website_news:2018210306

ថៃ ដាក់ឱសានវាទចាត់វិធានការលើពលករបរទេស ដែលបម្រើការខុសច្បាប់

http://www.postkhmer.com/ ឃុត សុភចរិយា | Publication date 21 March 2018 | 09:01 ICT

ភ្នំពេញៈ អាជ្ញាធរថៃបានព្រមានចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ទៅលើពលករបរទេសទាំងអស់ រួមទាំងពលករកម្ពុជាដែលកំពុងស្នាក់នៅ និងបម្រើការងារដោយខុសច្បាប់នៅក្នុងប្រទេសថៃ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ និងដែលភ្នំពេញ-ប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញនេះ។ សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថារដ្ឋាភិបាលថៃនឹងបិទដំណើរការបន្តសុពលភាពប័ណ្ណស្នាក់នៅ និងធ្វើការបណ្ដោះអាសន្ន (ប័ណ្ណស៊ីជម្ពូ និងលិខិតបញ្ជាក់ទំនាក់ទំនងរវាងថៅកែ និង ពលករ) នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៨ ជាកំហិត។ ផុតកាលកំណត់បរិច្ឆេទខាងលើនេះអាជ្ញាធរថៃនឹងចាត់វិធានការតឹងរ៉ឹងតាមច្បាប់ ចំពោះពលករបរទេសទាំងអស់ដែលពុំមានច្បាប់អនុញ្ញាត ឲ្យស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។ ជាមួយគ្នានេះស្ថានទូតក៏បានធ្វើការអំពាវនាវឲ្យពលករខ្មែរទាំងអស់ដែលកំពុងបម្រើការងារនៅប្រទេសថៃ ដែលនៅពុំទាន់បានបន្តសុពលភាពប័ណ្ណស្នាក់នៅ និងធ្វើការបណ្ដោះអាសន្ន ឲ្យប្រញាប់រួសរាន់ទៅបំពេញបែបបទដើម្បីបន្ដសុពលភាពប័ណ្ណស្នាក់នៅ និងធ្វើការបណ្ដោះអាសន្ននៅការិយាល័យច្រកចេញចូលតែមួយរបស់ភាគីថៃ ដែលស្ថិតនៅតាមបណ្ដាខេត្ត-ក្រុង ដែលបងប្អូនកំពុងរស់នៅ និង បម្រើការងារជាបណ្ដោះអាសន្នក្នុងប្រទេសថៃនេះឲ្យបានរួចរាល់ត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៨ ខាងមុខនេះ។

លោក ឈីវ ឆន្ទៈ លេខាទី ២ ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃ កាលពីម្សិលមិញថ្លែងថា ស្ថានទូតជំរុញឲ្យពលករខ្មែរមានការភ្ញាក់រឭក និងកុំជឿឃោសនាមេខ្យល់ដែលនាំឲ្យខាតបង់ពេលវេលា និងថវិកា និងដែលអាចប្រឈមទៅនឹងការចាត់វិធានការផ្លូវច្បាប់របស់អាជ្ញាធរថៃ។ លោកបានថ្លែងថា៖ «យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋាភិបាលថៃ កាលពីដើមខែកុម្ភៈការបន្តផ្ដល់សុពលភាពប័ណ្ណស៊ីជម្ពូ និងលិខិតបញ្ជាក់ទំនាក់ទំនងរវាងថៅកែ និង ពលករដល់ពលករបទេសទាំងអស់គឺបានចាប់ផ្ដើមពីថ្ងៃទី ៥ ខែកុម្ភៈដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៨ ខាងមុខនេះ។ ក្នុងករណីពលករបរទេសណាម្នាក់យឺតយ៉ាវក្នុងការបំពេញបែបបទបន្តសុពលភាពតាមកាលកំណត់ អាជ្ញាធរ [ថៃ] នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតទៅតាមផ្លូវច្បាប់»។ លោក ឆន្ទៈ ថា ប័ណ្ណស៊ីជម្ពូ និងលិខិតបញ្ជាក់ទំនាក់ទំនងរវាងថៅកែ និងពលករមានសុពលភាពរយៈពេល ២ ឆ្នាំ មានន័យថារៀងរាល់ ២ ឆ្នាំម្ដងពលករត្រូវទៅបំពេញបែបបទបន្ត សុពលភាពឡើងវិញ។ ទោះជាបែបណាក្ដីលោកមិនអាចបញ្ជាក់អំពីប្រសិទ្ធភាពរបស់ប័ណ្ណនេះនៅក្នុងការប្រើប្រាស់សម្រាប់ធ្វើដំណើរទៅមកដោយឆ្លងកាត់ព្រំដែននៃប្រទេសទាំង ២ (កម្ពុជា-ថៃ) នោះទេ។

លោកថ្លែងថា៖ «ប័ណ្ណនោះគឺសម្រាប់បញ្ជាក់ពីទំនាក់ទំនងរវាងថៅកែ និងពលករ និងកន្លែងស្នាក់អាស្រ័យបណ្ដោះអាសន្នរបស់ពលករដែលចេញដោយភាគីថៃប៉ុណ្ណោះ។ ការធ្វើដំណើរឆ្លងកាត់ទៅ-មកក្នុងប្រទេសកម្ពុជា-ថៃ គឺ ត្រូវមានលិខិតធ្វើដំណើរ ឬ លិខិតបញ្ជាក់អត្តសញ្ញាណ (Travel Document) ដែលមន្ត្រីរដ្ឋាភិបាលយើងកំពុងចុះមកធ្វើ និងផ្ដល់ជូនពលករយើងដល់ប្រទេសថៃ ហើយតាមរយៈកិច្ចព្រមព្រៀងក្រសួងការងារនៃប្រទេសទាំង ២ ការធ្វើលិខិតធ្វើដំណើរ ឬលិខិតបញ្ជាក់អត្តសញ្ញាណ (Travel Document) ដល់ពលករខ្មែរដែលកំពុងស្នាក់នៅ និងបំពេញការងារក្នុងប្រទេសថៃ និងបន្តរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៨ ខាងមុខនេះ»។

យោងតាមរបាយការណ៍ព័ត៌មានរបស់ក្រសួងការងារ ពលករខ្មែរដែលកំពុងបម្រើការងារនៅប្រទេសថៃមានប្រមាណជាង ១ លាន ៥ ម៉ឺននាក់ក្នុងនោះមានជាង ៧០ ម៉ឺននាក់ជាពលករស្របច្បាប់ ខណៈជាង ៣០ ម៉ឺននាក់ទៀត នៅពុំទាន់មានភាពស្របច្បាប់នៅឡើយ។ លោក ឃុន ថារ៉ូ មន្ត្រីកម្មវិធីជាន់ខ្ពស់នៃមជ្ឈមណ្ឌលអាមេរិកាំង ដើម្បីសាមគ្គីភាពការងារអន្តរជាតិ (ACILS) បានថ្លែងនៅថ្ងៃម្សិលមិញថា ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងហានិភ័យនានាដល់ពលករចំណាកស្រុកកម្ពុជាដែលកំពុងស្នាក់នៅ និងបំពេញការងារនៅក្នុងប្រទេសថៃ រដ្ឋាភិបាលកម្ពុជាគួរតែរិះរកមធ្យោបាយបញ្ចុះបញ្ចូលរដ្ឋាភិបាលថៃឲ្យលុបចោលប័ណ្ណស៊ីជម្ពូនេះ។ លោកបានថ្លែងថា៖ «ប័ណ្ណស៊ីជម្ពូគ្រាន់តែជាឯកសារបណ្ដោះអាសន្នដែលបញ្ជាក់អំពីទំនាក់ទំនងរវាងថៅកែ និងពលករ វាមិនមានភាពស្របច្បាប់ទូលំទូលាយនោះទេ ព្រោះវាមិនមែនជាឯកសារបញ្ជាក់អត្តសញ្ញាណ ឬ ឯកសារធ្វើដំណើរដែលចេញដោយប្រទេសកំណើតរបស់ពលករទេ។ ផ្ទុយទៅវិញឯកសារនេះបង្កឲ្យមានភាពស្មុគស្មាញ និងការខាតបង់ថវិកាជាច្រើនដល់ពលករ។ ខ្ញុំយល់ថាបើរដ្ឋាភិបាលកម្ពុជាយើងអាចនិយាយបញ្ចុះបញ្ចូលរដ្ឋាភិបាលថៃឲ្យលុបចោលប័ណ្ណស៊ីជម្ពូនេះបាន គឺល្អខ្លាំងណាស់សម្រាប់ពលករយើង»។

បើតាមការអះអាងរបស់លោក ថារ៉ូ ពលករខ្មែរដែលកំពុងបម្រើការងារនៅប្រទេសថៃមានប្រមាណជាង ១ លាន ៥ សែននាក់ក្នុងនោះពលករប្រមាណជិត ១ លាននាក់ទទួលបានភាពស្របច្បាប់ហើយ ខណៈជាង ៥០ ម៉ឺននាក់ទៀតនៅពុំទាន់មានភាពស្របច្បាប់នៅឡើយ។ លោកបានបញ្ជាក់ថា៖ «បើសិនជាពុំមានការសម្របសម្រួល ឬ ចរចាជុំវិញករណីនេះទេ ពលករខ្មែរដែលនៅពុំទាន់ទទួលបានភាពស្របច្បាប់ ឬ នៅមិនទាន់បានបន្តសុពលភាពប័ណ្ណស៊ីជម្ពូនោះនឹងត្រូវប្រឈមការចាប់ខ្លួន ឬ បណ្ដេញចេញពីប្រទេសថៃដូចកាលពីប៉ុន្មានឆ្នាំមុននេះ»៕

website_news/2018210306.txt · Last modified: 2018/03/21 14:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki