website_news:2018230102

ក្រុមសិទ្ធិមនុស្សជំរុញអោយរដ្ឋាភិបាលកម្ពុជាបង្កើនការបង្ក្រាបលើការជួញដូរកម្លាំងពលកម្មទៅថៃ

http://www.rfa.org/khmer/ ដោយ តាំង សារ៉ាដា 2018-01-22

អង្គការសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃចន្ទ ទី២២ ខែមករា ជំរុញអោយរដ្ឋាភិបាលកម្ពុជា ផ្ដន្ទាទោសបុគ្គល និងក្រុមនាំពលករទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធនឹងការជួញដូរកម្លាំងពលកម្មខុសច្បាប់ទៅធ្វើការជាកម្មករលើទូកនេសាទរបស់ថៃ។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា អះអាងថា កន្លងមកកម្ពុជា បានចាត់ការលើបញ្ហានេះ ហើយបានកែសម្រួលលក្ខខណ្ឌការងារជាច្រើន។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជំរុញអោយរដ្ឋាភិបាលកម្ពុជា សហការជាមួយរដ្ឋាភិបាលថៃ ដើម្បីបញ្ចប់ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងអំពើទាសភាពនៅតាមទូកនេសាទរបស់ថៃ។ ការអំពាវនាវរបស់ក្រុមសិទ្ធិមនុស្សអន្តរជាតិមួយនេះធ្វើឡើងតាមរយៈការបញ្ចេញរបាយការណ៍របស់ខ្លួនមួយឈ្មោះ “ការកេងប្រវ័ញ្ចកម្លាំង ពលកម្មដោយអាថ៌កំបាំង” ដែលមានកម្រាស់ ១៣៤ទំព័រ បានស៊ើបអង្កេតករណីជួញដូរមនុស្សខុសច្បាប់ និងការកេងប្រវ័ញ្ចកម្លាំងពលកម្មលើទូកនេសាទរបស់ថៃ។

របាយការណ៍ស៊ើបអង្កេតនោះបានរកឃើញថា ពលករមកពីតាមបណ្ដាប្រទេសមួយចំនួនដែលនៅជិតខាងប្រទេសថៃដូចជាមកប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ត្រូវបានថៅកែទូកនេសាទរបស់ថៃរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ការរំលោភទាំងនោះរួមមាន ការទទួលប្រាក់ខែមិនបានទៀងទាត់ ការទទួលបានប្រាក់ខែទាបជាងអប្បបរមា ការមិនអាចបង្កើតសហជីព និងភាពខ្វះកិច្ចការពារដោយប្រព័ន្ធច្បាប់របស់ថៃ។ មន្ត្រីជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានជំរុញឲ្យសហគមន៍អឺរ៉ុបបន្ថែមការដាក់សម្ពាធដល់ប្រទេសថៃដើម្បីអោយមានការគាំពារដល់សិទ្ធិ សុខភាព និងសុវត្ថិភាពរបស់ក្រុមអ្នកនេសាទ។

ប្រទេសថៃ បានទទួលកាតលឿង ជាការព្រមានមួយដែលអាចនាំឲ្យប្រទេសមួយនេះអាចប្រឈមនឹងការបិទមិនឲ្យនាំចេញផលិតផលអាហារសមុទ្រទៅលក់នៅសហគមន៍អឺរ៉ុប ដោយសារការនេសាទខុសច្បាប់ គ្មានបទបញ្ជា និងគ្មានការរាយការណ៍។ ជាងនេះទៅទៀត សហរដ្ឋអាមេរិក ធ្លាប់បានដាក់ប្រទេសថៃ ចូលទៅក្នុងចំណាត់ថ្នាក់ទី២ នៃបញ្ជីឃ្លាំមើលការជួញដូរមនុស្ស។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានរកឃើញភាពខ្វះចន្លោះប្រហោងនៃការអនុវត្តច្បាប់ជាច្រើនរបស់រដ្ឋាភិបាលថៃ ថ្មីសព្វថ្ងៃនេះ ដែលតម្រូវឲ្យមានការកែទម្រង់ ខាងផ្នែកឧស្សាហកម្មនេសាទរបស់ខ្លួន។ នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក ប្រ៊ែដ អាដាម (Brad Adams) បានជំរុញអោយសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុន ត្រូវមានការជឿជាក់ចំពោះអាហារសមុទ្រដែលពួកគេទិញពីប្រទេសថៃ មិនត្រូវជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ឬការបង្ខំកម្លាំងពលកម្មនោះឡើយ។ លោកបន្តថា រដ្ឋាភិបាលថៃថ្មីគ្មានឆន្ទៈក្នុងការបោសសំអាតរឿងអាស្រូវដែលបណ្ដាលអោយមានអំពើទាសភាពនៅតាមទូកនេសាទក្នុងប្រទេសរបស់ខ្លួននោះឡើយ ហើយថាបញ្ហានេះនៅតែបន្តកើតមាន។ អង្គការអន្តរជាតិមួយនេះ ក៏បានជំរុញឱ្យភាគីរដ្ឋាភិបាលកម្ពុជា បើកការស៊ើបអង្កេត និងផ្ដន្ទាទោសបុគ្គល ឬក្រុមនាំពលករទាំងឡាយណាដែលបានចូលរួមជាមួយបណ្ដាញជួញដូរកម្លាំងពលកម្មខុសច្បាប់ក្នុងប្រទេសកម្ពុជា ដែលបានសហការរកស៊ីជាមួយមេខ្យល់ក្នុងប្រទេសថៃ ក្នុងការជួញដូរកម្លាំងក្មេងមិនទាន់គ្រប់អាយុ និងកម្លាំងមនុស្សប្រុសពេញវ័យទៅធ្វើការជាកម្មករលើទូកនេសាទរបស់ថៃ។

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាអះអាងថា កម្ពុជាមិនដែលបណ្ដែតបណ្ដោយអោយក្រុមហ៊ុននាំពលករទៅធ្វើការនៅក្រៅប្រទេសណាមួយអាចធ្វើអ្វីតាមអំពើចិត្តនោះឡើយ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់អាស៊ីសេរី តាមទូរស័ព្ទកាលពីថ្ងៃច័ន្ទ អំពាវនាវអោយពលករខ្មែរទាំងអស់កុំចាញ់បោកមេខ្យល់ដែលនាំទៅធ្វើការខុសច្បាប់នៅក្រៅប្រទេស ដើម្បីជៀសឲ្យផុតពីអំពើទាសភាពទាំងឡាយ៖ «រដ្ឋាភិបាលមិនដែលបណ្ដែតបណ្ដោយអោយក្រុមហ៊ុនធ្វើផ្ដេសផ្ដាសនោះទេ។ ដំបូងឡើយមកយើងមិនទាន់មានបទពិសោធន៍តាំងពីអាណត្តិមុនៗមកដែលក្រុមហ៊ុនហ្នឹងឆ្លៀតឱកាសដើម្បីបោកបញ្ឆោតបងប្អូនដែរ។ ប៉ុន្តែតាមពិតទៅ អាហ្នឹងវាមិនមែនក្រុមហ៊ុនទៅទៀត វាគ្រាន់តែជាអាអ្នកមេខ្យល់ទេដែលវាមានបញ្ហាអ៊ីចឹង។ ប្រសិនបើក្រុមហ៊ុនមានការទទួលស្គាល់ដោយរដ្ឋាភិបាល មានកិច្ចសន្យាច្បាស់លាស់ទៅ ខ្ញុំយល់ថា អត់មានជួបហានិភ័យដល់បងប្អូនទេ»។

អង្គការមូលនិធិយុត្តិធម៌បរិស្ថាន (Environment Justice Foundation) ធ្លាប់បានសម្ដែងការព្រួយបារម្ភចំពោះការប្រើប្រាស់កម្លាំងពលកម្មរបស់អ្នកនេសាទដែលត្រូវបានគេជួញដូរ និងត្រូវបានបង្ខំឲ្យធ្វើការលើទូកនេសាទថៃ ដែលកំពុងប្រតិបត្តិការនៅក្រៅដែនទឹកប្រទេសថៃ កំពុងកើតមានយ៉ាងច្រើន។ កន្លងមកសហរដ្ឋអាមេរិក បានទម្លាក់កម្រិតប្រទេសថៃ ទៅជាប្រទេសដែលជាប់លំដាប់ទី៣ ជាលេខរៀងទាបបំផុតដោយសារតែប្រទេសនេះមិនបានការពារសិទ្ធិរបស់ពលករបរទេសដែលមកធ្វើការក្នុងប្រទេសថៃ៕

website_news/2018230102.txt · Last modified: 2018/01/23 14:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki