website_news:2018220201

កំពូលជម្រះក្ដីបុរសម្នាក់ ដែលនាំមនុស្សទៅធ្វើកម្មករនេសាទនៅថៃ

http://www.postkhmer.com/ គឹម សារុំ | Publication date 21 February 2018 | 14:36 ICT

ភ្នំពេញៈ តុលាការកំពូលនៅថ្ងៃទី ២១ កុម្ភៈនេះ បានបើកសវនាការជំនុំជម្រះបុរសម្នាក់ពាក់ព័ន្ធនឹងការនាំយុវជនម្នាក់ទៅធ្វើជាកម្មករនេសាទនៅ ថៃ កាលពីឆ្នាំ ២០១៣ ជាសំណុំរឿងដែលតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់គុក ១៥ ឆ្នាំ។ តាមអង្គហេតុបុរសជាប់ចោទឈ្មោះឡូ ផល្លា អាយុ ៣៧ ឆ្នាំ រស់នៅខេត្តកណ្ដាល បានទៅធ្វើការនៅ ថៃ ជាអ្នកនេសាទត្រី។ លុះធ្វើការបាន ៦ ខែ ថៅកែខ្លួនខ្វះកម្មករហើយគាត់បានទូរស័ព្ទមកប្អូនប្រុសឲ្យទៅធ្វើការជាមួយ។ បន្ទាប់មក ប្អូនប្រុសគាត់បានបបួលបានមនុស្ស ១១ នាក់ទៅជាមួយ ។ អង្គហេតុបន្តថា បន្ទាប់ពីធ្វើការបានប៉ុន្មានខែយុវជនឈ្មោះ ពៅ សៀងហៃ អាយុ ២៣ ឆ្នាំ បានពុលរលកហើយប្រាប់ជនជាប់ចោទថា ចង់ត្រឡប់មកផ្ទះវិញ។ បន្ទាប់មកជនជាប់ចោទបានទូរស័ព្ទប្រាប់ម្តាយជនរងគ្រោះឲ្យផ្ញើលុយ និង យកយុវជននោះមកកម្ពុជាវិញ។ ពេលមកដល់ជនរងគ្រោះបានប្តឹងសមត្ថកិច្ចឲ្យចាប់ជនជាប់ចោទតែម្ដង។

រឿងនេះត្រូវសាលាដំបូងខេត្តកណ្ដាល ផ្តន្ទាទោសដាក់គុក ១៥ ឆ្នាំចោទពីបទ «នាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន » ហើយសាលាឧទ្ធរណ៍ ក៏បានតម្កល់សាលក្រមនេះផងដែរ។ ក្នុងបន្ទប់សវនាការលោកស្រី មេធាវី ថូ ណាវី ដែលការពារជនជាប់ចោទ សន្និដ្ឋានថា កូនក្តីលោកស្រីគ្មានចេតនានាំជនរងគ្រោះទៅថៃទេ តែជនរងគ្រោះលួចទៅដោយមិនប្រាប់ម្តាយឲ្យដឹង។ យ៉ាងណា «ខ្ញុំសុំឲ្យកូនក្តីខ្ញុំរួចខ្លួន » ។ ប៉ុន្តែលោកស្រី យឹម ថាវី មេធាវីការពារសិទ្ធិឲ្យជនរងគ្រោះសន្និដ្ឋានថា កូនក្តីលោកស្រីត្រូវបានប្អូនរបស់ជនជាប់ចោទបបួលទៅជាមួយហើយពេលទៅដល់ថៃ បានទូរស័ព្ទគំរាមម្តាយជនរងគ្រោះឲ្យផ្ញើលុយឲ្យ ដើម្បីបានកម្រៃក្នុងការងារនេះ។ លោកស្រីស្នើថា៖ «ខ្ញុំសូមតុលាការតម្កល់រឿងនេះទុកជាបានការដដែល » ។ សំណុំរឿងនេះត្រូវលោកចៅក្រម ស៊ឹង បញ្ញាវិឌ្ឍ ថ្លែងថា សាលដីកានឹង ប្រកាសនៅថ្ងៃទី ២៦ កុម្ភៈ ខាងមុខ ៕

website_news/2018220201.txt · Last modified: 2018/02/22 13:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki