website_news:2018230804

ពលរដ្ឋខ្មែរ ៣០នាក់ដែលមានទោសនៅអាមេរិក ត្រូវបានបញ្ជូនមកដល់កម្ពុជាហើយ

http://kleykley.sabay.com.kh/article/ ថ្ងៃទី ២៣ សីហា ២០១៨ ម៉ោង ០៨:២១

អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ លោក អេរិន ឆ្វាសចេស (Erend Zwatjest) ប្រាប់ឱ្យដឹងថា ពលរដ្ឋខ្មែរចំនួន ៣០នាក់ទៀត ដែលបានប្រព្រឹត្តិបទល្មើសឧក្រិដ្ឋ និងបានអនុវត្តទោសនៅសហរដ្ឋអាមេរិករួចហើយ ត្រូវបានរដ្ឋាភិបាលអាមេរិក បញ្ជូនមកដល់កម្ពុជាវិញហើយ កាលពីថ្ងៃទី២២ សីហា ឆ្នាំ២០១៨ម្សិលមិញ។

របាយការណ៍អង្គការគាំពារពលរដ្ឋខ្មែរគ្មានទីពឹង ឲ្យដឹងថា ចំនួនពលរដ្ឋខ្មែរដែលប្រព្រឹត្តខុសច្បាប់ធ្ងន់ធ្ងរ ឬបទឧក្រិដ្ឋ ត្រូវបានរដ្ឋាភិបាលអាមេរិកបញ្ជូនមកកាន់វិញជាបន្តបន្ទាប់ មកទល់ពេលនេះ មានចំនួនជិត៧០០នាក់ហើយ ក្នុងនោះ មាន ២៩នាក់បានស្លាប់ (២នាក់ស្លាប់ដោយសារធ្វើអត្តឃាត)។

លោក តាន់ សូនិក នាយកប្រតិបត្តិអង្គការគាំពារពលរដ្ឋខ្មែរគ្មានទីពឹង បានឱ្យដឹងកាលពីសប្តាហ៍មុនថា ពលរដ្ឋខ្មែរមួយចំនួនដែលត្រលប់មកកម្ពុជាវិញហើយនោះ ខ្វះការជួយជ្រោមជ្រែងពីគ្រួសារនៅអាមេរិក និងនៅស្រុកខ្មែរ នៅពេលអ្នកត្រូវបញ្ជូនត្រលប់មកវិញមានចំនួនកាន់តែច្រើនឡើង។ ពលរដ្ឋខ្មែរទាំងនេះខ្វះចំណេះដឹងផ្នែកវប្បធម៌ និងភាសាខ្មែរ ដែលធ្វើឱ្យពួកគេមានការលំបាកក្នុងការធ្វើសមាហរណកម្ម សម្របខ្លួនចូលទៅក្នុងសង្គមខ្មែរ។ សូមជម្រាបថា ស្ថានទូតសហរដ្ឋអាមេរិក បានផ្តល់ជំនួយឧបត្ថម្ភដល់អង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះថា អង្គការគាំពារពលរដ្ឋខ្មែរគ្មានទីពឹង ឬហៅកាត់ថាខ្វាវ (KVAO) ដើម្បីជួយដល់ពលរដ្ឋខ្មែរដែលត្រូវបានបញ្ជូនមកវិញទាំងនេះ ធ្វើការសម្របខ្លួនក្នុងការរស់នៅក្នុងសង្គមកម្ពុជា។

យោងតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ២០០២ សហរដ្ឋអាមេរិកនឹងបញ្ជូនពលរដ្ឋខ្មែរ ដែលបានប្រព្រឹត្តបទឧក្រិដ្ឋនៅសហរដ្ឋអាមេរិកមកកាន់ប្រទេសកំណើតវិញ ក្រោយពីពួកគេបានជាប់ពន្ធនាគារនៅអាមេរិកតាមការកំណត់របស់តុលាការរួចហើយ។ អ្នកដែលត្រូវបាននិរទេសចេញពីអាមេរិកទាំងនោះ គឺត្រូវតែជាអ្នកមិនទាន់មានសញ្ជាតិអាមេរិក ទោះបីជាពួកគេបានមករស់នៅក្នុងទឹកដីសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំយ៉ាងណាក្តី។ ពួកគេភាគច្រើនមករស់នៅសហរដ្ឋអាមេរិកតាំងពីវ័យកុមារ មកជាមួយឪពុកម្ដាយក្នុងឋានៈជាជនភៀសខ្លួនក្រោយរបបខ្មែរក្រហមបានដួលរលំ។ ក្នុងករណីពលរដ្ឋខ្មែរដែលមានសញ្ជាតិអាមេរិកហើយ ក្រោយពេលជាប់ទោស ពួកគេនឹងមិនអាចត្រូវបានបញ្ជូនចេញពីប្រទេសអាមេរិកឡើយ នេះបើផ្អែកតាមច្បាប់អាមេរិក៕

website_news/2018230804.txt · Last modified: 2018/08/23 15:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki