website_news:2018201106

កំពូលបង្វិលសំណុំរឿងនាំស្រីរៀបការប្ដីចិន

https://www.postkhmer.com/ គឹម សារុំ | Publication date 20 November 2018 | 08:30 ICT

ភ្នំពេញៈ តុលាការកំពូលកាលពីម្សិលមិញបានសម្រេចបង្គាប់ឲ្យសាលាឧទ្ធរណ៍ជម្រះឡើងវិញនូវសំណុំរឿងស្ត្រីជាប់ចោទម្នាក់រឿងនាំនារីខ្មែរទៅរៀបការប្តីនៅចិន ជាការសម្រេចបន្ទាប់ពីជំនុំជម្រះកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ខណៈដែលរឿងនេះត្រូវតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់គុក ៨ ឆ្នាំ។ នៅក្នុងបន្ទប់សវនាការកាលពីម្សិលមិញលោកចៅក្រម ស៊ឹង បញ្ញាវុឌ្ឍ បានអានសាលដីកានៅចំពោះស្ត្រីជាប់ចោទថា ក្រោយពីបានសួរដេញដោល និងស្តាប់ការសន្និដ្ឋានរបស់តំណាងមហាអយ្យការ និងមេធាវីជនជាប់ចោទមកក្រុមប្រឹក្សាជំនុំជម្រះយល់ឃើញថា៖ «សំណុំរឿងដែលមានជនជាប់ចោទឈ្មោះ វ៉ន ស្រីម៉ុម អាយុ ៣២ ឆ្នាំដែលតុលាការកំពូលបើកការជំនុំជម្រះកាលពីថ្ងៃទី១២ ខែវិច្ឆិកាគឺពេលនេះតុលាការកំពូលសម្រេចបង្វិលសំណុំរឿងនេះឲ្យសាលាឧទ្ធរណ៍ជម្រះឡើងវិញដោយសារមានចំណុចខ្លះគឺសាលាឧទ្ធរណ៍សម្រេចមិនត្រឹមត្រូវតាមច្បាប់ទេ»។

លោកស្រី អ៊ុង ស៊ីឡេត មេធាវីការពារសិទ្ធិឲ្យស្ត្រីជាប់ចោទបានប្រាប់តាមទូរស័ព្ទពីម្សិលមិញថា ការបង្វិលសំណុំរឿងកូនក្តីលោកស្រីឱ្យជម្រះឡើងវិញនេះជាការល្អ ព្រោះសាលាឧទ្ធរណ៍មិនទាន់បានពិចារណាឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់លើការសម្រេចរបស់សាលាដំបូងខេត្តកណ្តាល។ លោកស្រីថ្លែងថា៖ «តុលាការកំពូលបង្វិលសំណុំរឿងទៅសាលាឧទ្ធរណ៍នេះជាការត្រឹមត្រូវហើយ ព្រោះតុលាការកំពូលយល់ថា កាលពីជំនុំជម្រះលើកមុន មិនបានត្រឹមត្រូវតាមផ្លូវច្បាប់»។

គួររំឭកថាកាលពីថ្ងៃបើកសវនាការ ស្ត្រីជាប់ចោទ វ៉ន ស្រីម៉ុម បានឆ្លើយប្រាប់ចៅក្រមថា ការចោទប្រកាន់របស់សមត្ថកិច្ចថាគាត់នាំនារីរងគ្រោះឲ្យទៅរៀបការនៅចិននោះគឺមិនពិតទេ តែគាត់គ្រាន់តែបានឲ្យលេខទូរស័ព្ទរបស់នារីនេះទៅបុរសម្នាក់ឈ្មោះ ភូ តុងណាំ ប៉ុណ្ណោះ ដោយដឹងថាបុរសនោះជាអ្នករកស៊ីរត់ការរឿងនេះស្រាប់។ ស្រី ម៉ុម បញ្ជាក់ថា៖ «ខ្ញុំទទួលស្គាល់ថា ខ្ញុំពិតជាបានផ្តល់លេខទូរស័ព្ទនារីរងគ្រោះឲ្យទៅបុរសនោះពិតមែន។ ខ្ញុំសុំឲ្យតុលាការរកយុត្តិធម៌ដល់ខ្ញុំផង ព្រោះខ្ញុំមានកូនតូចដល់ទៅ ៦ នាក់រស់នៅវេទនាណាស់ជាមួយជីដូនចាស់»។

តាមកំណត់ហេតុរបស់តុលាការបង្ហាញថា កាលពីអំឡុងឆ្នាំ ២០១៥ នារីរងគ្រោះ ឈ្មោះ ស.រ.ថ អាយុ ២៥ ឆ្នាំមានបំណងទៅប្រទេសចិនរួចក៏បានទាក់ទងជាមួយស្ត្រីជាប់ចោទ ហើយដោយស្ត្រីជាប់ចោទស្គាល់បុរសឈ្មោះ ភូ តុងណាំ ដែលជាអ្នកធ្លាប់រត់ការរឿងនេះក៏ឲ្យលេខទូរស័ព្ទនារីរងគ្រោះទៅបុរសនោះ ហើយក៏ឈានដល់ការរត់ការរហូតបានរៀបការប្តីចិន។ ប៉ុន្តែដោយនារីរងគ្រោះជួបបញ្ហាប្តីចិនធ្វើបាបក៏ទូរស័ព្ទមកប្រាប់ក្រុមគ្រួសារ ហើយដោយចង់បានកូនស្រីត្រឡប់មកកម្ពុជាវិញ ម្តាយឪពុកនារីរងគ្រោះបានប្តឹងទៅនគរបាលខេត្តកណ្តាល ហើយត្រូវសមត្ថកិច្ចកសាងសំណុំរឿងទៅសាលាដំបូងខេត្តកណ្តាល តែមិនទាន់ឃាត់ទេ៕

website_news/2018201106.txt · Last modified: 2018/11/20 14:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki