website_news:2018210902

ក្រៅពីធ្វើស្រែចម្ការហើយគាត់នៅបន្តដាំដំណាំទៀត ប្រសើរជាងចំណាកស្រុក

https://kohsantepheapdaily.com.kh/article/ ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨ ម៉ោង ០៨:១០ ប៊ុន ធឿន

ខេត្តបន្ទាយមានជ័យ ៖ ប្រជាកសិកររស់នៅតាមដងស្ទឹងមង្គលបូរីទំនេរពីធ្វើស្រែបាននាំគ្នាដាំស្ពៃលក់នៅទីផ្សាក្នុងស្រុកអាចជួយដល់ជីវភាពដោយមិនបាច់ចំណាកស្រុកធ្វើនៅប្រទេសក្រៅ ។ ប្រជាកសិករដែលដាំដំណាំស្ពៃបានប្រាប់ថា ប្រជាកសិករទំនេរពីធ្វើស្រែបាននាំគ្នាដាំបន្លែដំណាំបន្លៃស្ពៃ តាមដងស្ទឹង ស្ថិតក្នុងភូមិនាងកេត ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ។ ប្រជាកសិករបានបញ្ជាក់ថា នៅអំឡុងពីនេះ គឺភាគច្រើនប្រជាកសិករដាំដំណាំស្ពៃខាត់ណា ដាំរយៈពេលជាង៣០ថ្ងៃ ទទួលផលលក់១គីឡូក្រាម តម្លៃ៣.០០០រៀល និងស្ពៃសរ ដាំរយៈពេល១៥ថ្ងៃ ទទួលផល១គីឡូក្រាមតម្លៃ២.០០០រៀល ស្ពៃថៃស៊ីម រយៈពេល២៥ថ្ងៃទទួលផល១គីឡូក្រាមតម្លៃ១.៥០០រៀល ដែលដាំជារបៀបគ្រួសារមានផ្ទៃដីដាំជាមធ្យម៥០ម៉ែត្រ គុណ៧០ម៉ែត្រ ដែលអាចរកចំណូលដាំក្នុងវគ្គបានប្រមាណ១ទៅ២លានរៀល ។

ប្រជាកសិករបានប្រាប់ថា ការដាំដំណាំស្ពៃដែលប្រជាកសិករដាំងាយស្រួលដាំ និងទីផ្សាលក់ឲ្យឈ្មួញមកទទួលទិញមកដល់ចម្ការលក់ទីផ្សាក្នុងស្រុក ដែលបានកម្រៃប្រសើរជាងធ្វើចំណាក់ស្រុកទៅប្រទេសក្រៅ តែសុំមន្ត្រីជំនាញជួយផ្តល់បទពិសោធន៍ការដាំបន្លែ ហើយកន្លងមកដាំតាមគ្នា តែទទួលផលមិនបានល្អប៉ុន្មានទេ ។

លោកផាន់ ណារ៉ា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យបានប្រាប់ថា ខេត្តបន្ទាយមានជ័យឆ្នាំ២០១៨នេះ ប្រជាកសិករដាំបន្លែគ្រប់មុខ មានផ្ទៃដី២.១៤៣ហិកតា បើប្រៀបធៀបឆ្នាំ២០១៧ មានផ្ទៃដីដាំបន្លែមាន១.៣៧៨ហិកតាដោយនៅស្រុកមង្គលបូរី មានផ្ទៃដីដាំបន្លែមាន៣២៩ហិកតា ។ លោកបានបញ្ជាក់ថា ការដាំបន្លែភាគច្រើនប្រជាកសិករដាំនៅពេលដែលទំនេរ ពីធ្វើស្រែនាំគ្នាធ្វើចម្ការដែលមន្ត្រីជំនាញបានធ្វើការណែនាំឲ្យដាំតាមលក្ខណៈបច្ចេកទេស ទើបទទួលផលល្អ និងងាយរកទីផ្សារ ៕

website_news/2018210902.txt · Last modified: 2018/09/21 13:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki