website_news:2018201201

រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំឱ្យមានការបញ្ជូនពលករខ្មែរទៅប្រទេសអារ៉ាប៊ីសាអូឌីតដោយស្របច្បាប់

https://khmer.voanews.com/ 20 ធ្នូ 2018 ហ៊ុល រស្មី

វ៉ាស៊ីនតោន មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ឲ្យដឹងថា នឹងមានការពិភាក្សាជាមួយភាគីពាក់ព័ន្ធនានាអំពីការបញ្ជូនពលករខ្មែរ ទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត (Saudi Arabia) ដែលជាផ្នែកមួយនៃសហភាពអារ៉ាប់ និងជាទីដែលមិនទាន់មានវត្តមានពលករខ្មែរច្រើននៅឡើយ។ ក៏ប៉ុន្តែអ្នកការពារសិទ្ធិពលករយល់ថា វាជាការប្រថុយប្រថានសម្រាប់កម្ពុជាក្នុងការបញ្ជូនពលកររបស់ខ្លួនឲ្យទៅបម្រើការងារនៅក្នុងតំបន់មជ្ឈឹមបូព៌ាប្រទេស ដោយសារតែកត្កាវប្បធម៌ និងមានការរំលោភសិទ្ធិការងារជាច្រើន។ អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិបង្ក្រាបការជួញដូរមនុស្ស និងផ្លូវភេទលើស្ត្រី និងកុមារ ដែលទើបតែបានបញ្ចប់ទស្សនកិច្ចនៅប្រទេសម៉ារ៉ុក (Morocco) មានប្រសាសន៍ប្រាប់ VOA កាលពីថ្ងៃសុក្រសប្តាហ៍មុនថា សហភាពអារ៉ាប់បានលើកឡើងថា កម្ពុជាពុំទាន់បានបញ្ជូនពលករចំនួនច្រើនទៅធ្វើការនៅក្នុងប្រទេសអារ៉ាប់នោះទេ។

អ្នកស្រីមានប្រសាសន៍យ៉ាងដូច្នេះ៖ «ក្នុងអាស៊ីមានអ្នកទៅហើយ ប៉ុន្តែគេថា គេចង់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជា ដោយសារថា កន្លងមកហ្នឹងមិនទាន់ឃើញមានកម្ពុជាទៅ គេហៅសហភាពអារ៉ាប់ហ្នឹងច្រើនទេ ហើយក្នុងហ្នឹង ខ្ញុំបានជម្រាបសួរដែរថា តើត្រូវការក្នុងវិស័យអី? គាត់ថា វិស័យគឺអាច មានគ្រប់កម្រិត បើសិនជាយើងអាចត្រៀមលក្ខណៈ ជាធនធានមនុស្សក្នុងកម្រិតជាអ្នកមានជំនាញខ្ពស់ ឬជំនាញមធ្យម ឬជំនាញទាបយ៉ាងណាហ្នឹង អាហ្នឹងស៊ីសង យើងធ្វើកិច្ចសហការជាមួយគ្នា មាន MOU ឬមួយក៏មានតម្រូវការ ដែលនឹងធ្វើទំនាក់ទំនងគ្នាក្រោយទៀត»។ មន្ត្រីរដ្ឋាភិបាលទទួលបន្ទុកប្រឆាំងការជួញដូរមនុស្សនេះមានប្រសាសន៍បន្ថែមថា ការពិភាក្សាកម្រិតអន្តរក្រសួងនឹងធ្វើឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ ពាក់ព័ន្ធនឹងការបញ្ជូនពលករខ្មែរទៅប្រទេសក្នុងតំបន់អារ៉ាប់មួយនេះ តាមអនុស្សរណៈយោគយល់មួយ ដែលភាសាអង់គ្លេសហៅថា Memorandum of Understanding ឬ MOU។ «ខ្ញុំនឹងមានកិច្ចប្រជុំមួយទៀត ព្រោះខ្ញុំទើបមកដល់ប្រទេសវិញទេ។ យើងនឹងមានកិច្ចប្រជុំដើម្បីពិភាក្សាគ្នា ដែលមិនមែនតែក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈទេ។ ក្រសួងអប់រំ និងវិស័យផ្សេងៗទៀតក៏នឹងត្រូវការពិគ្រោះគ្នាដែរ ហើយក្នុងហ្នឹង យើងនឹងជជែកតែរឿង MOU ហ្នឹង។ ដំណើរការ អាចជាក្នុងដើមឆ្នាំ២០១៩ហ្នឹង ទៅតាមដែលខាងសំណើសុំរបស់គាត់ ហើយយើងក៏បានរាយការណ៍ជូនទៅខាងក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈហើយ»។

ខណៈដែលកម្ពុជាមិនទាន់មានការចុះអនុស្សរណៈយោគយល់ជាមួយប្រទេសអារ៉ាប៊ីសាអូឌីតនៅឡើយ តែប្រទេសនេះបានចុះអនុស្សរណៈយោគយល់ជាមួយប្រទេសកាតាដែលស្ថិតក្នុងប្លុកនៃប្រទេសអារ៉ាប់។ រដ្ឋសភាកម្ពុជាបានអនុម័តយល់ព្រមកាលពីឆ្នាំ២០១២ឱ្យកម្ពុជាបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសកាតាតាមអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងប្រទេសកាតា។

ប្រទេសកាតាបានសម្តែងការចាប់អារម្មណ៍ក្នុងការទទួលពលករខ្មែរចំនួន៣៣០០០នាក់។ នេះបើតាមការបញ្ជាក់របស់លោកឌី ថេហូយ៉ា មន្ត្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (Central)។ រហូតមកដល់ពេលនេះ លោកឌី ថេហូយ៉ា មិនទាន់មានព័ត៌មានផ្លូវការណាមួយបញ្ជាក់ពីការបញ្ជូនពលករពីកម្ពុជាទៅធ្វើការនៅប្រទេសកាតានោះទេ។ ក៏ប៉ុន្តែ មន្ត្រីការពារសិទ្ធិពលកររូបនេះបានព្រមានពីហានិភ័យជាច្រើន ដែលអាចកើតមានដល់ពលករខ្មែរ ប្រសិនបើពួកគេស្ម័គ្រចិត្តទៅធ្វើការក្នុងប្រទេសស្ថិតក្នុងតំបន់អារ៉ាប់។

«ការបញ្ជូនទៅម្តុំអារ៉ាប់នេះជារឿងគួរឲ្យព្រួយបារម្ភ។ ព្រួយបារម្ភត្រង់ថា ទីមួយបើយើងនិយាយពីភូមិសាស្ត្ររៀងឆ្ងាយ តំបន់ឆ្ងាយ។ ទីពីរ ទាក់ទងនឹងរឿងវប្បធម៌គឺការរស់នៅ យើងដឹងហើយ ពលរដ្ឋយើង ប្រពៃណីវប្បធម៌យើង របៀបពុទ្ធសាសនា របៀបអីផ្សេងអ៊ីចឹងទៅ ខាងអារ៉ាប់គឺជារបៀបឥសា្លម។ អ៊ីចឹង វប្បធម៌ប្រពៃណី វាខុសគ្នា។ ទីបីគឺទាក់ទងនឹងរឿង យន្តការការពារនៅក្នុងប្រទេសអារ៉ាប់ហ្នឹងតែម្តង។ យើងឃើញថា ជាប្រទេសសង្គមនិយម ជាប្រទេសផ្តាច់ការអ៊ីចឹង អ៊ីចឹងអាការគោរពសិទ្ធិមនុស្សអីទាំងអស់នេះ វាជារឿងមួយដែលយើងព្រួយបារម្ភ ក្នុងលក្ខណៈដែលប្រសិនបើពលរដ្ឋយើងត្រូវបានគេរំលោភសិទ្ធិអ៊ីចឹង ជាដើមនេះ គឺវាពិបាកក្នុងការជួយសង្គ្រោះ»។

លោកឌី ថេហូយ៉ា មន្ត្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការ Central បានឲ្យដឹងពីករណីនៃស្រ្តីខ្មែរមួយរូប ដែលត្រូវបានបញ្ជូនទៅធ្វើការនៅប្រទេសមួយស្ថិតនៅប៉ែកអារ៉ាប់នេះ ហើយបានប្រឈមនឹងភាពមិនប្រក្រតីនៃការធ្វើទំនាក់ទំនងជាមួយគ្រួសារ បន្ទាប់ពីប្រាំមួយខែដំបូងនៃការទៅបំពេញការងារ។ «ខាងគ្រួសារជាប្តីហ្នឹងគឺទាក់ទងមកឲ្យអង្គការ Central ជួយសង្គ្រោះប្រពន្ធគាត់ ដោយសារតែទៅរយៈពេលប្រាំមួយខែ។ បីខែដំបូងអ៊ីចឹងទៅ គេឲ្យមានការទំនាក់ទំនងមកផ្ទះ បន្ទាប់ពីហ្នឹងទៅ បាត់ដំណឹងឈឹង អ៊ីចឹង។ អាហ្នឹងយើងមានករណីអ៊ីចឹង! ទៅអារ៉ាប់! ហើយតែបាត់ដំណឹងឈឹងអ៊ីចឹង។ ម្តុំហ្នឹង យើងហាក់ដូចជាមានស្ថានទូតតែនៅគុយវ៉េតទេ។អ៊ីចឹង យើងគ្រាន់តែចង់និយាយថា សូម្បីប្រទេសមួយចំនួនដែលយើងមានស្ថានទូតនៅហ្នឹងហើយ ក៏ពិបាកជួយផង ចុះទម្រាំនៅម្តុំហ្នឹង យើងអត់មានស្ថានទូតទៀត? តើការជួយសង្គ្រោះទាំងអស់ហ្នឹង វារបៀបម៉េច? អ៊ីចឹងកន្លងមក យើងឃើញបាទ យើងឃើញស្រាប់ហើយបាទ»។

អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការសិក្សាអំពីហានិភ័យនានា តែងតែត្រូវបានធ្វើឡើង នៅមុនការបញ្ជូនពលករខ្មែរទៅក្រៅប្រទេស។ «រឿងកាតព្វកិច្ចហ្នឹងទីមួយហើយ! ពីព្រោះរាល់ពេលដែលយើងបញ្ជូនពលករទៅក្រៅ គឺក្នុង MOU ចាំបាច់ត្រូវតែដាក់ ដោយសារយើងត្រូវមានកិច្ចការពារពលករ ហើយកម្ពុជាយើងហ្នឹងកន្លងមក ពេលដែលយើងមានកិច្ចព្រមព្រៀងបញ្ជូនពលករទៅក្រៅប្រទេស យើងមានអា MOU ហ្នឹងមួយ ហើយបន្ទាប់មកទៀត យើងមាន MOU ទាក់ទងរឿងប្រឆាំងការជួញដូរមនុស្សនេះទៀត។ ប៉ុន្តែយើងក៏អាចបង្រួមដាក់ចូលក្នុង MOU តែមួយក៏បានដែរ»។

VOA មិនអាចទាក់ទងលោក ហេង សួ អ្នកនាំពាក្យក្រសួងការងារបានទេ នៅថ្ងៃពុធនេះ ដោយទូរស័ព្ទលោករោទិ៍គ្មានអ្នកទទួល។ លោក សេង សក្កដា អគ្គនាយកអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ បានបដិសេធមិនផ្តល់ការអធិប្បាយ ដោយលោកជាប់ប្រជុំ។

គ្រាដែលកម្ពុជាមិនទាន់បានសម្រេចបញ្ជូនពលករទៅប្រទេសអារ៉ាប៊ីសាអូឌីតនោះ លោកឌី ថេហូយ៉ាបានឲ្យដឹងពីការរកឃើញនៃគ្រោះថ្នាក់ការងារជាច្រើន ដែលបានកើតឡើងនៅប្រទេសកាតា ដែលជាប្រទេសស្ថិតក្នុងតំបន់អារ៉ាប់ដូចគ្នានេះ។ លោកបានរៀបរាប់យ៉ាងដូច្នេះ៖ «បញ្ហាទីមួយទាក់ទងនឹងរឿងកេងប្រវ័ញ្ចការងារ កេងប្រវ័ញ្ចប្រាក់ឈ្នួល ទីពីរលក្ខខណ្ឌរស់នៅពិបាក ដូចជា អង្គការ Amnesty International រកឃើញថា មានកន្លែងខ្លះហ្នឹងគឺរស់នៅ ៦០០នាក់អ៊ីចឹង ហើយបន្ទប់ទឹកមានតែពីរអ៊ីចឹងទេ។ ហើយរុយចង់ច្រើនជាងមនុស្ស មនុស្សនៅជាមួយរុយកខ្វក់ចឹងណាស់! ធ្វើការទាំងយប់ ធ្វើការទាំងថ្ងៃ ហើយនៅពេលដែលមានបញ្ហា អត់ដឹងរត់ទៅណា។ គេដកលិខិតឆ្លងដែនអស់រលីញហើយ ហើយកាលណាបើគេរត់ចេញ គេប្រឈមនឹងពីការជាប់គុកអ៊ីចឹងជាដើម។ ហើយក៏មានគ្រោះថា្នក់ការងារ បើយោងតាម Department of Emergency របស់ Qatar ហ្នឹងគឺដូចរកឃើញថា មួយថ្ងៃ គ្រោះថ្នាក់ការងារ មិនក្រោមពី១៨០០នាក់ទេ ហើយមានមនុស្សស្លាប់មិន មិនតិចជាង៧០០០នាក់ទេ រាប់តាំងពីឆ្នំាំ២០១៣ រហូតដល់ឆ្នាំ២០២២។ អានេះជាការរកឃើញរបស់ Armnesty International»។

លោកថា ព័ត៌មាននេះ អាចជាទុនសម្រាប់រដ្ឋាភិបាលខ្មែរពិចារណាឲ្យមានយន្តការហ្មត់ចត់ដើម្បីការពារជីវិតពលកររបស់ខ្លួន។ «អ៊ីចឹងហើយបានយើងមានការព្រួយបារម្ភ ចំពោះការបញ្ជូនទៅប្រទេសម្តុំហ្នឹង។ បើសិនជារដ្ឋ មានយន្តការធានាថា ពលរដ្ឋយើងទៅ យើងមានយន្តការធានាបាន បើក្នុងករណីថា គេរំលោភសិទ្ធិការងារ យើងមានដំណោះស្រាយជាក់លាក់គឺធានាបានអំពីការការពារសិទ្ធិ១០០ភាគរយ អាហ្នឹង វាមិនជាបញ្ហាអីទេ។ អ៊ីចឹងអាការណ៍ចំណាកស្រុកនេះ វាជាជម្រើស អ៊ីចឹងយើងមិនអាចហាមឃាត់មិនឲ្យគាត់ទៅទេ ក៏ប៉ុន្តែអ្វីដែលយើងត្រូវគិតគឺយន្តការការពារសិទ្ធិរបស់គាត់ ធានាបានអំពីសុវត្ថិភាព អំពីការធ្វើចំណាកស្រុក មិនមែនការចំណាកស្រុក ប្រថុយប្រថាន។ បើសំណាងល្អ ល្អ បើសំណាងមិនល្អ យកជីវិតទៅគ្រោះថ្នាក់។ ហ្នឹងជារឿងមួយដែលយើងព្រួយបារម្ភ បាទ»។

អង្គការសិទ្ធិមនុស្ស Amnesty International បានលើកឡើងពីករណីរំលោភបំពាន ដូចបានបញ្ជាក់ខាងលើនេះ នៅក្នុងរបាយការណ៍ដែលមានចំណងជើងថា«The Ugly Side of the Beautiful Game: Exploitation on a Qatar 2022 World Cup Site»ចេញផ្សាយកាលពីខែមីនាឆ្នាំ២០១៦។

តាមការបញ្ជាក់របស់លោកឌី ថេហូយ៉ា ពលករខ្មែរជាងពីរលាននាក់បានធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ក្នុងនោះមានជាងមួយលាននាក់បានទៅធ្វើការនៅប្រទេសថៃ។ ទិន្នន័យដែលលោកបានលើកឡើងនេះគឺយោងទៅលើស្ថិតិចុងក្រោយរបស់ក្រសួងការងារនៃរដ្ឋាភិបាលខ្មែរ៕

website_news/2018201201.txt · Last modified: 2018/12/20 14:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki