website_news:2018230103

ពលករខ្មែរ ០២នាក់ប្ដីប្រពន្ធត្រូវឃាតករបាញ់ប្រហារបណ្តាលឲ្យរងរបួសធ្ងន់នៅក្នុងចំការអំពៅថៃ

http://www.prakpheaktra.com/ January 23, 2018

មានករណីពលករខ្មែរធ្វើការជាជ័រកៅស៊ូ ២នាក់ប្ដីប្រពន្ធ ត្រូវពលករខ្មែរដូចគ្នាលបបាញ់ប្រហារបណ្ដាលឱ្យរងរបួសធ្ងន់ទាំងពីរនាក់។ កាលពីវេលាម៉ោង០៨:២០នាទីយប់ថ្ងៃច័ន្ទទី២១ ខែមករា ឆ្នាំ២០១៨ មានករណីអំពើឃាតកម្មពលករខ្មែរពីរនាក់ប្ដីប្រពន្ធធ្វើការជាជ័រកៅស៊ូនៅក្នុងស្រុកកាបីនបុរី ខេត្តប្រាជីនបុរី ប្រទេសថៃ ត្រូវពលករខ្មែរដូចគ្នា ប្រើកាំភ្លើងវែងបាញ់ប្រហារបណ្ដាលឱ្យបុរសជាប្តីរងរបួសធ្ងន់ និងស្ដ្រីជាប្រពន្ធត្រូវឃាតកវាយនិងត្រាកាំភ្លើងបណ្ដាលឲ្យសន្លប់បាត់ស្មារតីនៅក្នុងចំការអំពៅ។

ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០៨:២០នារី យប់ស្ថិតនៅក្នុងចំការអំពៅមួយកន្លែងស្ថិតនៅក្នុងភូមិបានណងម៉ូតាយ ក្រុមទី១ សង្កាត់បានណា ស្រុកកាបីនបុរី ខេត្តប្រាជីនបុរី ប្រទេសថៃ យោងតាមប្រភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថាស្ដ្រីរងគ្រោះមានឈ្មោះភីម សុខ អាយុ ៣៤ឆ្នាំ សញ្ជាតិខ្មែរ ត្រូវជាប្រពន្ធជនរងគ្រោះបានប្រាប់អោយដឹងថារូបគាត់និងប្ដីធ្វើការជាជ័រកៅស៊ូនៅក្នុងចំការរបស់(ចែអយ) លុះដល់ម៉ោងលើកការគាត់និងប្ដីបានជិះម៉ូតូវិលត្រឡប់ទៅកន្លែងស្នាក់នៅវិញ ស្រាប់តែមានបុរសពលករខ្មែរធ្វើការជាមួយគ្នាម្នាក់ បានឈរស្ទាក់កណ្ដាលផ្លូវព្រមទាំងតម្រង់កាំភ្លើងមកចំប្ដី គាត់រួចបាញ់មួយគ្រាប់ចំកណ្តាលមុខប្ដីគាត់បណ្តាលឲ្យម៉ូតូដួលភ្លាមនោះឃាតករបានយកត្រាកាំភ្លើងវាយលើរូបគាត់បណ្ដាលសន្លប់បាត់ស្មាតី ទើបឃាតកររត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ត្រូវបានភ្នាក់ងារសង្គ្រោះស្រុកកាបីនបុរី បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចៅផាយ៉ាភ័យភូបេត ចំណែកឯជនរងគ្រោះត្រូវជាប្ដីបានរងរបួសធ្ងន់ស្លាប់រស់ស្មើគ្នាព្រោះត្រូវឃាតកបាញ់ចំកណ្តាលថ្ងា។ចំណែកឯមូលហេតុកម្លាំងសមត្ថកិច្ចថៃកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់។

website_news/2018230103.txt · Last modified: 2018/01/24 09:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki