website_news:2018210504

សមត្ថកិច្ចបញ្ជូនខ្លួនមេខ្យល់ នាំនារីខ្មែរទៅប្រទេសចិន ២នាក់បងប្អូនប្រុស-ស្រី ទៅតុលាការ

http://bayontv.com.kh/ ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៨

ភ្នំពេញ៖ ជនសង្ស័យប្រុស-ស្រីទាំង២នាក់បងប្អូន ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ តាមនីតិវិធី នៅព្រឹកថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០១៨នេះ។

គួររំលឹកផងដែរ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី២នាក់ ដែលជាមេខ្យល់ និងរំដោះជនរងគ្រោះបាន ២នាក់ ដែលជាប់ពាក់ព័ន្ធទៅ នឹងករណីជួញដូរមនុស្សឆ្លងដែនពីប្រទេសកម្ពុជា ទៅប្រទេសចិន។ ប្រតិបត្តិការនេះ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការង និងមានការសម្របសម្រួល ពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង អយ្យកា អមសាលាដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ដោយ លោក ឩត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។

ជនសង្ស័យប្រុសស្រីមានឈ្មោះ ទី១ ឈ្មោះ ទេព ជី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ឃាត់ខ្លួននៅចំណុចហាងការហ្វេ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទី២ ឈ្មោះ ទេព សុគន្ធ ភេទស្រី ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ឃាត់ខ្លួនចំណុចមុខរោងចក្រ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សូមបញ្ជាក់ផងដែរ ជនសង្ស័យប្រុសស្រី២នាក់ត្រូវជាបងប្អូនបង្កើត និងមានជនសង្ស័យម្នាក់ទៀតត្រូវជាបងប្អូនជាជនសង្ស័យទាំង២នាក់ ដែរ គឺរស់នៅប្រទេសចិនតែម្ដង ឈ្មោះ ទេព សាលី។

តាមប្រភពព័ត៌មាន អោយដឹងថា នៅមុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង២នាក់ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការស្រាវជ្រាវតាមជំនាញ អស់រយៈពេលជាច្រើនថ្ងៃ រហូតដល់ថ្ងៃទី១៩ខែឧសភា ឆ្នាំ២០១៨ ទើបចុះប្រតិបតិ្តការខ្លួនជនសង្ស័យទាំង២នាក់បងប្អូន នៅទីតាំងផ្សេងគ្នាដែរម្ដង។ តាមប្រភពព័ត៌មាននារីរងគ្រោះ បានរាប់រៀបប្រាប់ថា កាលពីថ្ងៃបុណ្យចូលឆ្នាំ រូបនាង បានស្គាល់គ្នាជាមួយស្ត្រីម្នាក់ ឈ្មោះ ទេព សាលី ភេទស្រី អាយុ៣០ឆ្នាំ បានបបួលរូបនាងខ្ញុំអោយទៅប្រទេសចិន ងាយរកលុយ ហើយបើរូបនាងព្រមទៅ ពេលទៅដល់ប្រទេសចិន និងវេលុយអោយឪពុកម្ដាយនាង៣៥០០ ដុល្លារតែម្ដង ពេលនោះ រូបនាងថា ចាំគិតមើលសិន។ រយៈក្រោយមក ស្ត្រីឈ្មោះ ទេព សាលី បានទាក់ទងមក បញ្ចុះបញ្ចូលរាល់ថ្ងៃ ថាបើ ព្រមទៅប្រទេសចិន រូបគាត់នឹងថែមលុយអោយច្រើនយ៉ាងនេះទៀត ស្ដាប់យូៗទៅ រូបភាព ក៏សម្រេចចិត្តថា ទៅព្រោះ គិតថាចង់បានលុយដើម្បីផ្ញើជូនឪពុកម្ដាយ។ បន្ទាប់មកទៀត ពេលដែររូបនាងលើព្រមថាទៅ ស្ដ្រីឈ្មោះ សាលី បានអោយប្អូនប្រុសរបស់គាត់ ឈ្មោះ ទេព ជី ទាក់ទងមកនាង ដើម្បីយកទៅធ្វើលិខិតឆ្លងដែន(ធ្វើ១ថ្ងៃយកតែម្ដង តម្លៃ២៣០$)។

នគរបាល បានបញ្ជាក់ប្រាប់ថា ជនសង្ស័យ ដែលនគរបាលឃាត់ខ្លួនបាន មានគោលបំណងនាំនារីគ្រោះ ចេញទៅប្រទេសចិន តាមច្រកបាវិត ចូលប្រទេសវៀតណាម រួមឡើងយន្តហោះទៅប្រទេសចិនតែម្ដង។ ចំណែកនារីរងគ្រោះ ត្រូវបានកម្លាំងនគរបាលប្រគល់ជូនសង្គមកិច្ចដើម្បីធ្វើការអប់រំ៕

website_news/2018210504.txt · Last modified: 2018/05/21 15:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki