website_news:2018220203

អាជ្ញាធរបាត់ដំបង ស្នើអាជ្ញាធរ ច័ន្ទបុរី កុំប្រើហិង្សាលើពលករខ្មែរ ពេលឆ្លងដែនខុសច្បាប់

https://www.dap-news.com ថ្ងៃពុធ, ២១ កុម្ភៈ ២០១៨ 16:08 ដោយ: រិទ្ធិ ជ័យ ID:102

បាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង បានស្នើដល់ភាគី ស្នងការនគរបាល ខេត្តច័ន្ទបុរី ប្រទេសថៃ ជួយផ្ដល់ព័ត៌មាន ពីបញ្ហាលួចឆ្លងដែនខុសច្បាប់ ឬការប្រព្រឹត្តបទល្មើសផ្សេងៗ របស់ពលរដ្ឋខ្មែរ ក្នុងទឹកដីថៃ ចៀសវាងការប្រើហិង្សាលើពួកគាត់ ។ ក្នុងកិច្ចប្រជុំពិភាក្សាការងារ រឹតបន្តឹងកិច្ចសហប្រតិបត្តិការ រវាងនគរបាលខេត្តបាត់ដំបង និងខេត្តច័ន្ទបុរី នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានស្នើដល់ភាគីខេត្តច័ន្ទបុរី បង្កើតឲ្យមានការផ្លាស់ប្តូរព័ត៌មាន ទាក់ទងនឹងស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់ព្រំដែន និងស្ថានភាពរបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាពិភាក្សា ដោះស្រាយរាល់បញ្ហាប្រឈម ដែលកើតឡើងបានទាន់ពេលវេលា ។ ព្រមជាមួយនេះ លោកស្នងការ ស្នើឲ្យមានកិច្ចសហប្រតិបត្តិការ បង្ការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ នៅតាមព្រំដែន ពិសេសឧក្រិដ្ឋកម្មឆ្លងដែន ។ សូមជូនដំណឹងបានទាន់ពេលវេលា មកសមត្ថកិច្ចកម្ពុជា នៅព្រំដែន ក្នុងករណីមានការឃាត់ខ្លួនពលករខ្មែរ ដែលប្រព្រឹត្តិបទល្មើស នៅក្នុងទឹកដីថៃ ព្រមទាំងពិនិត្យមើលបញ្ហា ដឹកពលករខ្មែរ តាមរថយន្តដែលដាក់ត្រួតគ្នាច្រើនៗផងដែរ

ជាការរឆ្លើយតប លោកឧត្តមសេនីយ៍ត្រី ចារ៉ាន់ ជីតជឺជុន (JARUN JITJUAJUN) ស្នងការនគរបាលខេត្តច័ន្ទបុរី បានយល់ព្រមទទួលយក សំណើររបស់ស្នការនគរបាល ខេត្តបាត់ដំបង ដោយយកទៅពិនិត្យពិចារណា ។ លោកឧត្តមសេនីយ៍ត្រី ចារ៉ាន់ ជីតជឺជុន បានបញ្ជាក់ថា ចំពោះច្បាប់អន្តោប្រវេសន៍ របស់ខេត្តច័ន្ទបុរី នៅពេលណាឃាត់ខ្លួនបានពលករខ្មែរ ឡាវ និងមីយ៉ាន់ម៉ា ដែលឆ្លងដែនចូលទឹកដី ខេត្តច័ន្ទបុរីខុសច្បាប់ នឹងត្រូវបញ្ជូនទៅកាន់ប្រទេសរៀងៗខ្លួនវិញភ្លាមៗ តែបើប្រជាជននៃប្រទេសផ្សេងទៀត នឹងត្រូវផ្ដន្ទាទោស តាមច្បាប់អន្តោប្រវេសន៍ របស់ថៃ មានការឃុំខ្លួន និងបង់ពិន័យជាដើម ។

ក្នុងឱកាសជាអធិបតី នៃកិច្ចប្រជុំពង្រឹងមិត្តភាព សាមគ្គីភាពនេះ លោកឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍ថា ជំនួបនេះពិតជាមានប្រយោជន៍ខ្លាំងណាស់ រវាងខេត្តទាំងពីរ ដោយភាគីទាំងអស់ នឹងអាចជួយគ្នា ក្នុងការទប់ស្កាត់បទល្មើសតាមព្រំដែន ដូចជាបទល្មើសគ្រឿងញៀន ជួញដូរមនុស្សជាដើម ។ ជាមួយគ្នានេះ លោកក៏ជំរុញ ដល់ភាគីទាំងពីរ នៅពេលមានកិច្ចប្រជុំលើកក្រោយ ត្រូវមានរៀបចំគណៈកម្មការបច្ចេកទេសមុន ដើម្បីឲ្យបានរៀបចំ នូវមាតិការកិច្ចប្រជុំ ឲ្យបានច្រើនចំណុច ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាឲ្យកាន់តែជិតស្និទ្ធថែមទៀត ។ សូមបញ្ជាក់ថា ក្រោយជំនួបនេះ ភាគីកម្ពុជា និងថៃ ក៏មានចុះកិច្ចព្រមព្រៀង ពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេរភាគីផងដែរ ៕

website_news/2018220203.txt · Last modified: 2018/02/22 13:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki