website_news:2018210801

តុលាការបង្គាប់ឱ្យឃុំខ្លួនចិន៨នាក់ ខណៈអ្នកប្រព្រឹត្តល្មើសជាតិចិនមានច្រើនជាងគេ

https://www.postkhmer.com/ ឃុត សុភចរិយា | Publication date 20 August 2018 | 21:16 ICT

ព្រះសីហនុៈ មន្ត្រីនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ លោកលឹម ប៊ុនហេង បានថ្លែងនៅថ្ងៃទី២០ សីហានេះថា បុរសជនជាតិចិន៨នាក់ក្នុងចំណោមមនុស្សប្រុស-ស្រី២១នាក់ដែលកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនកាលពីថ្ងៃសៅរិ៍នោះត្រូវបានតុលាការខេត្តព្រះសីហនុសម្រេចចោទប្រកាន់ពីបទ«ប្រព្រឹត្តអំពើសច្ចារកម្ម» និងបានបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារខេត្ត ខណៈជនល្មើសជាតិចិនមានច្រើនជាងក្នុងចំណោម២៥ជាតិសាសន៍។ បុរសជនជាតិចិនទាំង៨នាក់ រួមមាន ឈ្មោះ Jung Ming Chin អាយុ៣៣ឆ្នាំ ជាម្ចាស់ហាងម៉ាស្សាចិន, Yang Chekhov អាយុ២៣ឆ្នាំ, Shi Sin អាយុ២០ឆ្នាំ, YULI QING អាយុ៤៦ឆ្នាំ, WANG WEIHOO អាយុ១៥ឆ្នាំ, YIN SONG PING អាយុ៣២ឆ្នាំ, ZHOU DONG YONG អាយុ២៨ឆ្នាំ និង ម្នាក់ទៀតឈ្មោះ WANG TAO អាយុ២៣ឆ្នាំ។ ពួកគេទាំង៨នាក់ មានទីលំនៅបណ្ដោះអាសន្ននៅភូមិ៣សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ លោក ប៊ុន ហេង បានបញ្ជាក់ថា៖«ពេលនេះ ជនសង្ស័យទាំង៨នាក់ខាងលើនេះត្រូវបានសមត្ថកិច្ចនគរបាលយុត្តិធម៌នាំយកទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅពន្ធនាគារខេត្ត បន្ទាប់ពីចៅក្រមស៊ើបសួរ បានចោទប្រកាន់ពីបទ សច្ចារកម្ម»។ យោងបទចោទប្រកាន់ខាងលើនេះពួកគេនឹងប្រឈមការផ្ដន្ទាទោសជាប់ពន្ធនាគារក្នុងម្នាក់ៗយ៉ាងតិចរយៈពេល២ឆ្នាំ។

លោក ប៊ុន ហេង ក៏បានឲ្យដឹងផងដែរថា ចំពោះបុរស-ស្ត្រី១៣នាក់រួមទាំងពលរដ្ឋខ្មែរ៥នាក់ផងត្រូវបានតុលាការសម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញ ដោយសារតុលាការរកឃើញថា ពួកគេជាជនរងគ្រោះ។ ក្នុង រយៈពេល៦ខែដើមឆ្នាំនេះជនជាតិចិនត្រូវបានរកឃើញថា ស្ថិតក្នុងលំដាប់ទី១ក្នុងចំណោមជនបរទេសចំនួន២៥ជាតិសាសន៍ដែលបានប្រព្រឹត្តបទល្មើសនៅកម្ពុជាជាពិសេសបទល្មើសគ្រឿងញៀន។ នេះតាមរបាយការណ៍របស់បណ្ដាញសារព័ត៌មានក្នុងស្រុកដែលបានដកស្រង់សម្ដី លោក ថោង លីម អគ្គស្នងការរងនគរបាលជាតិកន្លងទៅនេះ។ លោកបានបញ្ជាក់ថា ជនបរទេសដែលបានប្រព្រឹត្តបទល្មើសលើទឹកដីកម្ពុជាក្នុងរយៈពេល៦ខែដើម ឆ្នាំ២០១៨នេះមានចំនួន៨៨ករណីក្នុងនោះ១៧ករណីជាបទល្មើសគ្រឿងញៀន ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន៣៧៨នាក់ដែលមាន២៥ ជាតិសាសន៍ក្នុងនោះជនជាតិចិនមាន«ច្រើនជាងគេ»គឺមាន២៥៧នាក់, នីហ្សេរីយ៉ា ៣៧នាក់, វៀតណាម ១៤នាក់, ថៃ ១២នាក់ និងកូរ៉េខាងត្បូង ៨នាក់។ ភូមិសាស្ត្រដែលកើតមានច្រើនជាងគេគឺនៅរាជធានីភ្នំពេញ»។

លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិនៅថ្ងៃទី២០សីហានេះក៏បានថ្លែងស្រដៀងគ្នាដែរថាតួលេខនៃរបាយការណ៍ខាងលើនេះគឺអគ្គស្នងការនគរបាលជាតិប្រមូលបានពីតាមបណ្ដាខេត្ត និងរាជធានី ទាំង២៥នៅទូទាំងប្រទេសកម្ពុជា ហើយថាវាជារបាយការណ៍«ត្រឹមត្រូវ»។

ជុំវិញករណីនេះ ក្រុមអ្នកវិភាគសង្គមជាច្រើនបានលើកឡើងថា វត្តមានរបស់ជនជាតិចិនមិនមានអ្វីគួរឲ្យបារម្ភឬភ័យខ្លាចនោះទេប្រសិនបើអាជ្ញាធរពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងទទួលខុសត្រូវចំពោះមុខងាររបស់ខ្លួន។ លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានកោតសរសើរនិងលើកទឹកចិត្តចំពោះសមត្ថកិច្ចចំពោះការប្រឹងប្រែងចុះបង្ក្រាបចាប់ជនបរទេសដែលបានប្រព្រឹត្តបទល្មើសផ្សេងៗនៅកម្ពុជាក្នុងនោះរួមមានបទល្មើស គ្រឿងញៀន ជួញដូរផ្លូវភេទ ចាប់ជំរិត ឃាតកម្ម លួច ប្លន់ និងបទល្មើសគ្រោះថ្នាក់ចរាចរណ៍ដើម្បីភាពសុខសាន្តរបស់ពលរដ្ឋកម្ពុជា។ ប៉ុន្តែ លោក សន ជ័យ ក៏បានរិះគន់ផងដែរថា៖«ការអនុវត្តច្បាប់របស់មន្ត្រីពាក់ព័ន្ធហាក់នៅមានភាពធូររលុង ដោយបានបណ្ដែតបណ្ដោយឲ្យជនបរទេសពិសេសជនជាតិចិនធ្វើសកម្មភាពបំពាបំពានច្បាប់កម្ពុជាដូចជាជួលរថយន្តពាក់ស្លាកលេខ(ខ.ម) និង (ន.ប) ទៅជិះហើយប្រព្រឹត្តបទល្មើសចរាចរណ៍ជាដើម»។

ចំណែក លោក ហង្ស វិទូ ប្រធានក្រុមវេទិកាអ្នកវិភាគវ័យក្មេង បានលើកឡើងថា វត្តមានរបស់ជនជាតិចិន ដែលកំពុងបង្កភាពអនាធិបតេយ្យនៅកម្ពុជានាពេលថ្មីនេះបានបង្ហាញថា ប្រទេសកម្ពុជាកំពុងជួបនូវវិបត្តិសង្គមធ្ងន់ធ្ងរដោយសារភាពខ្វះចន្លោះនៃការអនុវត្តច្បាប់របស់មន្ត្រីពាក់ព័ន្ធកម្ពុជា។ លោកបានបន្តថា៖«ប្រសិនជាគ្រប់ស្ថាប័នពាក់ព័ន្ធមានការគោរព និងអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវនិងត្រូវញែកឲ្យដាច់ពីទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ កម្ពុជា-ចិនទៅនឹងរឿងបុគ្គលដែលប្រព្រឹត្តបទល្មើសដោយចាត់វិធានការឲ្យបានតឹងរ៉ឺងទៅតាមនីតិវិធីច្បាប់និងដោយ គ្មានការលើកលែងនោះជនជាតិចិនដែលខិលខូចនឹងមិនអាចមានវត្តមាននៅកម្ពុជាឬ ប្រព្រឹត្តបទល្មើសបានទេ»៕

website_news/2018210801.txt · Last modified: 2018/08/21 14:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki