website_news:2018201105

រដ្ឋមន្ត្រីក្រសួងការងារ៖ទីក្រុងហុងកុងគឺជាទីផ្សារគោលដៅ និងមានតំរូវការកម្លាំងពលកម្មខ្ពស់

http://www.rasmeinews.com/ November 19, 2018, 9:42 PM

ដោយ៖ដេប៉ូ / ភ្នំពេញ៖លោក អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថានាពេលបច្ចុប្បន្ននេះគេឃើញថាទីក្រុងហុងកុងគឺជាទីផ្សារគោលដៅមួយដ៏សំខាន់របស់កម្ពុជា ហើយក៏គេត្រូវយកចិត្តទុកដាក់ផងដែរ។ លោក អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈក្នុងពិធីសម្ពោធ ដាក់ឱ្យដំណើរការក្រុមហ៊ុន INTERNATIONAL EASY REACH CO., LTD កាលពីល្ងាចថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៨។

ការបញ្ជាក់ឱ្យដឹងរបស់លោករដ្ឋមន្ត្រីក្រសួងការងារបែបនេះធ្វើឡើងក្នុងពិធី សម្ពោធ ដាក់ឱ្យដំណើរការក្រុមហ៊ុន INTERNATIONAL EASY REACH CO., LTD កាលពីល្ងាចថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៨កន្លងមក។ ទាក់ទិនទៅនឹងការជ្រើសរើសពលករកម្ពុជាទៅបម្រើការងារនៅទីក្រុងហុងកុងនេះដែរលោករដ្ឋមន្ត្រីបានលើកឡើងថា ក្រុមហ៊ុន Easy ReachInternational Col., Ltd បានអភិវឌ្ឍន៍ខ្លួន និងរៀបចំទីតាំងក្រុមហ៊ុនដោយមានបំពាក់នូវឧបករណ៍ សម្ភារៈបរិក្ខារ ឆ្លើយតបទៅនឹងកម្មវិធីបណ្តុះបណ្តាលជំនាញមេផ្ទះ ដើម្បីអាចឱ្យសិក្ខាកាមពលការិនីមានសមត្ថភាព និងជំនាញគ្រប់គ្រាន់ ចេញទៅបម្រើការងារជាជំនួយការផ្ទះនៅតំបន់រដ្ឋបាលពិសេសហុងកុង។ លោកបានមានប្រសាសន៍ថា បច្ចុប្បន្ន ប្រទេសកម្ពុជាបានបញ្ជូនពលករទៅបម្រើការងារនៅបរទេសបានចំនួន៦ ប្រទេសគឺ ប្រទេសថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន និងសឹង្ហ បូរី និងហុងកុង ដែលមានពលករសរុបចំនួនប្រមាណ ១លាន២សែននាក់។កន្លងមកពួកគាត់បានផ្ញើរថវិកាមកកម្ពុជា ដើម្បីជួយទ្រទ្រង់ជីវភាពក្រុមគ្រួសាររបស់ពួកគាត់ប្រមាណជាង២ពាន់លានដុល្លារក្នុង១ឆ្នាំៗ។

លោកបានបញ្ជាក់ថា “ជាក់ស្តែង ដើម្បីឱ្យការបញ្ជូនពលការិនីជំនួយការផ្ទះទៅធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុងទទួលបានជោគជ័យ សម្រាប់ដំណាក់កាលសាកល្បងដំបូង នៅឆ្នាំ២០១៧កន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយសមាគមអភិវឌ្ឍធនធានមនុស្សកម្ពុជានៅហុងកុង ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើការផ្តល់សេវាគាំពារ និងសេវាគាំទ្រនានាសម្រាប់ពលការិនីជំនួយការផ្ទះ និងផ្សព្វផ្សាយណែនាំអំពីពលការិនីជំនួយការផ្ទះកម្ពុជាទៅដល់និយោជកហុងកុង”។លោកថារដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង បានដាក់ឱ្យមាននូវកិច្ចសន្យាការងារស្តង់ដាសម្រាប់គាំពារបន្ថែមជូនដល់ពលករបរទេសបម្រើ ការងារតាមផ្ទះ រួមមានប្រាក់បៀវត្សទាបបំផុតត្រឹម ប្រមាណ៥៧០ដុល្លារអាមេរិក ដែលនឹងត្រូវត្រួតពិនិត្យឡើងវិញជាទៀងទាត់ ការផ្តល់អាហារ ឬប្រាក់ហូបចុកចំនួន ១៣៣ដុល្លារអាមេរិក ក្នុង១ខែ ការស្នាក់នៅសមរម្យដោយមិនគិតថ្លៃ ការចេញថ្លៃសំបុត្រយន្តហោះត្រឡប់មកវិញ និងការព្យាបាលជំងឺដោយមិនគិតថ្លៃ។ល។ ដោយឡែក លោកស្រីយូឆេង តំណាងឱ្យក្រុមហ៊ុន INTERNATIONAL EASY REACH CO., LTD បានឱ្យដឹងថា ពលករកម្ពុជាដែលត្រូវបានជ្រើសរើសនេះ នឹងត្រូវបានបណ្តុះបណ្តាលមុននឹងបញ្ជូន។ ចំពោះកិច្ចការងារដែលត្រូវបំពេញនោះរួមមាន អ្នកចុងភៅ អ្នកថែទាំមនុស្សចាស់និងកុមារជាដើម។ សម្រាប់ប្រាក់ឈ្នួលគឺ ៥៧០ដុល្លារក្នុងមួយខែ។

គួរបញ្ជាក់ថាទីក្រុងហុងកុងមានពលករបរទេសបម្រើការងារផ្ទះ មានចំនួនប្រហែល ៣៥៧ ០០០នាក់ ភាគច្រើនជាជនជាតិហ្វីលីពីន និងឥណ្ឌូនេស៊ី ដោយពួកគេទទួលបានសិទ្ធិ និងលក្ខខណ្ឌការងារដូចពលករហុងកុងដែរ ដោយរួមមាន៖ ការឈប់សម្រាកប្រចាំសប្តាហ៍ ,ការឈប់សម្រាកប្រចាំឆ្នាំ ដោយមានប្រាក់ឈ្នួល ចំនួន៧ ថ្ងៃ ទៅ១៤ថ្ងៃ ក្នុង១ឆ្នាំ ការឈប់សម្រាកលំហែមាតុភាព ចំនួន១០សប្តាហ៍ ការធានារ៉ាប់រងពេលមានជំងឺ ផ្តល់បន្ថែមប្រាក់លើកទឹកចិត្តសម្រាប់ពលករដែលបម្រើការងារយូរឆ្នាំ៕ ល

website_news/2018201105.txt · Last modified: 2018/11/20 14:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki