website_news:2018220202

បុរសម្នាក់បដិសេធការចោទថា នាំមនុស្សទៅធ្វើកម្មករនេសាទ

http://www.postkhmer.com/ គឹម សារុំ | Publication date 22 February 2018 | 10:30 ICT

ភ្នំពេញៈ បុរសជាប់ចោទម្នាក់ពីម្សិលមិញបានបដិសេធនៅមុខចៅក្រមនៃតុលាការកំពូលពាក់ព័ន្ធនឹងបទចោទនាំយុវជនម្នាក់ទៅធ្វើកម្មករនេសាទនៅប្រទេសថៃកាលពីឆ្នាំ ២០១១ ខណៈរូបគេត្រូវបានតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់គុក ១៥ ឆ្នាំ។ ឆ្លើយក្នុងសវនាការ ខណៈតុលាការផ្តល់សិទ្ធិឲ្យជនជាប់ចោទប្រាប់ចៅក្រមថា ខ្លួនឈ្មោះ ឡូ ផល្លា អាយុ ៣៧ ឆ្នាំបានទៅធ្វើជាកម្មករនេសាទនៅប្រទេសថៃ។ លុះធ្វើបាន ៦ ខែ ថៅកែបានរកកម្មករបន្ថែមទើបខ្លួនបានទូរស័ព្ទមកប្រាប់ប្អូនប្រុសឈ្មោះ ឡូ ចិន្តា ឲ្យទៅ។ ជនជាប់ចោទបន្តថាពេលនោះប្អូនខ្លួនបាននាំមនុស្សក្នុងភូមិ ១១ នាក់រួមទាំងជនរងគ្រោះផង ហើយគាត់ក៏នាំឆ្លងដែនទៅដល់កន្លែងធ្វើការរបស់គាត់។ លុះជនរងគ្រោះចុះទូកនេសាទបានប៉ុន្មានថ្ងៃក៏ពុលរលកហើយក៏ពឹងឲ្យគាត់ទូរស័ព្ទប្រាប់ម្តាយឲ្យផ្ញើលុយទៅដើម្បីធ្វើសោហុយមកកម្ពុជាវិញ។ ជនជាប់ចោទថា៖ «ពេលជននេះដល់ផ្ទះក៏ប្តឹងនគរបាល ហើយគំរាមចាប់ឪពុកម្តាយខ្ញុំ ពេលនោះខ្ញុំមកពីថៃដើម្បីបកស្រាយក៏ត្រូវគេចាប់ខ្ញុំតែម្តង។ ខ្ញុំមិនបាននាំជនរងគ្រោះទៅទេតែគេលួចទៅមិនឲ្យម្តាយដឹង។ ខ្ញុំសុំឲ្យតុលាការដោះលែងខ្ញុំដើម្បីបានប្រកបការងារចិញ្ចឹមម្តាយចាស់»។

ដោយឡែកឈ្មោះ ពៅ សៀងហៃ អាយុ ២៣ ឆ្នាំបានឆ្លើយក្នុងសវនាការពីម្សិលមិញដែរថា ជនជាប់ចោទបានកុហក ព្រោះប្អូនគាត់ពេលនោះប្រាប់ថាទៅថៃរកលុយបានច្រើន គាត់ក៏លួចទៅតាមមិនប្រាប់ម្តាយទេ។ តែពេលគាត់មិនអាចធ្វើការបានក៏ប្រាប់ ឡូ ផល្លា ហើយគេប្រាប់ថា ឲ្យគាត់ទូរស័ព្ទមកម្តាយដើម្បីយកលុយសងគេ ព្រោះគេថាចំណាយលុយអស់ច្រើនដើម្បីរត់ការ។ សៀងហៃ បន្តថា៖ «ឡូ ផល្លា ប្រាប់ខ្ញុំថាបើខ្ញុំមិនសងលុយទេ គេនឹងលក់ខ្ញុំបន្តទៀត ហើយរឿងដែលគាត់និយាយប្រាប់តុលាការជាការកុហកទាំងអស់»។

ទោះយ៉ាងណាលោកព្រះរាជអាជ្ញា ឌុច គឹមសន តំណាងមហាអយ្យការសន្និដ្ឋានថា៖«ផ្អែកលើសាលក្រម និង សាលដីការបស់តុលាការថ្នាក់ក្រោម និងពិនិត្យលើអង្គហេតុបង្ហាញថាមានភ័ស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់។ ដូច្នេះខ្ញុំសូមតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ»។ ប៉ុន្តែលោកស្រី ថូ ណាវី និងលោកស្រី ផល គុណកញ្ញា មេធាវីចាត់តាំងការពារសិទ្ធិជនជាប់ចោទសន្និដ្ឋានដូចគ្នាថារឿងនេះសាលាដំបូងខេត្តកណ្តាលបានប្រកាសសាលក្រមនៅថ្ងៃទី ៥ កក្កដាឆ្នាំ ២០១២ ផ្តន្ទាទោសដាក់ពន្ធនាគារកូនក្តីលោកស្រី ១៥ ឆ្នាំ និងបង្គាប់ឲ្យសងជនរងគ្រោះ ៣០ លានរៀល។ កូនក្តីលោកស្រីមិនសុខចិត្តប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍តម្កល់ ១៥ ឆ្នាំដដែល។ លោកស្រីមេធាវីថា៖ «តាមពិតជនរងគ្រោះលួចទៅមិនប្រាប់ម្តាយ និងព្រមទៅខ្លួនឯង តែកូនក្តីខ្ញុំមានចេតនាត្រឹមត្រូវដើម្បីឲ្យគាត់បានមកផ្ទះវិញ។ សូមតុលាការឲ្យកូនក្តីខ្ញុំរួចពីបទចោទ»។

រីឯលោកស្រី យឹម ថាវី មេធាវីការពារសិទ្ធិឲ្យឈ្មោះ ពៅ សៀងហៃ សន្និដ្ឋានថា ជនជាប់ចោទបើចង់នាំប្អូនទៅហេតុអីក៏កៀរគរមនុស្សទៅច្រើនហើយពួកគេទៅសុទ្ធតែគ្មានច្បាប់ត្រឹមត្រូវទៀត។ បើដឹងថាខុសច្បាប់ហេតុអីក៏នាំពួកគេឆ្លងដែនរហូតដល់កន្លែងធ្វើការ។ «ខ្ញុំសូមតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ»។ ក្រោយជំនុំជម្រះលោកចៅក្រម ស៊ឹង បញ្ញាវុឌ្ឍ ថ្លែងថាសាលដីកានេះប្រកាសនៅថ្ងៃទី ២៦ កុម្ភៈខាងមុខ៕

website_news/2018220202.txt · Last modified: 2018/02/22 13:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki