website_news:2018220303

ប្រទេសថៃអះអាងជាថ្មីក្នុងការ «ចុះបញ្ជីស្របច្បាប់ដល់ ពលករបរទេស ៣.៨លាននាក់» មកពី មីយ៉ាន់ម៉ា កម្ពុជា និងឡាវ!

http://www.freshnewsasia.com/ 2018-03-22

(បាងកក)៖ រដ្ឋាភិបាលថៃ បានអះអាងឡើងវិញពីការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការចុះបញ្ជី និងផ្ដល់ភាពស្របច្បាប់ដល់ពលករចំណាកស្រុកជាង ៣.៨លាននាក់ មកពីប្រទេស មីយ៉ាន់ម៉ា កម្ពុជា និងឡាវ នៅត្រឹមចុងខែមីនានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨។ ជាមួយគ្នានោះដែរ បើតាមក្រសួងការងារថៃ រដ្ឋាភិបាលទីក្រុងបាងកក បានចាប់ផ្ដើមផ្ដល់សេវាកម្មស្របច្បាប់ ដល់ពលករបរទេស កាលពីដើមខែកុម្ភៈ តាមរយៈការបើកច្រកចេញចូលតែមួយជាង ៨០កន្លែង ដើម្បីផ្ដល់ភាពស្របច្បាប់ សម្រាប់ពួកគេទាំងអស់គ្នា ក្នុងគោលបំណងលុបបំបាត់ការរត់ពន្ធមនុស្សពលកម្មកុមារ និងការបង្ខំឱ្យធ្វើការនៅក្នុងប្រទេសថៃ។ «អ្វីដែលយើងកំពុងធ្វើ គឺមិនមែនជាការធ្វើទុក្ខលើអ្នកធ្វើការ ឬពលករចំណាកស្រុកនោះទេ។ តែផ្ទុយទៅវិញ យើងបាននិងកំពុងផ្ដល់ភាព ងាយស្រួលឱ្យពួកគេក្លាយជាអ្នកធ្វើការ ឬពលករស្របច្បាប់ ដែលអាចបម្រើការងារនៅក្នុងប្រទេសថៃ អនុឡោមតាមច្បាប់របស់ថៃ»។ នេះបើតាមមន្ត្រីក្រសួងការងារថៃ លោកស្រី អានុសារី ថាស៊ូវ៉ាន់ (Anusari Thapsuwan) ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯខេត្ត សាមុត សាខន (Samut Sakhon) កាលពីថ្ងៃចន្ទ។

គួរជំរាបថា ចាប់តាំងពីដើមខែកុម្ភៈ រដ្ឋាភិបាលថៃបានបង្កើត មជ្ឈមណ្ឌលច្រកចេញចូលតែមួយជាង ៨០កន្លែង ទូទាំងប្រទេស ដើម្បីផ្ដល់ភាពស្របច្បាប់ដល់ពលករបរទេសជាង ០២លាននាក់ ដែលខ្វះឯកសារស្របច្បាប់។ ដោយឡែក បើតាមរដ្ឋមន្ត្រីក្រសួងការងារថៃ លោក អាឌុល សាងស៊ីងកែវ (Adul Sangsingkeo) បច្ចុប្បន្នពលករបរទេសជាង ៣,៨០៩,៥១៩នាក់ កំពុងធ្វើការងារក្នុងប្រទេសថៃ ហើយ ១.៨លាននាក់ ក្នុងចំណោមនោះ កំពុងធ្វើការដោយស្របច្បាប់ ប៉ុន្តែពួកគេនៅតែត្រូវឆ្លងកាត់នីតិវិធីចុះឈ្មោះ ដើម្បីទទួលបានការអនុញ្ញាតឱ្យរស់នៅ និងទិដ្ឋាការធ្វើការងារស្របច្បាប់ ក្នុងប្រទេសថៃសម្រាប់រយៈពេល ០២ឆ្នាំ រហូតដល់ឆ្នាំ២០២០៕

website_news/2018220303.txt · Last modified: 2018/03/22 14:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki