website_news:2018230504

កុមារយ៉ាងតិច ២៤០ នាក់ត្រូវបានរកឃើញធ្វើការតាមសហគ្រាស

https://www.postkhmer.com/ ម៉ិច ដារ៉ា | Publication date 23 May 2018 | 10:18 ICT

ភ្នំពេញៈ កុមារយ៉ាងហោចណាស់ ២៤០ នាក់ត្រូវរកឃើញថាមានគេប្រើឱ្យធ្វើពលកម្មធ្ងន់ៗបន្ទាប់ពីក្រសួងការងារបានចុះពិនិត្យនៅតាមសហគ្រាស និងគ្រឹះស្ថាននានាក្នុងនោះក៏មាននៅសិប្បកម្មឡឥដ្ឋផងដែរ ជាករណីដែលធ្លាប់ត្រូវបានអង្គការក្រៅរដ្ឋាភិបាលរកឃើញកន្លងមកផងដែរ។ នេះបើតាមលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ)។ ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំក្នុងក្របខ័ណ្ឌស្ថាប័ននេះនៅក្រសួងមហាផ្ទៃកាលពីថ្ងៃអង្គារលោកស្រី ជូ ប៊ុនអេង បានលើកឡើងថា៖ «មន្ទីរការងារខេត្តសៀមរាប បានចុះអធិការកិច្ចពលកម្មកុមារនៅសិប្បកម្មឡឥដ្ឋចំនួន ២០ ហើយបានបន្តឃ្លាំមើលកម្មករនៅសិប្បកម្មឡឥដ្ឋចំនួន ៤៦ ដទៃៗទៀតដោយបានរកឃើញថាមានចំនួន ៣៧ នៅកំពុងដំណើរការ និង ៣ កន្លែងទៀតបានបិទទ្វារ និងចំនួន ៥ បានព្យួរ ខណៈរោងចក្រ ឬសិប្បកម្មមានកម្មករសរុបចំនួន ៧៨៧ និងស្ត្រីចំនួន ៣៨០ នាក់»។ ប៉ុន្តែលោកស្រីមិនបានផ្តល់តួលេខអំពីថា តើកុមារចំនួនប៉ុន្មាននាក់ត្រូវបានជួយសង្គ្រោះពីសិប្បកម្មទាំងនោះទេ។

លោកស្រី ប៊ុន ជ្រឹម អនុប្រធានមន្ទីរការងារខេត្តសៀមរាបបានថ្លែងថា មន្ទីរការងារខេត្តកំពុងធ្វើការងារទៅលើស្រុកចំនួន ២ រួមមាន ស្រុកបន្ទាយស្រី និងស្រុកសូទ្រនិគម ដើម្បីជួយក្មេងដែលធ្វើការងារនៅសិប្បកម្មឡឥដ្ឋ រួមទាំងយកក្មេង ២០ នាក់មានអាយុពី ១៥ ទៅ ២០ ឆ្នាំពីតាមសិប្បកម្ម និងការពារកុមារចំនួន ៧០ នាក់ដែលធ្វើការងារនៅសិប្បកម្មនេះក្នុងអំឡុងថ្ងៃឈប់សម្រាកពីសាលារៀន។ លោកស្រីបានបញ្ជាក់ថា៖ «យើងបានជួយកុមារចំនួន ៧០ នាក់ដែលក្រោមអាយុ ១៥ ឆ្នាំអ្វីដែលយើងអាចជួយគឺផ្តល់ឲ្យពួកគេនូវវគ្គបំពេញបន្ថែមរយៈពេល ២ ខែនៅពេលពួកគេសម្រាកវិស្សមកាល និងផ្តល់អាហារសម្រន់ដល់ពួកគេជារៀងរាល់ថ្ងៃក្នុងអំឡុងរយៈពេល ២ ខែនេះហើយនៅពេលពួកគេត្រឡប់ទៅសាលាវិញ យើងមានសម្ភារសិក្សាដល់ពួកគេ និងផ្តល់ឯកសណ្ឋានចំនួន ២ កំប្លេ និងធ្លាប់ផ្តល់ឲ្យពួកគេនូវស្បែកជើងចំនួន ២ គូនៅឆ្នាំ ២០១៧ ព្រមទាំងបានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់កុមារចំនួន ២០ នាក់ដែលមានអាយុពី ១៥ ឆ្នាំទៅ ២០ ឆ្នាំផងដែរក្នុងនោះរួមទាំងការបណ្តុះបណ្តាលលើជំនាញធ្វើសក់ និងអគ្គិសនី» ជាដើម។ លោកស្រីបានបន្តថា៖ «នៅឆ្នាំ ២០១៨ ដោយសារថវិកាត្រូវបានកាត់បន្ថយយើងនឹងយកកុមារដែលមានអាយុក្រោម ១៥ ឆ្នាំចំនួន ៩០ នាក់ពីសិប្បកម្មឡឥដ្ឋ និងក្មេងលក់វត្ថុវិស័យអនុស្សាវរីយ៍ដើម្បីជួយពួកគេ»។

លោកស្រីបានបន្ថែមថា៖ «អ្នកដែលយើងយកចេញគឺកម្មករពេញម៉ោងនៅក្នុងសិប្បកម្មឡឥដ្ឋ ហើយយើងដកពួកគេយកទៅទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ប៉ុន្តែការពារកុមារដែលរៀននៅពេលរសៀលទៅធ្វើការនៅពេលព្រឹក បើមិនដូច្នេះពួកគេប្រឈមមុខនឹងការបោះបង់ការសិក្សា ហើយប្រសិនបើយើងមិនដកពួកគេចេញ ពួកគេនឹងបោះបង់ការសិក្សាដើម្បីធ្វើការពេញម៉ោង»។ លោកស្រីបានបន្តថា៖ «មានកុមារជាច្រើន (ដែលធ្វើការនៅសិប្បកម្មឡឥដ្ឋ) ប៉ុន្តែដោយសារយើងមានថវិកាកំណត់…ហើយវាផ្តល់ក្នុងមួយឆ្នាំសម្រាប់ជួយកុមារ ៩០ នាក់ហើយនេះជាអ្វីដែលយើងអាចធ្វើវាបាន»។ យ៉ាងណាក្ដីនៅពេលសួរអំពីចំនួនតួលេខនៃកុមារសរុបដែលកំពុងធ្វើការងារនៅរោងចក្រ និងសិប្បកម្មនានា លោកស្រីបានបដិសេធផ្តល់អត្ថាធិប្បាយ។ លោកស្រីបានថ្លែងថា៖ «ខ្ញុំមិនអាចផ្តល់តួលេខបានទេដោយសារមានកុមារជាច្រើន…ហើយដោយសារយើងធ្វើការតែ ២ ស្រុក ប៉ុន្តែជាការពិតមានស្រុកជាច្រើនដែលមានសិប្បកម្មឡឥដ្ឋ» រួមមាន ស្រុកអង្គរជុំ ស្រុកជីក្រែង គ្រួសារនីមួយៗមានមនុស្ស ៤ ឬ ៥ នាក់។ លោកស្រីបានថ្លែងថានៅស្រុកបន្ទាយស្រី គ្រួសាររបស់កុមារដែលធ្វើការនៅសិប្បកម្មឡឥដ្ឋបានប្រឈមនឹងបញ្ហាមួយចំនួនរួមមាន សំបុត្រកំណើត ហើយភាគច្រើនបំផុតនៃកុមារទាំងនោះរៀនបានត្រឹមតែថ្នាក់ទី ៦។ លោកស្រីបន្តថា៖ «ពួកគេមិនអាចទៅរៀននៅអនុវិទ្យាល័យទេដែលនេះជាបញ្ហាប្រឈម…មានកុមារប្រហែល ៦០ ភាគរយដែលឪពុកម្តាយធ្វើការនៅសិប្បកម្មឡឥដ្ឋ»។

របាយការណ៍នៃការរកឃើញនេះកើតមានឡើងប៉ុន្មានខែបន្ទាប់ពីអង្គការសិទ្ធិមនុស្សលីកាដូបានចេញលទ្ធផលរកឃើញដែលបង្ហាញអំពីចំនួនបំណុល និងពលកម្មកុមារនៅតាមសិប្បកម្មឡឥដ្ឋដែលខុសច្បាប់ទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ ប៉ុន្តែបន្ទាប់ពីមានរបាយការណ៍នេះរដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង បានគំរាមចាត់វិធានការផ្លូវច្បាប់ទៅលើអង្គការក្រៅរដ្ឋាភិបាលប្រសិនបើលទ្ធផលរកឃើញរបស់ពួកគេត្រូវបានរកឃើញថាមិនត្រឹមត្រូវ។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការលីកាដូ លោក អំ សំអាត បានថ្លែងថា៖ «កន្លងមកយើងបានទទួលព័ត៌មានថាកុមាររងរបួស ឬស្លាប់នៅសិប្បកម្មឡឥដ្ឋ…យើងឃើញម្ចាស់សិប្បកម្មមួយចំនួនទទួលយកខណៈខ្លះទៀតនៅមិនទទួលយកហើយបន្តឲ្យកុមារនៅធ្វើការនៅសិប្បកម្មរបស់ខ្លួនហេតុដូច្នេះ យើងគិតថាក្រសួងគួរតែពិនិត្យនៅតាមសិប្បកម្ម និងរោងចក្រជាទៀងទាត់ដើម្បីការពារមិនឲ្យមានការរំលោភបំពាន និងកេងប្រវ័ញ្ចទៅលើពលកម្មកុមារហើយភាគច្រើនបំផុតនៃកម្មករជំពាក់ប្រាក់ថៅកែ ដូច្នេះគ្រួសាររបស់ពួកគេរួមទាំងកូនរបស់ពួកគេបង្ខំចិត្តធ្វើការសងបំណុល»៕ PS

website_news/2018230504.txt · Last modified: 2018/05/23 14:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki