website_news:2018201104

ក្រសួងការបរទេស៖ អនុស្សរណៈស្តីពីការ ធ្វើមាតុភូមិនិវត្តន៍ របស់ពលរដ្ឋខ្មែរពីអាមេរិកនៅតែបន្ត

https://www.dap-news.com/ ByID:030 Posted on 19 November 2018 | 19:49

ភ្នំពេញ៖ លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការ បរទេសខ្មែរបាន បញ្ជាក់ថាការទទួលយកពលរដ្ឋខ្មែរ ដែលបានប្រព្រឹត្តខុស ច្បាប់ហើយផុតទោស នៅអាមេរិកនៅតែបន្តជានិច្ចពោល គឺគ្មានការលុបចោល អនុស្សារណៈ (MOU) ស្តីពីការធ្វើមាតុភូមិនិវត្តន៍ របស់ពលរដ្ឋខ្មែរ ពីអាមេរិកនោះទេ។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា និងអាមេរិកបានចុះអនុស្សារណៈ (MOU) ស្តីពីការធ្វើមាតុភូមិនិវត្តន៍ របស់ពលរដ្ឋខ្មែរពីអាមេរិកកាលពីឆ្នាំ២០០២។ ហើយក្នុងចំណោមពលរដ្ឋខ្មែរ-អាមេរិកកាំងដែលត្រូវបានរដ្ឋាភិបាល អាមេរិក បញ្ជូនមកកម្ពុជា ចំនួន៤៣នាក់ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ត្រូវបានសាច់ញាតិ ទទួលយកអស់មួយចំនួនខណៈអ្នកនៅសេសសល់ កំពុងស្រាវជ្រាវ រកសាច់ញាតិ និងអ្នកផ្សេងទៀត មិនមានសាច់ញាតិនោះទេ។

លោក កេត សោផាន់បានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មានក្រោយ ជំនួបរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ និងលោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចប់អាណត្ដិប្រចាំកម្ពុជានៅថ្ងៃទី១៩ ខែ វិច្ឆិកានេះថា”គម្រោងនៃការធ្វើមាតុភូមិនិវត្តន៍ របស់ប្រជាជនកម្ពុជាដែលភាគ ច្រើនគាត់បានទៅសហរដ្ឋអាមេរិកក្រោយ ឆ្នាំ១៩៩៤ ហើយជាក់ស្ដែងនៅឆ្នាំ២០១៧ពេញមួយឆ្នាំគឺយើងទទួលពួកគាត់ ១០០នាក់។យើងនឹងបន្តកម្មវិធីនេះតទៅទៀត ដោយតាមការពិភាក្សានោះយើងអាចរក វិធីសាស្រ្តយ៉ាងណាដូចជាការធ្វើបទ សម្ភាសន៍ចំពោះពួកគាត់ព្រោះពួកគាត់ទៅ ដល់អាមេរិកយូរហើយនិងគ្មាន ឯកសាររដ្ឋបាលដើម្បីបញ្ជាក់អ្វីទេអីចឹងយើង រកវិធីសម្រួល”។

យោងតាមរបាយការណ៍ ស្តីពីសកម្មភាពការងារ របស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ប្រចាំឆ្នាំ២០១៦ បានឲ្យដឹងថា គិតត្រឹម ឆ្នាំ២០១៧ ពលរដ្ឋខ្មែរនៅអាមេរិក ដែលបានធ្វើមាតុភូមិនិវត្តន៍ មាន ចំនួន២២៦លើក ក្នុងនោះ មានពលរដ្ឋ៥៤៤នាក់ ស្រី១៤នាក់។

លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានលើកឡើងបន្ថែមថា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរីករាយស្វាគមន៍ និងត្រៀមសហការធ្វើការយ៉ាងជិតស្និទ ជាមួយ លោក Patrick Murphy ដែលនឹងត្រូវបន្តតួនាទីបំពេញបេសកកម្ម ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាក្រោយមានការឯកភាព ពីព្រឹទ្ធសភាសហរដ្ឋអាមេរិក។ លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចប់អាណត្ដិប្រចាំកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលតែងតែបើកចំហរការជួបពិភាក្សាការងារជាមួយលោកក្នុងពេលកន្លង មក។ លោក William A. Heidt បានសម្ដែងក្ដីរំពឹងថា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុននឹងដឹកនាំក្រសួងការបរទេសកម្ពុជាប្រកបដោយលក្ខណៈបើកចំហរហើយទូតថ្មីរបស់អាមេរិកអាចនឹងអញ្ជើញធ្វើបទឧទ្ទេសនាមនៅវិទ្យាស្ថានការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេសកម្ពុជា។

ទន្ទឹមនេះឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានសម្ដែងការរីករាយដែលចំណងទំនាក់ទំនងនៃប្រទេសកម្ពុជា និងអាមេរិកនៅតែបន្តរីកចម្រើន ហើយប្រទេសទាំងពីរតែងតែបើកចំហរការប្រាស្រ័យទាក់គ្នា។ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលនៅបន្តគាំទ្រ និងផ្តល់ជំនួយសម្រាប់សកម្មភាពកំចាត់មីនកម្ពុជា ដើម្បីកំណត់គោលដៅឲ្យកម្ពុជាក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០២៥។ ជាពិសេសកម្ពុជា និងអាមេរិកនៅតែបន្តកិច្ចសហការគ្នាលើការប្រឆាំងភេរវកម្ម ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម

website_news/2018201104.txt · Last modified: 2019/01/02 16:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki