website_news:2018210804

អ៊ីតាលី គំរាមបញ្ជូនជនចំណាកស្រុក ១៨០ នាក់ទៅលីប៊ីវិញ

https://www.postkhmer.com/ AFP | Publication date 21 August 2018 | 09:40 ICT

ក្រុងរ៉ូមៈ រដ្ឋមន្ត្រីមហាផ្ទៃអ៊ីតាលីកាលពីថ្ងៃអាទិត្យ បានគំរាមបញ្ជូនមនុស្សប្រហែល ១៨០ នាក់ ដែលជាប់ ៣ ថ្ងៃនៅលើនាវារបស់ឆ្មាំសមុទ្រអ៊ីតាលីត្រឡប់ទៅប្រទេសលីប៊ីវិញប្រសិនបើ EU មិនចូលរួមជួយដោះស្រាយបញ្ហាជនចំណាកស្រុកជាមួយប្រទេសម៉ាល់ត៍ទេនោះ។ មនុស្ស ១៧៧ នាក់ បានជាប់នៅកោះ Lampedusa របស់អ៊ីតាលី ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ក្រោយពីត្រូវបានជួយសង្រ្គោះដោយនាវា Diciotti របស់ឆ្មាំសមុទ្រហើយអ៊ីតាលីកំពុងធ្វើការជាមួយប្រទេសម៉ាល់ត៍ថាតើនរណាគួរទទួលយកពួកគេ? នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Salvini បានថ្លែងថា៖«អឺរ៉ុបក៏បានសម្រេចចិត្តជួយប្រទេសអ៊ីតាលី ដោយបានចាប់ផ្តើមជាមួយជនចំណាកស្រុក ១៨០ នាក់ ដែលនៅលើនាវា Diciotti នោះ ហើយយើងនឹងត្រូវបង្ខំចិត្តធ្វើអ្វីដែលនឹងបញ្ចប់ជំនួញរបស់ក្រុមអ្នកជួញដូរមនុស្ស។ នោះមានន័យថា នាំមនុស្សដែលត្រូវបានជួយនៅក្នុងសមុទ្រត្រឡប់ទៅប្រទេសលីប៊ីវិញ»។ ការរំលោភសិទ្ធិមនុស្សច្រើនរាប់មិនអស់ ត្រូវបានរាយការណ៍នៅក្នុងមជ្ឈមណ្ឌលឃុំឃាំង ដែលឃុំខ្លួនក្រុមជនចំណាកស្រុកដែលសង្ឃឹមថានឹងធ្វើដំណើរឆ្លងមហាសមុទ្រមេឌីទែរ៉ាណេ និងទៅដល់អឺរ៉ុប។ នាវា Diciotti ត្រូវបានចតនៅឆ្នេរ Lampedusa ខណៈរដ្ឋាភិបាលអ៊ីតាលី ដែលបានឡើងកាន់តំណែង តាំងពីខែមិថុនាបានទាមទារថា ប្រទេសម៉ាល់ត៍ គួរតែទទួលយកអ្នកដំណើរទាំងនោះ៕

website_news/2018210804.txt · Last modified: 2018/08/21 14:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki