website_news:2018230303

ស្ថានតំណាងកម្ពុជា អន្តរាគមជួយពលរដ្ឋខ្មែរ ៤៨នាក់

https://www.dap-news.com/kh/ សុក្រ, ២៣ មិនា ២០១៨ 10:59 ដោយ: ស៊ាន កុសល ID:114

ភ្នំពេញ៖ស្ថានតំណាងកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបូរី និងប្រទេសឡាវ បានជួយអន្តរាគមន៍ពលរដ្ឋខ្មែរ ចំនួន៤៨នាក់ បានវិលត្រឡប់មកស្រុកកំណើតវិញ នេះបើយោងតាមសេចក្តីជូនព័ត៌មាន របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ។ បើតាមលោក ជុំ សុន្ទរី បានបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី បានជួយសម្របសម្រួល រៀបចំមាតុភូមិនិវត្តន៍ របស់ពលករនេសាទខ្មែរ ចំនួន៥នាក់ មកពីខេត្តព្រៃវែង ដែលត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីឃាត់ខ្លួន អំឡុងខែតុលា ឆ្នាំ២០១៧ ក្រោយពីទូកនេសាទ ដែលពួកគេធ្វើការ បានចូលក្នុងដែនទឹកឥណ្ឌូនេស៊ី។

ពលករទាំង៥នាក់នោះ បានត្រឡប់មកដល់កម្ពុជាវិញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ដោយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ បានឧបត្ថម្ភសំបុត្រយន្តហោះជូន តាមសំណើរបស់ស្ថានទូត។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច របស់ម៉ាឡេស៊ី ដោះស្រាយបញ្ហានិងរៀបចំមាតុភូមិនិវត្តន៍ របស់ពលករ-ពលការិនីខ្មែរ ចំនួន១៤នាក់ (នារី៩នាក់ បុរស៥នាក់) ដែលទៅធ្វើការដោយខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី។ ពលករ-ពលការិនីទាំង១៤នាក់នោះ បានមកដល់កម្ពុជាវិញជាបន្តបន្ទាប់ នៅចន្លោះថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ។

លោកបានបន្តទៀតថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសសិង្ហបូរី បានជួយរៀបចំមាតុភូមិនិវត្តន៍របស់ពលការិនី ខ្មែរ១នាក់ អាយុ៣៥ឆ្នាំ មកពីខេត្តព្រៃវែង ដែលមិនអាចទ្រាំទ្រ ការងារលំបាកនៅសិង្ហបូរីបាន។ ស្ថានទូត បានផ្តល់កន្លែងស្នាក់នៅ អាហារបរិភោគ និងជួយទាមទារលិខិតឆ្លងដែន និងសំបុត្រយន្តហោះពីភ្នាក់ងារនាំពលករ ហើយពលការិនីបានមកដល់កម្ពុជាវិញ នៅថ្ងៃទី២០ ខែ មីនា ឆ្នាំ២០១៨ ។ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងប៉ាក់សេ ប្រទេសឡាវ បានអន្តរាគមន៍ ឲ្យមានការដោះលែងពលរដ្ឋខ្មែរ ចំនួន២៨នាក់ (ស្រី១នាក់) ដែលត្រូវបានអាជ្ញាធរ មានសមត្ថកិច្ចខេត្តអត្តពឺ ឃាត់ខ្លួនពីបទឆ្លងដែន និងធ្វើការខុសច្បាប់ក្នុងប្រទេសឡាវ។ ពលរដ្ឋទាំងនោះ បានត្រឡប់មកដល់កម្ពុជាវិញ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ តាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល (កម្ពុជា)-ណងណុកខៀន(ឡាវ)៕

website_news/2018230303.txt · Last modified: 2018/03/23 14:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki