website_news:2018230101

រាជរដ្ឋាភិបាលនឹងធ្វើកន្លែងស្នាក់នៅបណ្ដោះអាសន្នដល់ពលករខ្មែរដែលថៃចាប់បញ្ជូនមកវិញ

http://bayontv.com.kh/ 22/01/2018

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលនឹងធ្វើកន្លែងស្នាក់នៅបណ្ដោះអាសន្នជូនដល់ពលករខ្មែរ ដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញក្នុងមួយថ្ងៃៗប្រមាណ១០០នាក់ តាមច្រកអន្តរជាតិប៉ោយប៉ែតនោះ។ ថ្លែងនៅក្នុងកម្មវិធីបិទស្តីពីការបូកសរុបលទ្ធផលការងារអត្តសញ្ញាណកម្ម ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងលើកទិសដៅបន្ត នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងមហាផ្ទៃសម្តេចក្រឡាហោម ស ខេង បានលើកឡើងថា នាពេលនេះសម្តេចបានសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរកទីកន្លែងដ៏សមគួរមួយនៅច្រកប៉ោយប៉ែតដើម្បីធ្វើកន្លែង ស្នាក់នៅបណ្តោះអាសន្នជូនដល់បងប្អូនពលករខ្មែរយើងដែលត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកវិញ ដោយសារតែពួកគាត់បានធ្វើការនៅប្រទេសគេដោយខុសច្បាប់នោះ។

សម្តេចក្រឡាហោម បានបន្តទៀតថា ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋខ្មែរបន្ថែមទៀតនោះ ក្រសួងមហាផ្ទៃបាននឹងកំពុងរៀបចំបើកបន្ថែមកន្លែងផ្តល់លិខិតឆ្លងដែនចំនួនបួនកន្លែងទៀត នៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកោះកុងនិងផ្សារអ៊ីអនទី២ ហើយលិខិតឆ្លងដែនដែលធ្វើរួចហើយនឹងផ្តល់ដល់ពួកគាត់តាមរយៈច្រកចេញចូលតែមួយផងដែរ។

បើយោងតាមឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ បានលើកឡើងថា ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៧នេះ ក្រសួងមហាផ្ទៃ បានផ្តល់លិខិតឆ្លងដែនដល់ពលរដ្ឋខ្មែរប្រមាណ១.០៨២.៩១៦នាក់ និងលិខិតធ្វើ ដំណើរជូនពលករកម្ពុជាទៅធ្វើការនៅបរទេសចំនួន៣៩៧.៨៣៨ននាក់។ យ៉ាងណាក៏ដោយពលករខ្មែរ ដែលធ្វើការនៅប្រទេសដែលមិនទាន់ស្របច្បាប់នោះ រាជរដ្ឋាភិបាលនឹងខិតខំធ្វើយ៉ាងណាសហការជា មួយនិងអាជ្ញាធរថៃដើម្បីផ្តល់ដល់ពួកគេជាបន្តបន្ទាប់។ ឯកឧត្តម ម៉ៅ ច័ន្ទតារា បានបន្តទៀតថាការងារផ្តល់លិខិតធ្វើដំណើរពលករកម្ពុជានៅបរទេស ដែលមានសម្តេចក្រឡាហោម ស ខេងដឹកនាំផ្ទាល់នោះបានកែសម្រួលលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីកាត់បន្ថយបែបបទនីតិវិធីសាំញុំ និងបានរៀបចំបើកច្រកចេញចូលតែមួយចំនួន៣កន្លែង គឺនៅផ្សារទំនើបស្ទឹងមានជ័យថ្មី ខេត្តបាត់ដំបង និងក្រុងប៉ោយប៉ែត។

រីឯការងារផ្តល់ភាពស្របច្បាប់ដល់ពលករ កម្ពុជាកំពុងធ្វើការនៅប្រទេសថៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានបញ្ជូនក្រុមការងារចំនួន១៧៩នាក់ទៅប្រចាំការនៅប្រទេសថៃ ដើម្បីផ្តល់លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបររទេស៕

website_news/2018230101.txt · Last modified: 2018/01/23 14:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki