website_news:2018210301

អូស្រ្តាលីសន្យា ផ្ដល់ប្រាក់៨០ លានដុល្លារ អូស្រ្តាលី ដល់អាស៊ាន សម្រាប់បន្តកិច្ច សហប្រតិបត្តិការ ប្រឆាំងការជួញដូរមនុស្ស

https://www.dap-news.com/kh/ អង្គារ, ២០ មិនា ២០១៨ 17:15 ដោយ: ដើមអម្ពិល ID:112

ភ្នំពេញ៖ រដ្ឋាភិបាល អូស្រ្តាលី បានសន្យា ផ្ដល់ប្រាក់៨០ លានដុល្លារ អូស្រ្តាលី ដល់អាស៊ាន សម្រាប់បន្តកិច្ចសហប្រតិបត្តិការ ប្រឆាំងការជួញដូរមនុស្ស និងផ្ដល់អាហារូបករណ៍ ចំនួន ៥០កន្លែង ដល់អ្នកដឹកនាំជំនាន់ ក្រោយមកពីបណ្ដាញ ប្រទេសអាស៊ាន សម្រាប់បន្តការ សិក្សាថ្នាក់ក្រោយ ឧត្តមនៅប្រទេសអូស្រ្តាលី។ យោងតាមលទ្ធផលកិច្ចប្រជុំ កំពូលពិសេស អាស៊ាន-អូស្រ្តាលី ចាប់ពីថ្ងៃទី ១៦-១៨មីនា ដែលក្រសួង ការបរទេសខ្មែរ ទើបចេញផ្សាយ នៅថ្ងៃទី២០មីនានេះ បានឲ្យដឹងបន្ថែមថា “ថ្នាក់ដឹកនាំទាំងអស់ បានប្ដេជ្ញាចិត្តបង្កើនការឆ្លើយតប ចំពោះបញ្ហាប្រឈមក្នុងតំបន់ និងសាកលលោក ដែលរួមមានបញ្ហាឧបទ្វីកូរ៉េ ភេរវកម្ម និងជ្រុលនិយមហិង្សា និងសមុទ្រ ចិនខាងត្បូង”។

សេចក្ដីប្រកាសព័ត៌មានដដែល បន្តថាកិច្ចប្រជុំកំពូល បានទទួលស្គាល់ពីតួនាទី ស្នូលរបស់ អាស៊ាននៅក្នុងដំណើរ វិវត្តន៍និម្មាបនកម្មតំបន់ ក្នុងការថែររក្សាសន្តិភាព ស្ថិរភាព និងកំណើន ប្រកបដោយបរិយាប័ន្ន ការរួមចំណែករបស់អាស៊ាន នៅក្នុងរយៈកាល ៥០ឆ្នាំកន្លងទៅ ដើម្បីសន្តិភាព និងវិបុលភាពតំបន់ព្រមទាំង បានកោតសរសើរ ចំពោះការ រួមចំណែក របស់អូស្រ្តាលី ដល់ការកសាងសហគមន៍អាស៊ានផងដែរ ។ កិច្ចប្រជុំកំពូលនេះ បានបញ្ជាក់ ជាថ្មីនូវសារៈសំខាន់ ដ៏ចាំបាច់ នៃការគោរពគ្នាទៅវិញ ទៅមកសំរាប់គោល ការណ៍ អធិបតេយ្យភាព បូរណភាពដែនដី សមភាព និងការមិនជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុង ដូចដែលមាន ចែងនៅក្នុងធម្មនុញ្ញរបស់អង្គការ សហប្រជាជាតិធម្មនុញ្ញអាស៊ាន និង សន្ធិសញ្ញាមិត្តភាពនិង កិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។

ថ្នាក់ដឹកនាំអាស៊ាន-អូស្រ្តាលី បានឯកភាពពង្រឹង កិច្ចសហប្រតិបត្តិការផ្នែកសមុទ្រ កិច្ចការ ព័ត៌មានវិទ្យា (cyber affairs) ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ជាពិសេស ឧក្រិដ្ឋកម្មឆ្លងដែន និងការដោះស្រាយ ចំពោះការគំរាមកំហែងថ្មីៗផ្នែកសុខភាពក្នុងតំបន់។ ថ្នាក់ដឹកនាំក៏បានឯកភាពក្នុងការបង្កើន ទំនាក់ទំនងផ្នែកពាណិជ្ជកម្មការ វិនិយោគនិងធុរកិច្ច ព្រមទាំងជម្រុញទៅមុខនូវគំនិតផ្តួចផ្តើមថ្មីនៃទីក្រុងឆ្លាត (smart cities) ការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការ គោលនយោបាយសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំ អាស៊ាន-អូស្រ្តាលីក៏បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើ “អនុស្សរណៈ នៃការយោគយល់គ្នា រវាងអាស៊ាន និងអូស្រា្តលី ស្តីពីកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិ”៕

website_news/2018210301.txt · Last modified: 2018/03/21 14:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki