website_news:2018230106

កម្ពុជាបញ្ជូនពលករទៅធ្វើការ នៅម៉ាឡេស៊ី មានការកើនឡើង ជាបន្តបន្ទាប់

https://www.dap-news.com/kh/ អង្គារ, ២៣ មករា ២០១៨ 12:27 ដោយ: ធី លីថូ ID:049

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាបណ្ដាវិជ្ជជីវៈ លោកអ៊ិតសំហេងបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ននេះចំនួនពលករខ្មែរដែលទៅធ្វើការនៅប្រទេស ម៉ាឡេស៊ីមានការកើនឡើង ជាបន្តបន្ទាប់។លោក អ៊ិត សំហេងបានលើកឡើងបន្ថែម ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី៣ ជាមួយនឹងលោក Dato’ Srchard Riot AnakJem រដ្ឋមន្រ្តីក្រសួងធនធានមនុស្ស នៃប្រទេសម៉ាឡេស៊ីស្តីពី ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាពីការ ជ្រើសរើស បញ្ជូន និងគ្រប់គ្រងពលករខ្មែរ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី នាសណ្ឋាគារសូហ្វីតែលថ្ងៃទី២៣ ខែមករាឆ្នាំ២០១៨ថា ”ការបញ្ជូនពលករកម្ពុជាទៅធ្វើការ នៅម៉ាឡេស៊ី បានចាប់ដំណើរការ តាំងពីឆ្នាំ១៩៩៨ នៅក្រោយពេលដែលរាជរដ្ឋាភិបាល កម្ពុជាទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល ម៉ាឡេស៊ី ក្នុងខែតុលា ឆ្នាំ១៩៩៦។ ចាប់ពីពេលនោះមក ចំនួនពលករដែលបានបញ្ជូនទៅធ្វើការ នៅម៉ាឡេស៊ី បានកើនឡើង ជាបន្តបន្ទាប់”។ លោកបានបន្តថាចំនួនពលករ ដែលបានបញ្ជូនទៅធ្វើការ នៅប្រទេស ម៉ាឡេស៊ី មានចំនួនសរុប ៤៦,៥៤១នាក់ (ស្រី ៤០,០៨៤នាក់) ក្នុងនោះ ពលករការងារផ្ទះមានចំនួន ៣៣,៧០៧នាក់ ស្រីទាំងអស់។

ក្នុងឱកាសនោះដែរលោកបាន បន្តទៀតថាការខិតខំ របស់ប្រទេសបញ្ជូនពលករតែម្ខាង មិនអាចធានាបាននូវការការពារ និងការលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរប្រវេសន៍ បានឡើយ បើមិនមានកិច្ចសហការល្អ និងការគាំទ្ររបស់ប្រទេស ទទួលទេនោះ។ លោកបានបន្ថែមថារាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់អំពីកិច្ចខិតខំប្រឹងប្រែងដ៏ល្អប្រសើរ របស់រដ្ឋាភិបាលម៉ាឡេស៊ីក្នុងការដោះស្រាយ រាល់បញ្ហាដែលបានជួបប្រទះ នាពេលកន្លងមក។ លោកបានសង្កត់ធ្ងន់ថា ពិភពលោកក៏ដូចជា បណ្តាប្រទេសក្នុងអាស៊ាន មានការគាំទ្រ និងទទួលស្គាល់ថា ការធ្វើទេសន្តរប្រវេសន៍ការងារ ពិតជាបានចូលរួមយ៉ាងសំខាន់ក្នុង កិច្ចអភិវឌ្ឍន៍គ្រួសារ សហគមន៍ និងសេដ្ឋកិច្ចសង្គមក្នុងការកាត់បន្ថយ ភាពក្រីក្រផងដែរ។ ក្នុងទស្សនៈ បែបនេះ រាជរដ្ឋាភិបាលកម្ពុជាគាំទ្រ ក្នុងការធ្វើទេសន្តរប្រវេសន៍ ការងារដោយស្របច្បាប់។ សម្រាប់ការងារនេះ កម្ពុជាមានការប្តេជ្ញាចិត្តថា សិទ្ធិរបស់ពលករនឹងត្រូវបាន ការពារយ៉ាងល្អ ដោយក្របខណ្ឌច្បាប់ ដ៏រឹងមាំ ក្នុងវដ្តនៃទេសន្តរប្រវេសន៍៕

website_news/2018230106.txt · Last modified: 2018/01/23 15:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki