website_news:2018220302

ពលករខ្មែរចំណាកស្រុកខុសច្បាប់នៅថៃប្រឈមមុខនឹងការបណ្តេញចេញ

https://wmc.org.kh/ ថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨ ធូ វីរៈ

ភ្នំពេញ៖ អាជ្ញាធរថៃនឹងចាប់ផ្តើមបណ្ដេញពលករបរទេសធ្វើការដោយខុសច្បាប់ទាំងអស់ក្នុងនោះរួមទាំងពលករកម្ពុជាបន្ទាប់ពីអាជ្ញាធរប្រកាសបិទការបន្តសុពលភាពប័ណ្ណស្នាក់នៅ និងធ្វើការបណ្តោះអាសន្នឬប័ណ្ណស៊ីជម្ពូនិងលិខិតទំនាក់ទំនងរវាងថៅកែនិងពលករនៅថ្ងៃទី៣១ ខែ មីនានេះ។ អ្នកនាំពាក្យក្រសួងការងារអះអាងថាយន្តការនេះមិនប៉ះដល់យុទ្ធនាការផ្តល់ភាពស្របច្បាប់ដល់ពលរដ្ឋកម្ពុជាទេ។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃចេញផ្សាយនៅថ្ងៃទី ១៩ មីនាថា អាជ្ញាធរថៃនឹងចាត់វិធានការយ៉ាងតឹងរឹងតាមច្បាប់ចំពោះពលករបរទេសទាំងអស់រួមទាំងពលករខ្មែរដែលស្នាក់នៅ និងធ្វើការដោយខុសច្បាប់នៅប្រទេសថៃ។ករណីនេះអាជ្ញាធរថៃនឹងលែងបន្តសុពលភាពប័ណ្ណស្នាក់នៅ និងធ្វើការបណ្តោះអាសន្នឬ ប័ណ្ណស៊ីជម្ពូ និងលិខិតទំនាក់ទំនងរវាងថៅកែនិងពលករ។ការអនុវត្តច្បាប់តឹងតែងចំពោះពលករបរទេសនឹងចាប់អនុវត្តនៅថ្ងៃទី១ ខែមេសា ឆ្នាំ ២០១៨ខាងមុខនេះ។ ជុំវិញការរឹតបន្តឹងពលករបរទេសនេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់អ្នកសារព័ត៌មានតាមរយៈលិខិតរបស់លោកនិយាយថាសុពភាពនៃការផ្តល់ប័ណ្ណមិនមែនសញ្ញាតិថៃ ពុំពាក់ព័ន្ធនឹងយុទ្ធនាការផ្តល់ភាពស្របច្បាប់របស់គណៈកម្មាធិការផ្តល់ភាពស្របច្បាប់សម្រាប់ពលករខែ្មរដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ។

លោក ហេង សួរ ពន្យល់ថា ការអនុវត្តច្បាប់តឹងតែងចំពោះពលករបរទេសធ្វើនៅប្រទេសថៃនេះ គ្រាន់តែជាការក្រើនរំលឹកនិងជូនដំណឹងដល់ពលករខ្មែរកំពុងស្នាក់នៅនិងធ្វើការនៅថៃមិនទាន់មានប័ណ្ណពណ៌ស៊ីជម្ពូ។ លោក ហេង សួរ បញ្ជាក់ថា ពលករខ្មែរអាចមកដាក់ពាក្យស្នើសុំបញ្ជាក់អត្តសញ្ញាណជាមួយគណៈកម្មាធិការផ្តល់ភាពច្បាប់ ក្រោយពីពលករខ្មែរទទួលបានប័ណ្ណពណ៌ស៊ីជម្ពូពីអាជ្ញាធរថៃ។ អ្នកនាំពាក្យរូបនេះ អះអាងថា គិតត្រឹមថ្ងៃចន្ទ ទី១៩ មីនានេះ គណៈកម្មការផ្តល់ភាពស្របច្បាប់ខ្មែរបានផ្តល់ភាពស្របច្បាប់ពលករខ្មែរសរុបជាង៣សែន៩ពាន់នាក់។លោកថាយុទ្ធនាការផ្តល់ភាពស្របច្បាប់សម្រាប់ពលករខ្មែរនៅបន្តសុពលភាពជាធម្មតា។

ជាមួយគ្នានេះ ស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ បានអំពាវនាវដល់ពលករខ្មែរទាំងអស់ដែលមមិនទាន់បន្តសុពលភាពប័ណ្ណស្នាក់នៅ និងធ្វើការបណ្តោះអាសន្នត្រូវប្រញាប់រួសរាន់មកបន្តសុពលភាពនៅការិយាល័យច្រកចេញចូលតែមួយឲ្យបានមុនថ្ងៃទី៣១ ខែ មីនានេះ។ បើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៧របស់ក្រសួងការបទេសនិងសហប្រតិបត្តិការណ៍អន្តរជាតិបង្ហាញថាយ៉ាងតិចពលករខ្មែរជិត១ពាន់នាក់ត្រូវបាននិរទេសពីប្រទេសថៃមកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ៕

website_news/2018220302.txt · Last modified: 2018/03/22 14:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki