website_news:2018201108

កម្ពុជាបញ្ចូលពលករទៅធ្វើការនៅក្រៅប្រទេសចំនួនប្រមាណ១លាន២សែននាក់

ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១០:៤៧ អ៊ាង ប៊ុនរិទ្ធ

រាជធានីភ្នំពេញ ៖ បច្ចុប្បន្នប្រទេសកម្ពុជាបានបញ្ជូនពលករទៅបម្រើការងារនៅបរទេសមានពលករសរុបចំនួនប្រមាណ១លាន២សែននាក់ ហើយកន្លងមកពួកគាត់បានផ្ញើថវិកាមកកម្ពុជា ដើម្បីជួយទ្រទ្រង់ជីវភាពក្រុមគ្រួសាររបស់ពួកគាត់ប្រមាណជាង២ពាន់លានដុល្លារក្នុង១ឆ្នាំៗ។ នេះបើតាមលោករដ្ឋមន្ត្រីក្រសួងការងារ ។

ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការក្រុមហ៊ុន INTERNATIONAL EASY REACH CO., LTD ជាក្រុមហ៊ុនដែលធ្វើការជ្រើសរើសបណ្តុះបណ្តាលគ្រប់គ្រង និងបញ្ជូនពលករខ្មែរទៅធ្វើការនៅតំបន់រដ្ឋបាល ពិសេសហុងកុងនារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក អ៊ុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើដល់ក្រុមហ៊ុនមួយនេះត្រូវបន្តការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាសម្របសម្រួលនាំចេញពលករទៅកាន់ទីក្រុងហុងកុង ប្រកបដោយជោគជ័យ ដោយគោរពតាមបទបញ្ញត្តច្បាប់ជាធរមាន ដើម្បីធានាបាននូវសុវត្ថិភាពផាសុខភាព ភាពត្រឹមត្រូវ សេចក្តីថ្លៃថ្នូ ពិសេសការធានាបាននូវលក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរឡើងជូនដល់បងប្អូនពលការិនីកម្ពុជាដែលនឹងចេញទៅបម្រើការងារជាជំនួយការផ្ទះនៅទីក្រុងហុងកុង នាពេលខាងមុខឆាប់ៗនេះ ។ លោកបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភាបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ពិសេសការបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេរភាគី ដើម្បីបើកទូលាយទីផ្សារការងារស្របច្បាប់នៅក្រៅប្រទេស ទប់ស្កាត់ទេសសន្តរប្រវេសន៍ការងារ ដោយខុសច្បាប់ លើកកម្ពស់ការគាំពារសិទ្ធិ និងផលប្រយោជន៍ សុខភាព និងសុវត្ថិភាពការងារ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពលករ ការផ្តល់ការសម្របសម្រួលទំនាក់ទំនងជាមួយគ្រួសារ និងការធ្វើសមាហរណកម្មពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តតាមរយៈការទទួលស្គាល់ជំនាញ ការផ្ទេររបបសន្តិសុខសង្គមមកក្នុងប្រទេស ការផ្តល់ប្រឹក្សាការងារធ្វើ និងការបង្កើតមុខរបរដោយខ្លួនឯង ។

លោករដ្ឋមន្ត្រីបន្ថែមថាជាក់ស្តែង ដើម្បីឱ្យការបញ្ជូនពលការិនីជំនួយការផ្ទះទៅធ្វើការនៅតំបន់រដ្ឋបាល ពិសេសហុងកុងទទួលបានជោគជ័យសម្រាប់ដំណាក់កាលសាកល្បងដំបូង នៅឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះអនុស្សរណៈ នៃកិច្ចព្រមព្រៀងជាមួយសមាគមអភិវឌ្ឍធនធានមនុស្សកម្ពុជានៅហុងកុង ដើម្បីធ្វើកិច្ចសហ ប្រតិបត្តិការលើការផ្តល់សេវាគាំពារ និងសេវាគាំទ្រនានាសម្រាប់ពលការិនីជំនួយការផ្ទះ និង ផ្សព្វផ្សាយណែនាំអំពីពលការិនីជំនួយការផ្ទះកម្ពុជាទៅដល់និយោជកហុងកុង ។ ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីក៏បានឲ្យដឹងថា សព្វថ្ងៃនៅទីក្រុងហុងកុងមានពលករបរទេសបម្រើការងារផ្ទះមានចំនួនប្រហែល៣៥៧០០០នាក់ ភាគច្រើនជាជនជាតិហ្វីលីពីន និងឥណ្ឌូនេស៊ី ដោយពួកគេទទួលបានសិទ្ធិ និងលក្ខខណ្ឌការងារដូចពលករហុងកុងដែរដោយរួមមាន – ការឈប់សម្រាកប្រចាំសប្តាហ៍ – ការឈប់សម្រាកប្រចាំឆ្នាំ ដោយមានប្រាក់ឈ្នួលចំនួន៧ថ្ងៃទៅ១៤ថ្ងៃ ក្នុង១ឆ្នាំ – ការឈប់សម្រាកលំហែមាតុភាពចំនួន១០សប្តាហ៍ – ការធានារ៉ាប់រងពេលមានជំងឺ – ផ្តល់បន្ថែមប្រាក់លើកទឹកចិត្តសម្រាប់ពលករដែលបម្រើការងារយូរឆ្នាំ ។ លោករដ្ឋមន្ត្រីបានលើកឡើងទៀតថា រដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង បានដាក់ឲ្យមាននូវកិច្ចសន្យាការងារស្តង់ដាសម្រាប់គាំពារបន្ថែមជូនដល់ពលករបរទេសបម្រើការងារតាមផ្ទះ រួមមានប្រាក់បៀវត្សទាបបំផុតត្រឹមប្រមាណ៥៧០ដុល្លារអាមេរិកដែលនឹងត្រូវត្រួតពិនិត្យឡើងវិញជាទៀងទាត់ការផ្តល់អាហារ ឬប្រាក់ហូបចុកចំនួន១៣៣ដុល្លារអាមេរិកក្នុង១ខែ ការស្នាក់នៅសមរម្យដោយមិនគិតថ្លៃ ការចេញថ្លៃសំបុត្រយន្តហោះត្រឡប់មកវិញ និងការព្យាបាលជំងឺដោយមិនគិតថ្លៃ ។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីក៏បានលើកឡើងថា បច្ចុប្បន្នប្រទេសកម្ពុជាបានបញ្ជូនពលករទៅបម្រើការងារនៅបរទេសបានចំនួន៦ ប្រទេស គឺប្រទេសថៃសាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន និងសឹង្ហបូរី និងហុងកុង ដែលមានពលករសរុបចំនួនប្រមាណ១លាន២សែននាក់ ។ ហើយកន្លងមកពួកគាត់បានផ្ញើថវិកាមកកម្ពុជា ដើម្បីជួយទ្រទ្រង់ជីវភាពក្រុមគ្រួសាររបស់ពួកគាត់ប្រមាណជាង២ពាន់លានដុល្លារក្នុង១ឆ្នាំៗ ។ នៅពេលបញ្ចប់កិច្ចសន្យាការងារ និងវិលត្រឡប់មកកម្ពុជាវិញ ពួកគាត់នឹងក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពីព្រោះតាមរយៈការធ្វើការងារនៅបរទេសពួកគាត់មិនត្រឹមតែអាចរកប្រាក់ចំណូលបានបន្ថែមទេ ថែមទាំងទទួលបាននូវជំនាញបទពិសោធន៍ចំណេះដឹងភាសា និងរបៀបរបបរស់នៅក្នុងប្រទេសអភិវឌ្ឍន៍ទៀតផង ៕

website_news/2018201108.txt · Last modified: 2018/11/20 14:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki