website_news:2018210803

ក្រសួងការងារប្រាប់ឲ្យជនបរទេសទាំងថៅកែ និងពលករ ចុះបញ្ជីនៅក្រសួង

http://wmc.org.kh/ ថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨ លៀ ស៊ីណា

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី២០ ខែសីហា ម្សិលមិញ បានចេញសេចក្ដីជូនដំណឹងមួយស្ដីពីការស្នើសុំការអនុញ្ញាតិប្រើប្រាស់ហត្ថពលកម្មបរទេស (ពលករបរទេស) និងពន្យារសុពលភាពបណ្ណ ឬសៀវភៅការងារជនបរទេសសម្រាប់ឆ្នាំ២០១៩។ ក្រសួងការងារបានប្រាប់ឲ្យដឹងថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងជនបរទេសទាំងអស់ ដែលមានសេចក្ដីត្រូវការប្រើប្រាស់ហត្ថពលកម្មបរទេស សម្រាប់ឆ្នាំ២០១៩ ត្រូវដាក់សំណើរ សុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ ដោយឡែកសម្រាប់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងឡាយ ដែលបានប្រើប្រាស់ហត្ថពលកម្មបរទេសនាពេលកន្លងមក ក៏ដូចជាជនបរទេស ដែលប្រកបមុខរបរណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញបែបបទពន្យារសុពលភាពបណ្ណ ឬសៀវភៅការងារជនបរទេសសម្រាប់ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។

សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ កាលពីដើមឆ្នាំ២០១៨កន្លងទៅនេះ បានបញ្ជក់ថា ជនបរទេសដែលកំពុងស្នាក់នៅ និងធ្វើការនៅកម្ពុជាមានជាង ១៦ម៉ឺននាក់ ក៏ប៉ុន្ដែមានជនបរទេសប្រមាណតែ ៥ម៉ឺន ៧ពាន់នាក់តែប៉ុណ្ណោះ ដែលមានប័ណ្ណការងារស្របទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច ការដែលមានជនបរទេសធ្វើការងារនៅកម្ពុជា ដោយមិនបានបង់ពន្ធជូនរដ្ឋ គឺវាបានធ្វើឲ្យបាត់បង់ចំណូលរបស់រដ្ឋ និងឱកាសការងាររបស់ពលរដ្ឋខ្មែរ។ សម្ដេចបន្ដថា លើសពីនេះ រដ្ឋាភិបាលបានបាត់បង់ប្រាក់ចំណូលក្នុងមួយឆ្នាំៗ ជាង ២០លានដុល្លារ ព្រោះតែជនបរទេស ទាំងថៅកែ និងពលករ មួយចំនួនមិនបានបង់ពន្ធជូនរដ្ឋ

ក្រសួងការងារ បានអះអាងថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងឡាយ និងជនបរទេស ដែលប្រកបមុខរបរណាមួយនៅកម្ពុជា ដែលមិនបានអនុវត្ដត្រឹមត្រូវតាមសេចក្ដីជូនដំណឹងនេះ ក្រសួងនឹងចាត់វិធានការ អនុវត្ដការផាកពិន័យតាមទោសប្បញ្ញត្ដិដែលមានចែងក្នុងជំពូកទី១៦ នៃច្បាប់ស្ដីពីការងារ៕

website_news/2018210803.txt · Last modified: 2018/08/21 14:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki