website_news:2018230502

ក្រសួងមហាផ្ទៃបន្ថែមពេលពិភាក្សាសេចក្ដីព្រាងច្បាប់គ្រប់គ្រងសេវាពពោះជំនួស

https://khmer.voanews.com/ 22 ឧសភា 2018 កាន់ វិច្ឆិកា

ភ្នំពេញ៖ សេចក្ដីព្រាងច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងសេវាពពោះជំនួស ដែលរដ្ឋាភិបាលចាប់ផ្តើមពិគ្រោះកាលពីដើមឆ្នាំ២០១៧ ត្រូវបានពន្យារពេលដាក់ឆ្លងទៅគណៈរដ្ឋមន្រ្តី ដើម្បីសិក្សាឲ្យកាន់តែលម្អិតបន្ថែមទៀត។ នេះបើតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។

អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិបង្ក្រាបការជួញដូរមនុស្ស និងផ្លូវភេទលើស្ត្រី និងកុមារ ថ្លែងបែបនេះ ក្រោយបញ្ចប់ពិធីផ្សព្វផ្សាយរបាយការណ៍ឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។ អ្នកស្រី ជូ ប៊ុនអេង ប្រាប់អ្នកសារព័ត៌មានថា ការសម្រេចពន្យារការអនុម័តច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងសេវាពរពោះជំនួសនេះ ធ្វើឡើងដោយសារមានបញ្ហាមិនច្បាស់លាស់ជាច្រើនពាក់ព័ន្ធច្បាប់របស់កម្ពុជាមួយចំនួនដែលកំពុងនៅជាធរមាន ពាក់ព័ន្ធនឹងការពរពោះ សញ្ជាតិ ការនាំក្មេងចេញទៅក្រៅប្រទេស ព្រមទាំងភាពទុច្ចរិតនៃការជួញដូរមនុស្សជាដើម។ ទោះយ៉ាងណា អ្នកស្រីមិនបានបញ្ជាក់ថា ការពន្យារពេលអនុម័តច្បាប់នេះ នឹងត្រូវធ្វើឡើងរហូតដល់ពេលណានោះទេ។

អ្នកស្រីបញ្ជាក់ថា៖ «យើងត្រូវការសិក្សាឲ្យបានល្អ ពីព្រោះនេះគឺជាលើកទី១ ដែលពាក់ព័ន្ធដល់កម្ពុជា អញ្ចឹងយើងគួររៀនសូត្រពីប្រទេសទាំងឡាយដែលគេបាននិងកំពុងតែធ្វើនៅក្នុងពិភពលោក។ ពីព្រោះច្បាប់តែកាលណាដាក់ចេញទៅហើយ យើងពិបាកត្រឡប់ក្រោយណាស់ អញ្ចឹងហើយបានជាសម្តេច [ស ខេង] លោកសំណូមពរថាសូមឲ្យពន្យារការដាក់ទៅគណៈរដ្ឋមន្រ្តី និងសភា ដើម្បីពិនិត្យឲ្យអស់ គ្រប់ជ្រុងជ្រោយ ជៀសវាងយើងធ្វើទៅហើយយើងពិបាកត្រឡប់ក្រោយវិញ»។ ការតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងសេវាពពោះកូនជំនួសនេះ ធ្វើឡើងក្រោយពីអាជ្ញាធរបានចាប់ខ្លួនស្ត្រីជនជាតិអូស្ត្រាលីម្នាក់ និងពលរដ្ឋខ្មែរ២នាក់កាលពីឆ្នាំ២០១៦ ដោយចោទពីបទ «ធ្វើជាអន្តរការីរវាងអ្នកសុំ ហើយនិងស្ត្រីពពោះ និងសុំឲ្យផ្ដល់ឯកសារដោយទុច្ចរិត» ក្រោយពួកគេបានផ្ដល់សេវានេះ។ សាលាដំបូងរាជធានីភ្នំពេញកាលពីដើមខែសីហា ឆ្នាំ២០១៧ បានសម្រេចឲ្យអ្នកទាំងបីជាប់ពន្ធនាគារ១៨ខែ ពាក់ព័ន្ធនឹងសំណុំរឿងជួលស្រ្តីខ្មែរឲ្យពពោះជំនួសនេះ ខណៈដែលច្បាប់ពាក់ព័ន្ធនឹងការពពោះជំនួសនៅមិនទាន់កើតមាននៅឡើយ។

កញ្ញា សេង រាសី អ្នកសម្របសម្រួលកម្មវិធីសមភាពយេនឌ័រក្នុងវិស័យនយោបាយនៃអង្គការសីលកា ប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា កញ្ញាគាំទ្រចំពោះការសម្រេចបង្កើនការសិក្សា និងស្រាវជ្រាវបន្ថែមពាក់ព័ន្ធនឹងការបង្កើតច្បាប់ស្តីពីការគ្រប់គ្រងការពពោះជំនួស ឲ្យបានគ្រប់ជ្រុងជ្រោយ។ កញ្ញាបន្ថែមថា ការពពោះជំនួស គឺជាអាជីវកម្មមួយដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិមនុស្ស ជាពិសេសស្រ្តីដែលជាអ្នកពរពោះជំនួស ដូច្នេះកញ្ញាថា រដ្ឋាភិបាលគួរជំរុញធ្វើយ៉ាងណាឲ្យច្បាប់នេះត្រូវបានចេញយកទៅអនុវត្តឲ្យបានឆាប់។

កញ្ញា សេង រាសី បញ្ជាក់ថា៖ «គោលគំនិតរបស់ក្រសួងតែម្តង ជាពិសេសក្រសួងយុត្តិធម៌ ក៏ដូចជាក្រសួងកិច្ចការនារី ថាតើលោកបង្កើតច្បាប់មួយហ្នឹងគឺដើម្បីហាមប្រាមកុំឲ្យមានអាជីវកម្មហ្នឹងតែម្តង ឬមួយក៏បង្កើតមកដើម្បីគ្រប់គ្រងលើអាជីវកម្មមួយហ្នឹង? បើទោះបីជាករណីណាមួយចេញមកក៏ដោយ ខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀតថា ច្បាប់នេះត្រូវតែយុត្តិធម៌សម្រាប់ទាំងអស់គ្នា ហើយឈរលើគោលការណ៍សិទ្ធិមនុស្សជាចម្បង ហើយស្របតាមគោលការណ៍រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា»។ ចាប់ពីឆ្នាំ២០១៥មក កម្ពុជាបានក្លាយជាគោលដៅដ៏ពេញនិយមមួយសម្រាប់ឪពុកម្តាយ ដែលមានបំណងស្វែងរកឲ្យមានការស៊ីឈ្នួលពពោះជំនួស បន្ទាប់ពីសេវាកម្មនេះត្រូវបានហាមប្រាមក្នុងប្រទេសថៃ ឥណ្ឌា និងនេប៉ាល់។

បើតាមរបាយការណ៍ឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃអង្គារនេះ បានបង្ហាញថា បទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទក្នុងឆ្នាំ២០១៧ មានការកើនឡើងបើធៀបនឹងឆ្នាំ២០១៦ ដោយសារមានបញ្ហាប្រឈម និងខ្វះខាតមួយចំនួនដូចជា ឧក្រិដ្ឋជនមានល្បិចកលខ្ពស់ ការត្រួតពិនិត្យ និងគ្រប់គ្រងពលករចំណាកស្រុកតាមព្រំដែនមិនទាន់បានល្អ មន្រ្តីមួយចំនួននៅខ្វះខាតសមត្ថភាពជាដើម៕

website_news/2018230502.txt · Last modified: 2018/05/23 14:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki