website_news:2018230401

ពលករខ្មែររាប់រយនាក់ សម្រុកចេញទៅធ្វើការប្រទេសថៃ តាមច្រកព្រំដែនខេត្តបន្ទាយមានជ័យ

https://www.rfa.org/khmer/ ដោយ មួង ណារ៉េត 2018-04-21

ក្រោយបុណ្យចូលឆ្នាំប្រពៃណីខ្មែររួមភ្លាម ពលករខ្មែរជាច្រើនរាយនាក់បាននាំគ្នាសម្រុកឆ្លងដែន ដើម្បីទៅស្វែងរកការងារធ្វើនៅប្រទេសថៃតាមច្រកព្រំដែនខេត្តបន្ទាយមានជ័យ។ មន្ត្រីសង្គមស៊ីវិលនិងពលរដ្ឋនៅព្រំដែនខេត្តបន្ទាយមានជ័យ អះអាងថា ពលករភាគច្រើនទៅតាមរយៈមេខ្យល់ នាំឆ្លងដែនទៅធ្វើការដោយខុសច្បាប់ ហើយប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត។

ប្រជាពលរដ្ឋនៅព្រំដែនស្រុកអូរជ្រៅលោក ចក់ ចាន់ ឲ្យដឹងនៅថ្ងៃទី២១មេសាថា ពលករជាច្រើននាក់ ដោយអ្នកខ្លះធ្វើដំណើរតាមឡានឈ្នួលចំណុះ៦នាក់និងខ្លះទៀតឡានចំណុះ២០នាក់ត្រូវបានមេខ្យល់ដឹកយកទៅទម្លាក់ចោលនៅតាមព្រំដែន ដើម្បីឆ្លងដែនទៅធ្វើការងារនៅប្រទេសថៃ ខុសច្បាប់ ជាពិសេសច្រករបៀងព្រំដែនស្រុកអូរជ្រៅ និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ៖ «ហើយបើទៅដល់ព្រំដែនម៉ាឡេស៊ី ដូចជានៅខេត្តស៊ុងខ្លា និងខេត្តប៉ាតានីជាដើម ម្នាក់ ១ម៉ឺនបាតក៏មានដែរ ហើយភាគច្រើនអ្នកមកខេត្តឆ្ងាយៗ ដូចខេត្តតាកែវ និងខេត្តព្រៃវែង កំពង់ចាមជាដើម។ ចំពោះអ្នកនៅជាប់ព្រំដែនមិនសូវមានទៅទេ ភាគច្រើនគេរកស៊ីតាមព្រំដែន ហើយត្រឡប់មកផ្ទះវិញពេលល្ងាច។ ពីម្សិលមិញគ្រាន់តែខ្ញុំឈរមួយភ្លែតប្រហែល ១០ឡាន ហើយគ្រាន់តែគេដឹកកាត់មុខ ដឹកតកន្ទុយគ្នា ចុះទម្រាំមួយថ្ងៃពេញមិនដឹងប៉ុន្មានទៅ»។ ពលរដ្ឋរូបនេះបន្ថែមទៀតថា ទម្រាំបានឆ្លងដែនទៅប្រទេសថៃពលករខ្លះដេកតាមគុម្ពោតព្រៃរកេតរកូតនៅច្រកព្រំដែនប្រមាណពី ៣ ទៅ ៥ថ្ងៃក៏មាន ហើយពលករខ្លះត្រូវចំណាយប្រាក់ឲ្យមេខ្យល់ពី ២.០០០ទៅ ២.៥០០បាត ឬស្មើជាង ៣០ម៉ឺនរៀលក្នុងម្នាក់ក្នុងការឆ្លងដែននេះ។

មន្ត្រីទាហានប្រចាំការនៅច្រករបៀងទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ លោក រ័ត្ន វាសនា មានប្រសាសន៍ថា នៅព្រំដែនដែលលោកប្រចាំការមិនសូវមានពលករឆ្លងដែនដូចនៅច្រកផ្សេងនោះទេ ព្រោះខាងភាគីថៃបានដាក់ទាហានឈុតខ្មៅការពារតឹងរ៉ឹង ហើយមិនអនុញ្ញាតឲ្យពលករខុសច្បាប់ឆ្លងដែនច្រកមួយនេះបាននោះឡើយ។ លោក រ័ន្ន វាសនា អះអាងទៀតថា ចាប់តាំងពីរួចបុណ្យចូលឆ្នាំប្រពៃណីខ្មែរមក គឺមានពលករស្របច្បាប់ ដែលកាន់លិខិតឆ្លងដែន និងប័ណ្ណធ្វើការងារស៊ីជម្ពូឆ្លងដែនប្រមាណ ១០នាក់ក្នុងមួយថ្ងៃ បានឆ្លងដែនទៅប្រទេសថៃតាមច្រកមួយនេះ៖ «បាទតិចៗ ហើយតែអ្នកដែលមានលិខិតឆ្លងដែនទេ។ បើកន្លែងផ្សេងៗ គេទៅបានតិចៗ អីចឹង កន្លែងនេះគេបិទអត់អោយចេញ ទាល់តែមានប័ណ្ណការងារបានគេអោយទៅ ដែលអ្នកខ្លះគាត់ទៅផ្លូវឡែម ហើយអត់បានវ៉ៃចេញ ដល់ពេលចូលវិញគាត់មកតាមច្រករបៀង។ ការដែលតឹងរ៉ឹងនេះ ដោយសារគេដូរពីប៉ូលិសមកដាក់ទាហានឈុតខ្មៅ»។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា អះអាងថា ពលករសម្រុកឆ្លងដែនស្ទើរគ្រប់ច្រករបៀងព្រំដែនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។ លោកបន្ថែមទៀតថា ពលករឆ្លងដែនតាមច្រករបៀងភាគច្រើន ជាពលករទៅធ្វើការខុសច្បាប់ ហើយពួកគេប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត។ ប៉ុន្តែដោយសារពួកគេគ្មានការងារធ្វើនៅឯស្រុកកំណើត ដើម្បីរកប្រាក់ចិញ្ចឹមជីវិត ទើបពួកគេសម្រេចចិត្តឆ្លងដែនទាំងប្រថុយប្រថាន៖ «ប្រឈមមុខទី១ ពួកគាត់ត្រូវបានគេជួញដូរកម្លាំងពលកម្ម។ ទី២ ការយកទៅធ្វើការឲ្យទៅប្រព្រឹត្តល្មើសនៅប្រទេសគេ ដូចជា ទៅកាប់ឈើក្រញូងទៅកាប់អីចឹង ប្រាប់ថា ទៅកាប់ដើមអាកាសស្យា ហើយទៅកាប់ដើមក្រញូងនឹងត្រូវបានគេដេញបាញ់ចង់ងាប់ ហើយអ្នកក៏មានជីវិតរស់មកវិញ ហើយខ្លះទៅត្រូវរងគ្រោះស្លាប់ និងខ្លះត្រូវគេចាប់ដាក់គុក»។

ប្រជាពលរដ្ឋ និងលោក ស៊ុំ ច័ន្ទគារ អះអាងទៀតថា ចំណុចដែលពលករឆ្លងដែន គឺមាននៅច្រកណងចាន់ អូរបីជាន់ក្នុងស្រុកអូរជ្រៅ ច្រកបឹងត្រកួន និងច្រកមួយចំនួនទៀត នៅស្រុកស្វាយចេក។

បច្ចុប្បន្នពលករខ្មែរដែលធ្វើការនៅប្រទេសថៃមានប្រមាណ ១លាននាក់ ហើយក្នុងចំណោមនោះមួយចំនួនធំ ពួកគេឆ្លងដែនតាមច្រករបៀងទៅធ្វើការដោយខុសច្បាប់៕

website_news/2018230401.txt · Last modified: 2018/04/23 14:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki