website_news:2018220206

រងការបំពាន ឬអត់ការងារធ្វើ ជម្រើសដ៏អាក្រក់របស់ពលករហ្វីលីពីន

http://km.rfi.fr/asia/ ដោយ អៀង សុខម៉ិញ ចុះផ្សាយនៅថ្ងៃ 22/02/2018

ក្រោយហេតុការណ៍ឃាតកម្មលើស្ត្រីអ្នកបម្រើតាមផ្ទះជាតិហ្វីលីពីន នៅកូវ៉ែតមក មានស្ត្រីហ្វីលីពីនជាច្រើនរយនាក់ផ្សេងទៀត បានសម្រេចចិត្តត្រលប់មកផ្ទះវិញ ជាមួយនឹងការរៀបរាប់ដ៏ជូរចត់។ ខ្លះត្រូវរងទុក្ខវេទនាដោយការធ្វើបាប លើរាងកាយ បង្អត់អាហារ … ពីសំណាក់ថៅកែជាម្ចាស់ផ្ទះ។ ខ្លះត្រូវបង្ខំចិត្តរត់ចេញទៅរស់នៅដោយខុសច្បាប់ … ស្តាប់ទៅគួរឱ្យអាសូរ ! ប៉ុន្តែស្ត្រីហ្វីលីពីនទាំងនោះភាគច្រើន គ្មានជម្រើសអ្វីក្រៅប៉ងត្រលប់ទៅផ្សងសំណាងនៅបរទេសទៀតទេ។ ហេតុការណ៍មរណៈរបស់នាង ហ្សូអាណា ដេម៉ាហ្វេលី Joanna Demafelis ពលករហ្វីលីពីនដែលបានស្លាប់ និងដែលគេបានរកឃើញសាកសពនៅក្នុងទូរទឹកកក កាលពីដើមខែកុម្ភៈ នៅក្នុងផ្ទះថៅកែកូវ៉ែតម្នាក់ បានឆ្លុះបញ្ចាំង និងបំផុសឱ្យឃើញអំពីលក្ខខណ្ឌជីវិត រងគ្រោះរបស់កម្មករបម្រើការតាមផ្ទះ នៅបរទេស។

ប្រធានាធិបតីហ្វីលីពីន លោក ឌុយទែរតេ បានចេញមុខការពារប្រជាពលរដ្ឋ និងបានចោទក្រុមថៅកែកូវ៉ែត ថាតែងតែរំលោភបំពានផ្លូវភេទស្ត្រីអ្នកបម្រើហ្វីលីពីន បង្ខំឱ្យធ្វើការ ដល់ទៅ ២១ម៉ោង ក្នុងមួយថ្ងៃ និងឱ្យញ៉ាំតែអាហារសំណល់។ ជាមួយនឹងការចោទសួរថាតើពេលណាក្រុមថៅកែបញ្ឈប់សកម្មភាពអមនុស្សធម៌លើពលករហ្វីលីពីន លោកឌុយទែរតេ បានចេញក្រិត្យហាមទាំងស្រុង មិនឱ្យពលរដ្ឋហ្វីលីពីនចុះកិច្ចសន្យាថ្មីទៅធ្វើការបម្រើតាមផ្ទះនៅរាជាណាចក្រកូវ៉ែតនេះទៀតទេ ហើយកំពុងស្វែងរកមធ្យោបាយពង្រឹងការការពារកម្មការិនី ដែលនៅលើទឹកដីនោះស្រាប់។ រដ្ឋាភិបាលហ្វីលីពីនបានចាត់វិធានការធ្វើមាតុភូមិនិវត្ត ដោយឥតគិតថ្លៃ នូវរាល់ពលករដែលចង់ត្រលប់មកមាតុប្រទេសវិញ។ ១៧០០នាក់ បានមកដល់ហ្វីលីពីនកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ ក្នុងនោះអ្នកជាពលករធ្វើការខុសច្បាប់ ដែលរដ្ឋាភិបាលកូវ៉ែតសុខចិត្តលាងទោសឱ្យតែត្រលប់ទៅផ្ទះ ឱ្យបានមុនថ្ងៃទី ២២កុម្ភៈ២០១៨។ ដូចបូសធ្លាយ ពលករ ធ្វើការនៅកូវ៉ែត ប្រមាណ ២៥២.០០០នាក់ ភាគច្រើនជាអ្នកបម្រើតាមផ្ទះ បានផ្តល់សក្ខីកម្ម ចុះផ្សាយយ៉ាងផុសផុលក្នុងទំព័រសារព័ត៌មាន រៀបរាប់អំពីបទពិសោធន៍ជីវិតដ៏ជូរចត់ ៖ រងការបំពារបំពានផ្លូវភេទ កេងកម្លាំងឥតអាសូរ វាយដំពីថៅកែផ្ទាល់ ពីក្រុមគ្រួសារ។

ម៉ារីសា (អាយុ៤០ឆ្នាំ) មីហ្សែល (អាយុ៣៤ឆ្នាំ) ឡូរ៉េនហ្សា (អាយុ៣៧ឆ្នាំ) ព្រមទាំងពលករបម្រើការតាមផ្ទះជាច្រើនទៀតដែលទើបបានមកដល់ផ្ទះវិញជាសាក្សី។ ពួកគេសុទ្ធតែត្រូវបានថៅកែវាយដំធ្វើបាប បង្អត់អាហារ ខ្លះទ្រាំបាន ខ្លះទ្រាំមិនបានក៏រត់គេចទៅធ្វើការនៅកន្លែងផ្សេង ដែលមានលក្ខខណ្ឌជីវិតប្រសើរជាង តែជាការងារខុសច្បាប់ ហើយត្រូវប្រឈមនឹងប៉ូលិស រស់លាក់ពួនក្នុងភាពភ័យភិតរហូត … ប៉ុន្តែទោះជាយ៉ាងដូច្នេះក្តី ក៏ពួកគេត្រៀមខ្លួនជាស្រេចនឹងត្រលប់ទៅកូវ៉ែត ឬទៅប្រទេសផ្សេងបើមាន ដើម្បីផ្សងសំណាងទៀតដដែល។ ហេតុអ្វី ? ចម្លើយមានតែមួយ ! ពលករទាំងនេះ ខ្លះត្រលប់មកស្រុកវិញគ្មានលុយក្នុងហោប៉ៅទេ ព្រោះប្រាក់ខែដែលបានត្រូវបញ្ជូនមកកូននិងគ្រួសាររាល់ខែអស់ទៅហើយ ហើយនៅហ្វីលីពីនជាស្រុកកំណើត ជាជំរកដ៏កក់ក្តៅមួយនេះ គ្មានទេទស្សនវិស័យការងារស្ថិតស្ថេរ។ គ្មានការងារធ្វើ តើធ្វើដូចម្តេចអាចរស់បាន ?!

មិនខុសអ្វីពីពាក្យចាស់បុរាណខ្មែរ ចុះទឹកក្រពើ ឡើងលើខ្លា តើត្រូវទៅផ្លូវណា ? រវាងមានសុខគេងអត់បាយ និងរងទុក្ខបានប្រាក់ខ្លះ តើត្រូវជ្រើសយកមួយណា ? មិនទេ ! គ្មាននរណាត្រូវការទេជម្រើសបែបនេះទេ ប៉ុន្តែសម្រាប់ស្ត្រីហ្វីលីពីន សេចក្តីត្រូវការរបស់គ្រួសារ នៅក្នុងប្រទេស មានទម្ងន់ធ្ងន់ជាងលក្ខខណ្ឌជីវិតរបស់ពួកគេផ្ទាល់ម្នាក់ឯងខ្លាំងណាស់ បើទោះបីជាពេលខ្លះជីវិតនោះមានជួបភាពព្រៃផ្សៃ រត់លូនលាក់ខ្លួនពីប៉ូលិសក៏ដោយ។ ម្យ៉ាងវិញទៀត សម្រាប់ហ្វីលីពីន អ្នកដែលបានទៅធ្វើការនៅបរទេសត្រូវបានចាត់ទុកជាវីរបុរស ជាអ្នកដែលបានចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ។ ព័ត៌មានទាក់ទងនឹងលក្ខខណ្ឌជីវិតរងទុក្ខ រងការធ្វើបាបរបស់ពលករ គឺជាប្រធានបទនយោបាយដ៏រសើបមួយ តែមិនបានបំបាក់ទឹកចិត្តហ្វីលីពីនឱ្យចាកចេញទៅរកការធ្វើនៅបរទេសឡើយ។

ជាសរុបមានជនជាតិហ្វីលីពីនប្រមាណជា ១០លាននាក់ ចេញទៅធ្វើការនៅបរទេស ក្នុងវិស័យផ្សេងៗ ក្នុងនោះមួយភាគធំជាស្ត្រីបម្រើតាមផ្ទះ។ បើតាមតួលេខរបស់ធនាគារកណ្តាលហ្វីលីពីន ប្រាក់ចំណូលរបស់គេ គឺជាប្រភពចំណូលសេដ្ឋកិច្ចដ៏ចំបងនៅមូលដ្ឋាន ដោយបានប្រមូលថវិកាប្រមាណ ជាង ២៨ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០១៧៕

website_news/2018220206.txt · Last modified: 2018/02/22 13:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki