website_news:2018210201

ថៃបញ្ជូនជនកម្ពុជាចំនួន២នាក់ មកស្រុកកំណើតវិញ បន្ទាប់ពីចេញពីពន្ធនាគារពីបទចូលកាប់ឈើគ្រញូង

http://www.rasmeinews.com/ February 20, 2018, 5:19 PM

(ឧត្តរមានជ័យ)៖ ជនជាតិកម្ពុជាចំនួន២រូប ត្រូវបានអាជ្ញាធរថៃបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជា តាមច្រកអន្តរជាតិជាំស្រងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលការបញ្ជូននេះ ធ្វើឡើងកាលពីវេលាម៉ោង១៣និង២៥នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ខណៈពេលដែលជនទាំងពីរត្រូវបានថៃដោះលែងពីពន្ធនាគារ រឿងឆ្លងដែនខុសច្បាប់ទៅកាប់ឈើគ្រញូង។

ជនជាតិកម្ពុជាទាំងពីររូបដែលត្រូវថៃបញ្ជូនមកនោះ គឺទី១ឈ្មោះ សម ធីម ភេទប្រុស អាយុ៣៦ឆ្នាំ និងទី២ឈ្មោះ ម៉ាង ដា ភេទប្រុស អាយុ៣០ឆ្នាំ អ្នកទាំងពីររស់នៅភូមិត្រពាំងគគីរ ឃុំល្បើក ស្រុកឈូក ខេត្តកំពត។ សមត្ថកិច្ចកម្ពុជាដែលទទួលយកជនកម្ពុជាទាំងពីរបានបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ ជនកម្ពុជាទាំងពីររូប បានឆ្លនដែនទៅកាប់ឈើគ្រញូងដោយខុសច្បាប់ នៅចំណុចច្រកត្រពាំងបី ក្នុងខេត្តស៊ីសាកេត ហើយត្រូវបានទាហានឈុតខ្មៅថៃចាប់ខ្លួនដាក់ពន្ធនាគារនៅខេត្តស៊ីសាកេត តាំងពីពេលនោះមក។

ក្រោយពីចាប់ខ្លួនបានដាក់ពន្ធនាគារកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គឺមានរយៈពេល២ឆ្នាំគត់ដែលពួកគេជាប់ពន្ធនាគារ ទើបត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ហើយក៏បានបញ្ជូនមកកាន់កម្ពុជាវិញ។ ក្រោយពីធ្វើការអប់រំរួចហើយ សមត្ថកិច្ចកម្ពុជា បានឲ្យជនទាំងពីរវិលត្រលប់ទៅកាន់ស្រុកកំណើតវិញ៕L ដោយ៖ បាយ័ន

website_news/2018210201.txt · Last modified: 2018/02/21 14:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki