website_news:2018211101

ជើងកាងផ្ទះបន ខឹងនារីបំរើសេវាផ្លូវភេទ មិនព្រមទទួលភ្ញៀវ វាយធ្វើទារុណកម្មរហូតដល់ស្លាប់, ជនដៃដល់២នាក់ត្រូវនគរបាលតាមចាប់ខ្លួន និងបញ្ជូនទៅតុលាការ

http://freshnewsasia.com/ 2018-11-20

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែវិឆ្ឆិកា ឆ្នាំ២០១៨នេះ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានធ្វើការបង្ហាញមុខជនសង្ស័យជាឃាតកប្រុសស្រី២នាក់ ដែលធ្វើទារុណកម្មនារីរកស៊ីផ្លូវភេទម្នាក់ រហូតដល់ស្លាប់ រួចពួកគេទាំង២នាក់នេះ ក៏បានដឹកសពជនរងគ្រោះ យកទៅបោះចោលនៅឈានបដ្ឋានវត្តទឹកថ្លា កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងមកនេះ។ លោក ហួរ ម៉េងវ៉ាង បានប្រាប់អ្នកយកព័ត៌មានថា ជនសង្ស័យជាឃាតកដៃឆៅទាំង២នាក់ ទី១-ឈ្មោះ ង្វៀង យុំាងចូវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ អ្នកមើលការខុសត្រូវស្រីបម្រើផ្លូវភេទ ស្នាក់នៅផ្ទះលេខ១៥៨ ផ្លូវ៥៩៨ ភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងទី២-ឈ្មោះ ង្វៀង ធីយុង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ឥវ៉ាន់ ស្នាក់នៅផ្ទះលេខ១៥៩ ផ្លូវ៥៩៨ ភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកឯនារីរងគ្រោះឈ្មោះ ង្វៀង ធីយុង អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរស្រីបម្រើផ្លូវភេទ ស្នាក់នៅផ្ទះលេខ១៥៨ ផ្លូវ៥៩៨ (តំបន់ត្រឡោកបែក)ភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ សម្រាប់មូលហេតុនោះ ត្រូវបានលោកអធិការប្រាប់ថា បណ្តាលមកពីចាប់បង្ខំនារីរងគ្រោះឲ្យទទួលភ្ញៀវរួមភេទខ្លាំងពេក តែនារីរងគ្រោះមិនព្រម ក៏វាយសម្លាប់តែម្តង។

លោក ហួរ ម៉េងវ៉ាង បានបន្តទៀតថា កាលពីយប់រំលងអាធ្រាត្រថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានជនមិនស្គាល់មុខ បានដឹកនារីរងគ្រោះអាយុប្រហែលជាង២០ឆ្នាំ ជាជនជាតិវៀតណាម ដាក់តាមរ៉ឺម៉ក់ យកទៅទុកចោកនៅឈាបនដ្ឋានវត្តទឹកថ្លា ហើយបានប្រាប់លោកតាអាចារ្យ ឲ្យទៅហៅបងប្អូនជនរងគ្រោះ។ ក្រោយមកជនសង្ស័យទាំងនោះ ក៏នាំគ្នាគេចខ្លួនបាត់តែម្តង។ លុះដល់រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមិនឃើញមានសាច់ញាតិបងប្អូនណាមកដល់ ទើបលោកតាអាចរ្យ រាយការណ៍ប្រាប់ទៅសមត្ថកិច្ចជំនាញ ដើម្បីចុះមកកន្លែងតម្កល់សាកសព។ ភ្លាមៗនោះ ក្រោយពីទទួលបានដំណឹងនេះ សមត្ថកិច្ចជំនាញខណ្ឌ បានចុះទៅពិនិត្យ និងទាក់ទាងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្រោយពេល សមត្ថកិច្ចជំនាញផ្នែកកោសល្យវិចិយ ចុះមកដល់បានពិនិត្យឃើញថា សាកសពនារីរងគ្រោះខាងលើនេះ ត្រូវគេវាយ និងធ្វើទារុណកម្មបណ្តាលឲ្យរងរបួសជាំពេញខ្លួន រហូតដល់ស្លាប់តែម្តង។ ក្រោយមក កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានសហការជាមួយនឹងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីស្វែងរកតាមចាប់ជនសង្ស័យដែលជាឃាតករដៃឆៅខាងលើ។ រហូតដល់យប់ថ្ងៃទី១៨ ខែវិឆ្ឆិកា ឆ្នាំ២០១៨ កម្លាំងនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ យកមកធ្វើការសាកសួរ នៅអធិការខណ្ឌសែនសុខ ដោយសង្ស័យពាក់ព័ន្ធ ក្នុងការវាយធ្វើទារុណកម្មលើនារីរកស៊ីផ្លូវភេទម្នាក់រហូតដល់ស្លាប់។

ក្រោយពីសាកសួរជនសង្ស័យទាំង ២នាក់ខាងលើរួចមក នៅព្រឹកថ្ងៃទី១៩ ខែវិឆ្ឆិកា ឆ្នាំ២០១៨ កម្លាំងនគរបាលខណ្ឌសែនសុខ បានសហការជាមួយកម្លាំងនគរបាលខណ្ឌទួលគោក ដើម្បីឆែកឆេរទីតាំងផ្ទះបនស្រី មួយកន្លែង ដែលជ្រកក្រោមសញ្ញាយីហោ ម៉ាស្សាកោសជប់ តាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាទីតាំងវាយធ្វើទារុណកម្មលើនារីរូបនោះ។ ចំណែកឯមេបន ដែលជាមេក្លោងប្រចាំនៅផ្ទះនេះ បានរត់គេចខ្លួនបាត់ស្រមោល។ ក្រោយធ្វើការបង្ហាញមុខជនសង្ស័យជាឃាតករដៃឆៅរួចមក សមត្ថកិច្ចបញ្ចូនពួកគេទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីដាក់ទោសតាមនីតិវិធីច្បាប់៕

website_news/2018211101.txt · Last modified: 2018/11/21 12:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki