website_news:2018211201

សមត្ថកិច្ច បញ្ជូនស្រ្តីម្ចាស់ទីតាំងម៉ាស្សា ដែលបង្កប់សេវាផ្លូវភេទដោយអនីតិជន នៅខណ្ឌចំការមន ទៅតុលាការ ខណៈនារីរងគ្រោះត្រូវបានរំដោះ ទៅរកលំនឹងជីវិតថ្មី

http://www.freshnewsasia.com/ 2018-12-21

(ភ្នំពេញ)៖ ស្ត្រីម្ចាស់ទីតាំងម៉ាស្សាមួយកន្លែង មានបង្កប់សេវាកម្មផ្លូវភេទ បម្រើដោយអនីតិជន នៅខណ្ឌចំការមន ត្រូវបានបញ្ជូនទៅតុលាការហើយ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ ខណៈនារីរងគ្រោះចំនួន៤នាក់ ត្រូវបានរំដោះឲ្យទៅរកលំនឹងជីវិតថ្មី។

សូមជំរាបថា កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយនគរបាលមូលដ្ឋាន ខណ្ឌចំការមន ចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោ ៩៩ មានបង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន ដោយឃាត់ខ្លួនមនុស្សចំនួន៦នាក់ ក្នុងនោះម្ចាស់ទីតាំងម្នាក់ នារីរងគ្រោះចំនួន៤នាក់ និងអ្នកដាំបាយម្នាក់។ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងកាលពីវេលាម៉ោង ៥៖៣០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ៦៥ ផ្លូវ៤៣២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ មានចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូង រាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ដោយ ឧត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ទៀង ពុទ្ធាវី ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅទីតាំងម៉ាស្សាផ្ទះលេខ៦៥ ផ្លូវ៤៣២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ កម្លាំងនគរបាល នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ទីតាំងម៉ាស្សាកោសជប់ យីហោ ៩៩ ចាប់ផ្ដើមបើកបម្រើសេវាចាប់ពីម៉ោង ៩៖០០ព្រឹក រហូតដល់យប់ជ្រៅរំលងអាធ្រាត ដោយមាននារីក្មេងចាស់ចំនួន៤នាក់ រង់ចាំភ្ញៀវ មកម៉ាស្សា និងម៉ាស្សាក្រលៀន (សម្រេចកាមដោយប្រើដៃ និងមាត់) តម្លៃចាប់ពី ១៥ដុល្លារអាមេរិក ទៅ២០ដុល្លារអាមេរិកក្នុងមួយដង។ក្រោយពេលបញ្ចប់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ចំនួន៦នាក់ រួមមាន ម្ចាស់ទីតាំងម្នាក់, នារីរងគ្រោះចំនួន៤នាក់ (អនីតិជនម្នាក់) និងអ្នកដាំបាយម្នាក់។ នេះបើតាមការឲ្យដឹងបន្ថែម ពីសមត្ថកិច្ច។

សូមបញ្ជាក់ផងដែរថា នារីរងគ្រោះទាំង៤នាក់នោះ ត្រូវបាននគរបាលប្រគល់ជូនអង្គការសង្គមកិច្ច ដើម្បីធ្វើការអប់រំ។ ចំណែក អ្នកដាំបាយម្នាក់ ត្រូវនគរបាលឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ ព្រោះគ្មានការពាក់ព័ន្ធ៕

website_news/2018211201.txt · Last modified: 2018/12/21 15:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki