website_news:2018210302

ក្រសួងការងារកម្ពុជា ជំរុញឲ្យពលករខ្មែរដែលមិនទាន់បន្តសុពលភាពបណ្ណស៊ីជម្ពូនៅថៃ រួសរាន់ទៅបន្តឲ្យបានមុនថ្ងៃ៣១ ខែមីនា

http://www.freshnewsasia.com/ 2018-03-20

(ភ្នំពេញ)៖ ក្រោយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ចេញសេចក្ដីប្រកាសថា ភាគីថៃនឹងបិទដំណើរការបន្តសុពលភាពបណ្ណពណ៌ស៊ីជម្ពូ ដល់ពលករបរទេសរួចមក លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានជំរុញបន្ថែមដល់ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅថៃ ហើយមិនទាន់ទៅបន្តសុពលភាពបណ្ណស៊ីជម្ពូនេះ ត្រូវរួសរាន់ទៅបន្តសុពលភាពបណ្ណស៊ីជម្ពូរបស់ខ្លួន ពីការិយាល័យច្រកចេញចូលតែមួយរបស់ក្រសួងការងារថៃ ឲ្យបានមុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។ លោកទទូចយ៉ាងដូច្នេះ ដោយសារមូលហេតុគតិយុត្តថា បើពលករដែលស្នាក់នៅ និងធ្វើការនៅប្រទេសថៃមិនទៅបន្តសុពលភាពបណ្ណពណ៌ស៊ីជម្ពូនេះទេ នោះអាជ្ញាធរថៃនឹងមិនអនុញ្ញាតឲ្យពលករទាំងនោះ អាចស្នាក់នៅនិងធ្វើការនៅប្រទេសថៃបានឡើយ។ លោក ហេង សួរ ហៅបណ្ណពណ៌ស៊ីជម្ពូនេះថា «បណ្ណមិនមែនសញ្ជាតិថៃ»។

ឆ្លើយតបជាមួយអង្គភាពព័ត៌មាន Fresh News នាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ លោក ហេង សួរ បានឲ្យដឹងថា សេចក្ដីប្រកាសព័ត៌មានពាក់ព័ន្ធនឹងសុពលភាព នៃការផ្ដល់បណ្ណមិនមែនសញ្ជាតិថៃនេះ មិនពាក់ព័ន្ធនឹងយុទ្ធនាការផ្ដល់ភាពស្របច្បាប់របស់គណៈកម្មការផ្ដល់ភាពស្របច្បាប់ ដល់ពលករកម្ពុជាដែលស្នាក់នៅ និងធ្វើការនៅប្រទេសថៃទេ ពោលគឺគ្រាន់តែជាការក្រើនរំឭក និងជូនដំណឹងបន្ថែមដល់ពលករកម្ពុជាកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដែលមិនទាន់មានបណ្ណមិនមែនសញ្ជាតិថៃ (បណ្ណពណ៌ស៊ីជម្ពូ) ឲ្យប្រញាប់រួសរាន់ទៅធ្វើបណ្ណមិនមែនសញ្ជាតិថៃនេះ ពីការិយាល័យច្រកចេញចូលតែមួយរបស់ក្រសួងការងារថៃ ដែលនឹងផុតកំណត់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ប៉ុណ្ណោះ។ ចំពោះការងារបន្តសុពលភាពបណ្ណស៊ីជម្ពូជូនពលករនេះ ជាសមត្ថកិច្ចរបស់ក្រសួងការងារថៃ។ មន្ត្រីជាន់ខ្ពស់ដ៏សកម្មប្រចាំក្រសួងការងាររូបនេះបានបន្តថា ក្រោយពលករទទួលបានបណ្ណមិនមែនសញ្ជាតិថៃពីអាជ្ញាធរថៃហើយ ពលករកម្ពុជាអាចទៅដាក់ពាក្យស្នើសុំបញ្ជាក់អត្តសញ្ញាណ ពីក្រុមការងារអន្តរក្រសួងចល័តរបស់គណៈកម្មការផ្ដល់ភាពស្របច្បាប់បាន។

ដោយសារមូលហេតុទាំងនេះហើយ ទើបអ្នកនាំពាក្យក្រសួងការងារកម្ពុជារូបនេះ អំពាវនាវយ៉ាងទទូចដល់ពលករខ្មែរត្រូវរួសរាន់បំពេញកិច្ចការចាំបាច់នេះឲ្យខាងតែបាន ព្រោះបើមិនបានទៅបន្តសុពលភាពបណ្ណមិនមែនសញ្ជាតិថៃ តាមការបរិច្ឆេទទេ ពលករនឹងត្រូវប្រឈមនឹងការស្នាក់នៅ និងធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ហើយអាជ្ញាធរថៃនឹងចាត់វិធានការយ៉ាងតឹងរឹង និងពុំអនុញ្ញាតឲ្យពលករទាំងនោះស្នាក់នៅ និងធ្វើការនៅប្រទេសថៃនោះឡើយ។ លោកបានបន្ថែមទៀតថា គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ គណៈកម្មការផ្ដល់ភាពស្របច្បាប់ជូនដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានផ្ដល់ភាពស្របច្បាប់ជូនដល់ពលករកម្ពុជាសរុបចំនួន ៣០៩,៧៧២នាក់ ហើយយុទ្ធនាការនេះនៅតែអនុវត្តជាបន្តទៀត៕

website_news/2018210302.txt · Last modified: 2018/03/21 14:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki