website_news:2018211103

តំណាង UNODC ជួបពិភាក្សាការងារជាមួយតំណាងនគរបាលជាតិ

http://cambodiapolice.com/ 2:43 pm 20 វិច្ឆិកា 2018

ភ្នំពេញ ៖ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ូ សាគុណ និងលោកជំទាវ នាយឧត្តមសេនីយ៍ យក់ សុខា បានទទួលជួប មន្ត្រីការិយាល័យរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្ម UNODC ដឹកនាំដោយលោក Julien Garsany កាលពីថ្ងៃទី១៩ វិច្ឆិកា នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ក្នុងជំនួបនោះ លោក Julien Garsany បានធ្វើការណែនាំខ្លួនរបស់លោកក្នុងតួនាទីថ្មី ដែលលោកគឺជាអនុប្រធានការិយាល័យ UNODC ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងកិច្ចពិភាក្សាបានផ្តោតលើយុទ្ធសាស្ត្រ ទូទៅនិងកិច្ចការជាអាទិភាពរបស់នគរបាលជាតិកម្ពុជា ពាក់ព័ន្ធនឹងការងារគ្រប់គ្រងព្រំដែន និងបញ្ហាការជួញដូរខុសច្បាប់ ។

កិច្ចពិភាក្សាបានផ្តោតលើវិធានការណ៍ និងយន្តការសំដៅទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលកើតមានតាមតំបន់ព្រំដែន, ក្តីបារម្ភចំពោះការកើនឡើងនូវប្រភេទបទល្មើសគ្រឿងញៀនខុសច្បាប់, ការជួញដូរនិងរត់ពន្ធមនុស្សនៅតាមខ្សែបន្ទាត់ព្រំដែន, បញ្ហាប្រឈមជារួម ពាក់ព័ន្ធនឹងឧបាយកលនិងវិធីសាស្ត្រថ្មីៗរបស់ពួកឧក្រិដ្ឋជន, កិច្ចខិតខំប្រឹងប្រែងតស៊ូករណី និងការអនុវត្តតួនាទីភារកិច្ចជំនាញ។ កិច្ចពិភាក្សាបានផ្តោតផងដែរ លើការងារប្រឆាំងការជួញដូរមនុស្ស ដែលសង្កត់ធ្ងន់លើប្រភេទបទល្មើសថ្មីបំផុត គឺការស៊ីឈ្នួលពរពោះជំនួស និងការជួញដូរសរីរាង្គ ។

ក្នុងការពិភាក្សានោះថែមទៀត មន្ត្រីនគរបាលជាតិកម្ពុជា បានស្នើតំណាង UNODC បើកវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលជំនាញ និងការស្នើលើការជួយផ្តល់សម្ភារៈបច្ចេកទេស ពាក់ព័ន្ធនឹងបច្ចេកវិទ្យាទំនើបសម្រាប់បំរើការងារជំនាញ ។

តំណាង UNODC បានថ្លែងកោតសរសើរនគរបាលជាតិកម្ពុជា ចំពោះការប្តេជ្ញាទប់ស្កាត់និងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែន ដែលចាត់ទុកថា សកម្មភាពនេះគឺជាការចូលរួមចំណែកដែលមិនអាចខ្វះបានសម្រាប់ធានាសន្តិសុខនិងសុវត្ថិភាពនៅក្នុងតំបន់ ក៏ដូចជាសកលលោក ៕

website_news/2018211103.txt · Last modified: 2018/11/21 12:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki