website_news:2018230701

GMAC សហជីព បារម្ភថា កម្មករ កម្មការិនី នឹងចំណាកស្រុក បើ EU បិទការអនុគ្រោះពន្ធ

https://wmc.org.kh/ ថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨ លៀ ស៊ីណា

ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា សហជីពតំណាងកម្មករ និងអ្នកវិភាគ បង្ហាញក្ដីព្រួយបារម្ភដូចគ្នាថា កម្មករ កម្មការិនី នឹងបាត់បង់ការងារ ហើយនឹងអាចឈានដល់ការធ្វើចំណាកស្រុកថែមទៀតផង បើសិនជាសភាអឺរ៉ុប សម្រេចបិទការអនុគ្រោះពន្ធនាំទំនិញពីកម្ពុជា។

លោក លៀ ស៊ីណា រាយការណ៍ ៖ រហូតមកដល់ចុងខែកក្កដា នេះ សេចក្ដីសម្រេចរបស់សភាពអឺរ៉ុប ស្ដីពីប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញរបស់កម្ពុជា នៅ មិនទាន់ត្រូវបានប្រកាសជាសាធារណៈនៅឡើយទេ។ តែបែបនេះក្ដី មានការព្រួយបារម្ភថា សហភាពអឺរ៉ុប អាចនឹងបិទការអនុគ្រោះ លើទំនិញគ្រប់ប្រភេទពីកម្ពុជា។ ទាំងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា សហជីពតំណាងកម្មករ និងអ្នកវិភាគ សុទ្ធតែបង្ហាញពីក្ដីព្រួយបារម្ភដូចៗគ្នា ពីការបាត់បង់ការងាររបស់ពលរដ្ឋខ្មែរដ៏ច្រើនលើសលប់ និងការធ្វើចំណាកស្រុករបស់ពលការិនីខ្មែរ ទៅក្រៅប្រទេស ប្រសិនបើពិតជាមានការបិទ ការអនុគ្រោះពន្ធ សម្រាប់ទំនិញកម្ពុជា នៅក្នុងទីផ្សារអឺរ៉ុបពិតមែន។

លោក កេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា មានប្រសាសន៍ថា វិស័យវាយនភណ្ឌនេះ បានផ្ដល់ការងារ ដល់ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន បើទោះជាមិនមែនទូទាំងប្រទេសក្ដី ក៏ប៉ុន្ដែជាចំនួនដ៏ច្រើនមួយ។ លោកបន្ដថា ក្នុងករណីដែលមានការបិទ ការអនុគ្រោះពន្ធនាំទំនិញពីកម្ពុជា ទៅកាន់ទីផ្សារសហភាពអឺរ៉ុបពិតមែន ច្បាស់ណាស់ ពលរដ្ឋខ្មែរច្រើនសិបម៉ឺននាក់ នឹងត្រូវអត់ការងារធ្វើ ៖«វិស័យពួកយើងមានកម្មករ ជាង ៧០ម៉ឺននាក់ ដែលកំពុងធ្វើការនៅវិស័យកាត់ដេរសម្លៀកបំពាក់ អញ្ចឹងបើសិនបាត់ការអនុគ្រោះពន្ធពីសហគម និយាយរួមវាប៉ះពាល់ខ្លាំងណាស់ អាចឈានដល់កម្មករ ប្រជាជនយើងបាត់បង់ការងារមួយចំនួន»។ បន្ថែមពីនេះ លោកអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា មើលមិនឃើញថា មានវិស័យណាដែលធំទូលាយ ហើយអាចទទួលយកកម្មករ កម្មការិនី ក្នុងចំនួនដ៏ច្រើនបែបនេះ ទៅធ្វើការ ក្រៅពីវិស័យវាយនភណ្ឌនោះទេ។ ជាងនេះ ព្រោះតែការអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប បានធ្វើឲ្យកម្ពុជា មានការអភិវឌ្ឍយ៉ាងច្រើន។ លោក កេន លូ សង្ឃឹមថា សភាពអឺរ៉ុប នឹងពិចារណា ពីកត្ដាគ្រោះថ្នាក់សម្រាប់កម្មករ កម្មការិនី ខ្មែរ រាប់សិបម៉ឺននាក់នេះ នឹងនៅតែបន្ដ ផ្ដល់ការអនុគ្រោះពន្ធសម្រាប់កម្ពុជាជាបន្ដទៀត ៖«នៅពេលដែលខាងសហគមអឺរ៉ុប អនុគ្រោះឲ្យរួចពន្ធ ពិតជាជួយប្រទេសខ្មែរអភិវឌ្ឍន៍ច្រើន អញ្ចឹងសុំឲ្យគាត់វិលទៅពិចារណាពីបញ្ហា ហើយប្រសិនបើគាត់ដកចេញ អាចប៉ះពាល់ខ្លាំងដល់វិស័យកាត់ដេរ សម្លៀកបំពាក់នៅស្រុកខ្មែរ»។

ដូចគ្នាដែរលោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា មានប្រសាសន៍ថា វិស័យវាយនភណ្ឌ គឺបានជួយដល់កម្មករ កម្មការិនី រាប់ម៉ឺននាក់ ហើយវិស័យនេះក៏បានជួយផ្ដល់ការងារ និងប្រាក់ចំណូលដល់កម្មករ ពិសេសស្ដ្រីយ៉ាងច្រើនផងដែរ ដោយមិនចាំបាច់ចំណាកស្រុក បើទោះជាក្នុងវិស័យនេះ ពេលខ្លះមានបញ្ហាចម្រូងចម្រាស់មួយចំនួនក្ដី។ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បន្ដថា ប្រសិនជាមិនមានវិស័យវាយនភណ្ឌនេះទេ ស្ដ្រីខ្មែរដ៏ច្រើនលើសលប់ នឹងធ្វើចំណាកស្រុកជាក់ជាមិនខាន ហើយលោកស្រីជឿជាក់ថា មានស្ដ្រីតិចតែប៉ុណ្ណោះ ដែលត្រឡប់ទៅធ្វើស្រែចម្ការវិញ ដោយសារតែបច្ចុប្បន្ននេះ លោកស្រីមើលឃើញថា ផលិតផលកសិកម្ម ហាក់ពុំសូវមានទីផ្សារសមស្របសម្រាប់កសិករឡើយ ៖«ក្នុងករណីដែលអត់មានវិស័យហ្នឹង ១០០ភាគរយ គាត់ប្រាកដជាធ្វើចំណាកស្រុកហើយ ហើយមនុស្សភាគតិចណាស់ដែលត្រឡប់ទៅធ្វើស្រែចម្ការវិញ ដោយសារតែស្រែចម្ការជាទូទៅយើងដឹងហើយថា នៅពេលដែលគាត់ទៅធ្វើ គាត់អត់មានទីផ្សារលក់ដូរ នៅផលិតផលដែលគាត់ដាំ អញ្ចឹងគាត់គឺភាគតិចណាស់ដែលត្រឡប់ទៅធ្វើស្រែចម្ការវិញ»។ អ្វីដែលជាការមើលឃើញ របស់ស្ដ្រី មេដឹកនាំកម្មករ កម្មការិនី រូបនេះ លោក សាស្ដ្រាចារ្យ ឯម សុវណ្ណរ៉ា អ្នកវិភាគបញ្ហាសង្គម យល់ស្រប។ លោកមានប្រសាសន៍ថា នៅពេលនេះគ្មានអ្នកណាដឹងនោះទេ ថា សហភាពអឺរ៉ុប នឹងបិទ ឬក៏បន្ដផ្ដល់ការអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជា។ ក៏ប៉ុន្ដែក្នុងករណីដែលសហភាពអឺរ៉ុប បិទការអនុគ្រោះពន្ធមែន កម្មករ យ៉ាងច្រើន នឹងគ្មានការងារធ្វើ ហើយពួកគេមួយចំនួនអាចនឹងត្រូវចំណាកស្រុក ។ លោកថា វិស័យកាត់ដេរនេះទាក់ទងនឹងស្ត្រីច្រើនជាងគេ ៖«មនុស្សជាង ៧០ម៉ឺននាក់ហ្នឹង អ្នកទៅវិញប្រហែល ៣០ម៉ឺននាក់ចុះ ឬក៏ ៥០ម៉ឺនាក់ចុះ ៣៥ម៉ឺន ហើយ ៣៥ម៉ឺនទៀត ១៥ម៉ឺនទៅខាងក្រៅ ចុះ ២០ម៉ឺននៅធ្វើអី ហ្នឹងជាបញ្ហាសង្គមមួយដែលរដ្ឋាភិបាលត្រូវតែដោះស្រាយ ហើយបើមិនដោះស្រាយ»។

បន្ថែមលើនេះលោក ឯម សុវណ្ណារ៉ា បន្ដទៀតថា ប្រសិនបើវិស័យវាយនភណ្ឌមានបញ្ហា មិនមែនប៉ះពាល់តែវិស័យនេះទេ ពោលគឺវិស័យផ្សេងៗទៀត ដែលពឹងផ្អែកលើវិស័យមួយនេះ ក៏នឹងត្រូវដួល ព្រោះសេដ្ឋកិច្ចបានជាប់គាំង ៖«កម្ពុជាយើងអាចប្រឈមបញ្ហាច្រើន ដោយសារតែកម្ពុជាអាចបាត់ចំណូល បាត់កម្លាំងពលកម្ម អាចអត់ការងារធ្វើជាង ៧០ម៉ឺននាក់ ហើយវិស័យផ្សេងៗក៏អាចដួលដែរ។ ពលរដ្ឋផ្សេងៗដែលរស់ដោយសារចំណូល នៃវិស័យវាយនភណ្ឌហ្នឹង ដូចជា កម្មករ អ្នកលក់ដូរ ជួលផ្ទះអីហ្នឹង វាពាក់ព័ន្ធជាមួយកម្មករ ដែលធ្វើការងារនៅខាងវិស័យកាត់ដេរហ្នឹង។ អញ្ចឹងវាអាចបាត់បង់ចំណូលកំណើនសេដ្ឋកិច្ចកម្ពុជាដែរ»។

ចំណែក លោក អាត់ ធន់ មេដឹកនាំសហភាពការងារកម្ពុជា ដែលធ្វើការងារដើម្បីប្រយោជន៍កម្មករ កម្មការិនី ជាច្រើនឆ្នាំមកហើយ ជឿជាក់ថា ប្រសិនបើគ្មានវិស័យវាយនភណ្ឌនេះទេ ជម្រើសទីមួយរបស់កម្មករ ពិសេសកម្មការិនី ច្បាស់ជានឹងធ្វើចំណាកស្រុក។ លោកបន្ដថា បើកាលណាពួកគេឈានដល់ការធ្វើចំណាកស្រុកទៅក្រៅប្រទេស បញ្ហាប្រឈមនានា នឹងកើតឡើងទ្វេដង ដែលមានជាអាទិ៍ ការរំលោភសិទ្ធិការងារ ការបៀតបៀនកេរិ៍្ដភេទ ការចាប់រំលោភ ឬក៏ការញៀនថ្នាំជាដើម ៖«ទោះជាការចំណាកស្រុកទាំងក្នុងស្រុកនិងក្រៅស្រុកហ្នឹងបញ្ហាវាតែងតែកើតមានហើយ គ្រាន់តែថា នៅក្នុងស្រុកបញ្ហាវាមានតិចតូច។ បើចំណាកស្រុក្រៅប្រទេសហ្នឹង យើងដឹងហើយថា សម្ពាធការងារ ការកេញប្រវ័ញ្ចការងារ នៅក្នុងស្រុកក៏មានដែរ ទម្រាំនៅក្រៅប្រទេស ការចាប់រំលោភ ការបោកប្រាស់បៀតបៀនផ្លូវភេទ ឬក៏ការកេញប្រវ័ញ្ចកម្លាំងពលកម្ម រួមទាំង បរិយាកាសសង្គមដែលគេនៅទីនោះមានជំងឺ អេដស៍ ឬក៏ប្រើថ្នាំប្រើអីហ្នឹងវាមានបញ្ហាទាំងអស់ហ្នឹងហើយ ដែលធ្វើឲ្យបន្ទុកគ្រួសារគាត់កាន់តែលំបាកថែមទៀត»។ លើសពីនេះប្រធានសហភាពការងារកម្ពុជា យល់ថា បើពលរដ្ឋខ្មែរ គ្មានការងារធ្វើចំនួនច្រើន នោះកំណើននៃការជំពាក់បំណុលធនាគារ ក៏នឹងកើនឡើងផងដែរ។ តែយ៉ាងលោក អាត់ ធន់ ចង់ឃើញដំណោះស្រាយសមស្របមួយរវាងអន្ដរជាតិ ជាមួយរដ្ឋាភិបាលកម្ពុជា ជាជាងការបិទការអនុគ្រោះពន្ធ លើវិស័យវាយណនភណ្ឌពីកម្ពុជា ៖«ចំពោះខាងសហជីពយើង ក៏ដូចជាខាងកម្មករ យើងយល់ថា ជម្លោះផ្ទៃក្នុងពាក់ព័ន្ធទៅនឹង លទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោត ការប្រកួតប្រជែងក្នុងបក្សទាំងពីរហ្នឹង CPP និង CNRP រហូតដល់បាត់ការគាំទ្រពីសហគមអន្ដរអឺរ៉ុបរហូតដល់ផ្ដាច់អីហ្នឹង ខ្ញុំគិតថា បើអាចទៅរួចរដ្ឋាភិបាល សហគមអឺរ៉ុប សហរដ្ឋអាមេរិកអីហ្នឹង គួរជជែកគ្នាក្នុងក្របខណ្ឌណាមួយ កុំដាក់បញ្ហា ការផ្ដាច់ការនាំចេញជាបញ្ហាទី១ អីអញ្ចឹងព្រោះវាប៉ះពាល់ខ្លាំងដល់កម្មករ និយោជិត»។

រយៈពេលចុងក្រោយនេះប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឲ្យមានយន្ដការផ្សេងៗ ក្នុងការគាំទ្រដល់កម្មករ ពិសេសកម្មការិនី ដែលកំពុងបម្រើក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងស្បែងជើងនេះ។ ក្រុមសហជីព និងអ្នកវិភាគ មើលឃើញថា ប្រសិនបើមានការបិទ ការអនុគ្រោះពន្ធ ពីកម្ពុជាពិតមែន អ្វីដែលជាការខិតខំប្រឹងប្រែងរបស់ ប្រមុខដឹកនាំរាជរដ្ឋាភិបាល ច្បាស់ជាស់មិនអាចដល់ដៃកម្មករ កម្មការិនី ជាង ៧០ម៉ឺននាក់នេះទេ។

កម្ពុជា បានចំណេញប្រាក់ពន្ធ ពីការនាំទំនិញទៅកាន់ទីផ្សារអឺរ៉ុប ជាង ៦៧៦លានដុល្លារ ក្នុងមួយឆ្នាំៗ។ ប្រទេសកម្ពុជា បានទទួលគម្រោងអនុគ្រោះពន្ធនាំចូលទៅកាន់ទីផ្សារអឺរ៉ុប លើផលិតផលគ្រប់យ៉ាងលើកលែងតែអាវុធ (Everything But Arms) តាំងតែពីកម្ពុជា មានកិច្ចព្រមព្រៀងសន្តិភាព នៅឆ្នាំ១៩៩១ ដែលជាឧបករណ៍អន្តរជាតិមួយ ជួយបញ្ចប់សង្គ្រាមស៊ីវិល ជិត២ទសវត្សរ៍នៅកម្ពុជា៕

website_news/2018230701.txt · Last modified: 2018/07/23 14:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki