website_news:2018210503

ខែមិថុនា ស្ត្រីខ្មែរ៣០០នាក់ នឹងចេញទៅបម្រើការងារតាមផ្ទះ នៅប្រទេសអាស៊ាន១

http://kleykley.sabay.com.kh/ ថ្ងៃសៅរ៍, 19 ឧសភា 2018 16:35

នៅខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបញ្ជូនស្ត្រីខ្មែរ ដែលជាពលការិនី ទៅធ្វើការជាស្ត្រីបម្រើតាមផ្ទះ នៅប្រទេសម៉ាឡេស៊ីឡើងវិញ។ ពលការិនីកម្ពុជាទាំងនោះ មានប្រមាណ ៣០០នាក់។ កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងធនធានមនុស្សរបស់ប្រទេសម៉ាឡេស៊ី បានចុះកិច្ចព្រមព្រៀង ពាក់ព័ន្ធនឹងការបញ្ជូន និងទទួលពលការិនី ដែលតម្រូវឲ្យចូលរួមវគ្គបណ្តុះបណ្តាល និងកិច្ចការពារស្ត្រីខ្មែរទាំងនោះ។ តាមរយៈកិច្ចព្រមព្រៀងថ្មីនេះ ស្ត្រីខ្មែរ ដែលនឹងត្រូវបញ្ជូនទៅបម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ី នឹងមានចំនួន ៥ម៉ឺននាក់ ក្នុងមួយឆ្នាំ។

សូមរំឭកថា កម្ពុជា បានសម្រេចផ្អាក មិនបញ្ជូនស្ត្រីបម្រើតាមផ្ទះ ទៅប្រទេសម៉ាឡេស៊ី កាលពីខែតុលា ឆ្នាំ២០១១ បន្ទាប់ពីមានករណីរំលោភបំពាន រហូតបណ្តាលឲ្យស្ត្រីខ្មែរ ស្លាប់ជាច្រើននាក់ ក្នុងពេលបំពេញការងារនៅទីនោះ។ ការបញ្ជូនពលករកម្ពុជា ទៅធ្វើការនៅម៉ាឡេស៊ី បានចាប់ដំណើរការតាំងពីឆ្នាំ១៩៩៨ នៅក្រោយពេលដែលរាជរដ្ឋាភិបាលកម្ពុជា ទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលម៉ាឡេស៊ី ក្នុងខែតុលា ឆ្នាំ១៩៩៦។ ចាប់ពីពេលនោះមក ចំនួនពលករ ដែលស្ទើរតែទាំងអស់ ជាស្ត្រី ត្រូវបានក្រុមហ៊ុនទីភ្នាក់ងារជ្រើសរើសពលករទៅធ្វើការនៅក្រៅប្រទេស បានបញ្ជូនទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដោយមានការកើនឡើងជាបន្តបន្ទាប់។

រហូតមកដល់ខែឧសភា ឆ្នាំ២០១៨ ពលករខ្មែរ ដែលបានបញ្ជូនទៅធ្វើការនៅប្រទេសម៉ាឡេស៊ី មានចំនួនជាង ៤៦ ម៉ឺននាក់ ក្នុងនោះ មានស្ត្រីជាង ៤០ម៉ឺននាក់។ រីឯចំនួនស្ត្រីខ្មែរ ធ្វើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី មានជិត ៣៤ ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងការងារ៕ អត្ថបទ៖ លីហៀង

website_news/2018210503.txt · Last modified: 2018/05/21 14:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki