website_news:2018220301

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ ជំរុញឲ្យមានកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ

http://www.rasmeinews.com/ March 22, 2018, 7:25 AM

ដោយ ៖ វិបុល/(ភ្នំពេញ) ៖ ក្រសួងការពារប្រទេសថៃ បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅ ថៃ-កម្ពុជា (GBC) លើកទី១៣ ដែលបានប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ដែលកិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយសហប្រធាន នាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសថៃ និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ លើកទី១៣នេះ មានគោលបំណងរំលឹកឡើងវិញ ក្នុងពេលកន្លងមកក្នុងការអនុវត្តការងារកំណត់ហេតុ កិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅលើកទី១២ រួមទាំងកំណត់ទិសដៅនៃកិច្ចសប្រតិបត្តិការ រក្សាសន្តិភាព ស្ថិរភាពនៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរកម្ពុជា-ថៃ។

នៅក្នុងកិច្ចប្រជុំនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងនាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃព្រះរាជាណាចក្រថៃឡង់ដ៍ បានសន្យារួមគ្នាថានឹងមិនឲ្យព្រំដែននៃប្រទេស ទាំងពីរមានបញ្ហាអ្វីកើតឡើងនោះឡើយហើយនឹងខិតខំធ្វើយ៉ាងណាជម្រុញឲ្យប្រជាជនប្រទេសទាំងពីរមានការអភិវឌ្ឍនិងរីកចម្រើនឡើងលើគ្រប់វិស័យថែមទៀត។នាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ បានលើកឡើងថា ដោយសម្ព័ន្ធមេត្រីភាពចំណងមិត្តភាពនិងមនោសញ្ចេតនាស្មោះត្រង់ រវាងកងទ័ពទាំងពីរ បានធ្វើឲ្យកិច្ចប្រជុំលើកនេះបានសម្រេចជោគជ័យដូចកិច្ចប្រជុំលើកមុនៗកន្លងមកដែល អាចភ្ជាប់កិច្ចសហប្របត្តិការដែលមានស្រាប់ព្រមទាំងការអភិវឌ្ឍឱ្យមានការរីកចម្រើនឡើងថែមទៀត និងផ្ដល់ផលប្រយោជន៍ឱ្យដល់ព្រំដែននៃប្រទេសទាំងពីរគឺជាព្រំដែនសុខសន្តិភាព មិត្តភាពកិច្ចសហប្រតិបត្តិការយ៉ាងពិតប្រាកដ។

ជាមួយគ្នានោះសម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានសម្ដែងនូវក្តីសោមនស្សរីករាយ ដោយបានឃើញភាពរីកចម្រើនយ៉ាងល្អប្រសើរក្នុងទំនាក់ទំនង និងកិច្ចសហប្របត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃដែលស្ដែងឲ្យឃើញ តាមរយៈការបង្កើតយន្តការប្រជុំប្រចាំ ឆ្នាំរវាងអគ្គមេបញ្ជាការកងទ័ព ការបង្កើនតួនាទីការិយាល័យទំនាក់ទំនងព្រំដែន ការចេញបញ្ជីឈ្មោះអ្នកទំនាក់ទំនងបន្ទាន់(Hotline) រវាងអាជ្ញាធរសន្តិសុខនៅតាមតំបន់ព្រំដែនគ្រប់លំដាប់ថ្នាក់ និងការពង្រឹងកិច្ចសហប្រតិបត្តិការលើអង្គភាពពេទ្យយោធា ដែលទាំងអស់នេះជាភស្តុតាងបង្ហាញនូវការវិវត្តន៍ជាវិជ្ជមាន ក្នុងភាពជាដៃគូនិងចំណងមិត្តភាពដ៏ល្អប្រពៃរវាងប្រទេសយើងទាំងពីរ សមស្របតាមតួនាទីដ៏សំខាន់នៃគណៈកម្មាធិការព្រំដែនទូទៅរបស់យើង លើវិស័យសន្តិសុខ សន្តិភាព និងការអភិវឌ្ឍជាដើម។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងទៀតថា ការប្រជុំថ្ងៃនេះមិនត្រឹមតែជាវេទិកាមួយផ្ដល់ឱកាសឲ្យយើង សម្រាប់ធ្វើការពិភាក្សានិងផ្លាស់ប្តូរទស្សនៈដ៏ល្អជាមួយគ្នាដើម្បីអភិវឌ្ឍន៍ប្រទេសជាតិនិងតំបន់ប៉ុណ្ណោះទេ តែក៏ជាចលករជំរុញអោយភាពជាដៃគូរវាងយើងកាន់តែស៊ីជម្រៅ និងបង្កើនការកសាងទំនុកចិត្តក្នុងគោលបំណងធានាការប្ដេជ្ញាចិត្តរបស់យើងក្នុងការការពារសន្តិភាពប្រកបដោយនិរន្តរភាពស្ថេរភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍តាមមាគ៌ាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-ថៃ កើតចំណងទាក់ទងល្អភាពជាដៃគូភាពជាអ្នកជិតខាងល្អប្រកបដោយមិត្តភាពនិងការគោរពគ្នាទៅវិញទៅមកលើគ្រប់វិស័យ ដោយអនុលោមទៅតាមផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាពលរដ្ឋបូជាសពទៅនឹងការរក្សាសន្តិភាពសន្តិសុខ និងសន្តិភាពនៅក្នុងតំបន់ទាំងមូលផងដែរ។

គួរបញ្ជាក់ដែរថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ លើកទី១៣ ត្រូវបានរៀបចំឡើងដោយយោងទៅតាម កិច្ចព្រមព្រៀងនៃការបង្កើតកិច្ចសហប្រតិបត្តិការព្រំដែនរវាងកម្ពុជា និងថៃ ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព និងសន្តិសុខក្នុងតំបន់ព្រំដែន ក៏ដូចជាការបន្ថែមនូវទំនាក់ទំនង រវាងកងទ័ព និងកងឯកភាពសន្តិសុខ ពាក់ព័ន្ធដទៃទៀតរបស់កម្ពុជា និងថៃ។ តាមរយៈកិច្ចប្រជុំនេះភាគីទាំងពីរ ក៏បានពិនិត្យឡើងវិញនូវលទ្ធផល នៃការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការផ្សេងៗ ដែលបានដាក់ចេញដោយកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅ លើកទី១២ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នៅខេត្តសៀមរាប ដូចជាកិច្ចសហប្រតិបត្តិការលើការឆ្លងកាត់ព្រំដែន បញ្ហាពលករ ការទប់ស្កាត់ និងបង្ក្រាបការជួញដូរគ្រឿងញៀន ការលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងកងទ័ពកម្ពុជា ជាមួយបណ្ដាអង្គភាពសន្តិសុខថៃ នៅតំបន់ព្រំដែន បញ្ហាកសិកម្ម បញ្ហាសុខភាពសាធារណៈ ការអភិវឌ្ឍន៍ ជាភាពរស់នៅ ការអប់រំ សាសនា និងវប្បធម៌។ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅលើកទី១៣នេះ ក៏បានជំរុញឲ្យភាគីទាំងពីរ កម្ពុជា-ថៃ បន្តនូវភារកិច្ចក្នុងការថែរក្សាសន្តិភាពស្ថេរភាព តាមបណ្តោយព្រំដែនប្រទេសទាំងពីរ ដោយស្របតាមគោលការណ៍ និងវិធានការដែលបានកំណត់ ក្នុងកំណត់ហេតុព្រមព្រៀង នៃកិច្ចប្រជុំលើកទី១៣នេះ លើគ្រប់ទិដ្ឋភាពទាំងអស់៕

website_news/2018220301.txt · Last modified: 2018/03/22 14:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki