website_news:2018230402

អាជ្ញាធរថៃត្រៀមបើកដំណើរច្រកចេញចូលតែមួយចំនួន ៨០កន្លែង សម្រាប់ធ្វើប័ណ្ណការងារស្របច្បាប់ដល់ពលករបរទេស

https://www.rfa.org/khmer/ ដោយ មួង ណារ៉េត 2018-04-21

ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃ ជូនដំណឹងថា ពលករខ្មែរ ដែលបានចុះបញ្ជីធ្វើការងារជាមួយអាជ្ញាធរថៃរួចហើយ ប៉ុន្តែមិនទាន់បានប័ណ្ណនោះ អាជ្ញាធរថៃនឹងបើកដំណើរការិយាល័យច្រកចេញចូលតែមួយចំនួន ៨០កន្លែងនៅទូទាំងប្រទេសថៃ ដើម្បីផ្ដល់ប័ណ្ណការងារនេះ។

ការិយាល័យច្រកចេញចូលតែមួយចំនួន ៨០កន្លែង គឺមាននៅទីក្រុងបាងកក ៤កន្លែង និងតាមខេត្តចំនួន ៧៤ទីតាំង ហើយប័ណ្ណការងារដែលនឹងផ្ដល់ឲ្យពលករនេះ ជាប័ណ្ណមិនមែនសញ្ជាតិថៃ ឬហៅប័ណ្ណពណ៌ស៊ីជម្ពូ ហើយដែលពលករបានបញ្ជាក់អត្តសញ្ញាណរួចហើយ។ ប័ណ្ណពណ៌ស៊ីជម្ពូថ្មី ដែលមានសុពលភាពត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នឹងត្រូវផ្ដល់ឲ្យពលករដែលបានចុះបញ្ជីរួច និងផ្ដល់ទិដ្ឋាការស្នាក់នៅ ព្រមទាំងប័ណ្ណអនុញ្ញាតការងារដល់ពលករ ដែលមានលិខិតឆ្លងដែន (Passport) លិខិតធ្វើដំណើរ (TD) និងប័ណ្ណពលករកម្ពុជា ដែលទៅធ្វើការងារក្រៅប្រទេស (CCWC)។

ការិយាល័យច្រកចេញតែមួយទាំងអស់នោះ នឹងចាប់ដំណើរការចាប់ពីថ្ងៃទី២៣ មេសាដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៨។ ពលករទាំងអស់ត្រូវប្រញាប់ទៅអនុវត្តន៍នីតិវិធីបន្តនៅច្រកចេញចូលតែមួយ (OSS) ដែលមានទីតាំងនៅជិតទីកន្លែងធ្វើការរបស់ខ្លួនឲ្យបានគ្រប់គ្នា។ ប្រសិនបើពលករណាមានចម្ងល់ អាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក តាមលេខ ០២ ៩៥៧ ៥៨៥២ ឬ ០៨៦ ៧៩៩ ៩៩៥៧ និង ០៩៤ ០៩២៥៩០៥ ជាដើម៕

website_news/2018230402.txt · Last modified: 2018/04/23 14:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki