website_news:2018220804

ឧស្សាហកម្មនេសាទថៃ ត្រូវការពលករមីយ៉ាន់ម៉ាចំនួន ៦ម៉ឺននាក់

http://kleykley.sabay.com.kh/ ថ្ងៃទី ២១ សីហា ២០១៨ ម៉ោង ១៦:៣៤

ប្រទេសថៃនឹងជ្រើសរើសពលករមីយ៉ាន់ម៉ាប្រមាណ ៦ម៉ឺននាក់ ដើម្បីបំពេញការងារក្នុងឧស្សាហកម្មនេសាទរបស់ខ្លួន។ នេះការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Adul Sangsingkeo ទៅអ្នកសារព័ត៌មាន អំឡុងទស្សនកិច្ចរបស់លោកនៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ។ យោងតាមសារព័ត៌មាន Myanmar Time នៅថ្ងៃទី ២១ សីហានេះ បានដកស្រង់សម្តីរបស់លោក Adul Sangsingkeo ថា គម្រោងជ្រើសរើសពលករមីយ៉ាន់ម៉ា នឹងត្រូវបង្កើតឡើង បន្ទាប់ពីប្រទេសទាំង២ សម្រេចចុះអនុសារណៈយោគយល់គ្នា ទៅលើសិទ្ធិការពារពលករនេសាទ។ ប្រភពដដែលបានឲ្យដឹងទៀតថា ភាគីទាំង២ ក៏បានពិភាក្សាគ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំង២ ស្វែងរកវិធីដើម្បីផ្ញើប្រាក់ត្រឡប់ទៅកាន់មីយ៉ាន់ម៉ាដោយស្របច្បាប់ និងយកចិត្តទុកដាក់លើពលករទាំងក្នុងស្រុក និងក្រៅស្រុក ដែលកំពុងធ្វើការក្នុងប្រទេសថៃ។ រដ្ឋមន្ត្រីក្រសួងការងារមីយ៉ាន់ម៉ា លោក U Thein Swe បាននិយាយថា រដ្ឋាភិបាល ចង់ធានាឲ្យបានថា ពលករមីយ៉ាន់ម៉ា មានការការពារស្របច្បាប់ មុននឹងបញ្ជូនពួកគេទៅធ្វើការនៅប្រទេសថៃ។ គួរបញ្ជាក់ដែរថា ពលករមីយ៉ាន់ម៉ាច្រើនជាង ៤ម៉ឺននាក់ កំពុងធ្វើការនៅក្នុងឧស្សាហកម្មនេសាទថៃ និងច្រើនជាង ៤៥០០០ នាក់ កំពុងធ្វើការនៅឧស្សាហកម្មផ្សេងៗទៀត។ ចំណែកឯ ពលករប្រមាណ ៥៨ ៧៤១នាក់ផ្សេងទៀត កំពុងធ្វើការនៅក្នុងបណ្ដារោងចក្រផលិតផល ដែលនេសាទពីសមុទ្រ៕

website_news/2018220804.txt · Last modified: 2018/08/22 15:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki