅឱ្យប្រទេសដទៃដែលមិនមានលក្ខខណ្ឌអនុគ្រោះដូចកម្ពុជា។ សម្ដេចតេជោបានបញ្ជាក់ថា “ប្រទេសយើងគ្រាន់តែបញ្ហាខ្ចីលុយគេ បើយើងនៅក្រ ខ្ចីលុយគេត្រឹមអាត្រាការប្រាក់សម្បទាន ប៉ុន្តែបើយើងឡើងឋានៈក្លាយទៅជាប្រទេសដែលមានចំណូលសមល្មមហើយ គឺយើងខ្ចីលុយគេត្រូវទទួលអាត្រាការប្រាក់ពាណិជ្ជកម្មតែម្ដង ព្រោះភាពអនុគ្រោះទាំងឡាយ ត្រូវបានផ្ដល់តែប្រទេសអភិវឌ្ឍន៍តិចតួចតែប៉ុណ្ណោះ”។ សម្ដេចតេជោបានបន្ដថា ពេលដែលមានការកើនឡើងសេដ្ឋកិច្ច គឺគេនឹងដកថយ ដើម្បីផ្ទេរជំនួយនោះទៅកាន់ទីកន្លែងផ្សេងដែលមានការលំបាក។ ដូច្នេះទាំងផ្នែកសង្គមកិច្ច ទាំងផ្នែកអប់រំ ត្រូវត្រៀមទទួលយកនៅបណ្ដាមជ្ឈមណ្ឌលទាំងឡាយ ដើម្បីយើងទទួលរ៉ាប់រងខ្លួនឯង។ សម្ដេចតេជោបានអះអាងថា ហេតុនេះហើយបានជាទំហំថវិកាទៅលើវិស័យអប់រំ វិស័យសុខាភិបាល វិស័យសង្គមកិច្ច កាន់តែធំទៅៗ ហើយដែលនេះគឺជាការទទួលរបស់យើងចំពោះប្រទេសមួយនេះ។

នៅក្នុងពិធីនោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់លើបញ្ហាស្ត្រីមានផ្ទៃពោះ និងស្ត្រីឆ្លងទន្លេ ទៅក្នុងគោលនយោបាយគាំពារសង្គម ដែលក្នុងនោះ កត្តាអាហារូបត្ថម្ភវាក៏អាចជួយ ដើម្បីជំនះនូវការលំបាកទាក់ទងជាមួយ និងស្ថានភាពទារកដែលកើតឡើងក្លាយទៅជាជនពិការតាំងពីកំណើត។ ទន្ទឹមនេះ យើងចង់ឱ្យប្រជាពលរដ្ឋរបស់យើង កើតមកមានកាយសម្បទាល្អ មានបញ្ញាឈ្លាសវៃ ដែលអាចឈានទៅរកប្រទេសមួយដែលមានការរីកលូតលាស់។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបន្តការដាស់តឿនដល់កុមារគ ថ្លង់ទាំងអស់ត្រូវខិតខំរៀនសូត្រ បើទោះបីជាកាយសម្បទា មិនគ្រប់គ្រាន់ក្ដី ក៏ប៉ុន្តែការមិនគ្រប់គ្រាន់ខាងកាយសម្បទានាសម័យនេះ បើសិនជាយើងចេះជម្នះវា ការមិនគ្រប់គ្រាន់ខាងកាយសម្បទានោះ វាមិនមែនជាឧបសគ្គនៃការអភិវឌ្ឍខ្លួននោះទេ។ សម្ដេចតេជោបានបន្ថែមថា ព្រោះឥឡូវនេះ វាមានអក្សរស្ទាប និងកាបកប្រែភាសាជាកាយវិការ ដែលធ្វើឱ្យកុមារ គ ថ្លង់ និងពិការភ្នែកមួយ ចំនួន បានទទួលការបណ្ដុះបណ្ដាលរហូតទៅដល់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ដែល បច្ចុប្បន្ននេះមានកុមារ គ ថ្លង់ មួយចំនួនកំពុងធ្វើការនៅស្ថាប័នរដ្ឋ និងវិស័យឯកជនផងដែរ។ សម្ដេចតេជោក៏បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ និងលោកគ្រូ អ្នកគ្រូ ឱ្យបន្តការយកចិត្តទុកដាក់ ក្នុការថែទាំ កុមារ គ ថ្លង់ទាំងអស់ឱ្យបានល្អ ដើម្បីឱ្យពួកគេទទួលបានការអប់រំមួយខ្ពស់ និងអាចម្ចាស់ការលើខ្លួនឯងបាននាពេលអនាគត៕ ដោយ ជឹម ណារី

website_news/2018201101.txt · Last modified: 2018/11/20 13:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki