website_news:2018230301

សាលាឧទ្ធរណ៍ តម្កល់ទោសជននាំពលករ ១០ នាក់ទៅថៃ ឲ្យជាប់គុក ១៥ ឆ្នាំដដែល

http://www.postkhmer.com/ គឹម សារុំ | Publication date 22 March 2018 | 14:20 ICT

ភ្នំពេញៈ សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី ២២ ខែមីនានេះ បានប្រកាសសាលដីកា សម្រេចតម្កល់ទោស ជនជាប់ចោទម្នាក់ ឲ្យជាប់ពន្ធនាគារ ១៥ ឆ្នាំដដែល បន្ទាប់ពីបើកសវនាការជំនុំជម្រះ កាលពីថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០១៨ ពាក់ព័ន្ធនាំពលករ ១០ នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃ កាលពីឆ្នាំ ២០០៩។ ជនជាប់ចោទដែលជាមនុស្សថ្លង់ បានឈរផ្ទៀងត្រចៀកស្តាប់ ការប្រកាសសាលដីកា នៅក្នុងរង្វង់ក្រចកសេះដែលអានដោយលោកស្រីចៅក្រម គឹម ដានី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នោះ បានថ្លែងដោយមិនបញ្ជាក់ពីមូលហេតុ នៃការតម្កល់សាលក្រមថា៖«ជនជាប់ចោទ ពាក់ព័ន្ធបទចោទជួញដូរមនុស្សត្រូវសាលាឧទ្ធរណ៍សម្រេចតម្កល់ទោស ១៥ ឆ្នាំដដែល»។

តាមអង្គហេតុរបស់នគរបាលខេត្តកោះកុង បានបង្ហាញថា កាលពីថ្ងៃ ២៦ ខែមករាឆ្នាំ ២០០៩ ឈ្មោះ នាង រុណ អាយុ ៥៤ ឆ្នាំ នៅថ្ងៃទី ៩ ខែមករាឆ្នាំ ២០០៩ បានបើករថយន្តតាក់ស៊ី ដឹកក្រុមជនរងគ្រោះប្រុស-ស្រីចំនួន ១០ នាក់ ដែលជាអនីតិជន ដើម្បីយកឲ្យចូលទៅធ្វើការនៅក្នុងប្រទេសថៃ។ ប៉ុន្តែពេលជនជាប់ចោទបានបើករថយន្ត ដល់ច្រកចាំយាម ឃុំប៉ាកខ្លង ស្រុកដងទុង ខេត្តកោះកុង ដោយមានការសង្ស័យ សមត្ថកិច្ចក៏ឃាត់រថយន្ត និងឃាត់ខ្លួនជនជាប់ជាប់តែម្តង។ សំណុំរឿងនេះ ត្រូវសាលាដំបូងខេត្តកោះកុង នៅថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ ២០០៩ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ១៥ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ «ការនាំចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែននិង សមគំនិត» តាមបញ្ញត្តមាត្រា ១១ ច្បាប់ ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងមាត្រា ៦៨ នៃក្រមព្រហ្មទណ្ឌ ៕

website_news/2018230301.txt · Last modified: 2018/03/23 14:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki