website_news:2018230806

ឧទ្ធរណ៍តម្កល់ទោសស្ដ្រីនាំនារីទៅរៀបការប្ដីចិន ៨ ឆ្នាំដដែល

https://www.postkhmer.com/ គឹម សារុំ | Publication date 23 August 2018 | 10:41 ICT

ភ្នំពេញៈ សាលាឧទ្ធរណ៍កាលពីម្សិលមិញប្រកាសសាលដីកាសម្រេចឲ្យស្ត្រីជាប់ចោទម្នាក់ជាប់គុក ៨ ឆ្នាំដដែលពាក់ព័ន្ធករណីនាំនារីខ្មែរ ២ នាក់ទៅរៀបការប្តីនៅប្រទេសចិនប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ ២០១៦ បន្ទាប់ពីជំនុំជម្រះកាលពីថ្ងៃទី ៨ ខែសីហា។ នៅក្នុងបន្ទប់សវនាការពេលប្រកាសសាលដីកាចំពោះមុខស្ត្រីជាប់ចោទលោក ចៅក្រម ប្លង់ សំណាង បានឱ្យដឹងថា៖ «សំណុំរឿងនេះមានស្ត្រីជាប់ចោទឈ្មោះ អ៊ុច សេងហុង ហើយពេលនេះតុលាការប្រកាសតែសេចក្តីសម្រេចទេដោយតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការ។ បានន័យថាទណ្ឌកម្មទោស ៨ ឆ្នាំគឺនៅតែ ៨ ឆ្នាំដដែល។ ប៉ុន្តែបើជនជាប់ចោទមិនសុខចិត្តអាចមានសិទ្ធិប្តឹងសារទុក្ខទៅតុលាការកំពូលគិតពីថ្ងៃប្រកាសសាលដីកានេះរយៈពេល ១ ខែ»។ តាមស្ត្រីជាប់ចោទឆ្លើយក្នុងសវនាការនៅថ្ងៃជំនុំជម្រះបានប្រាប់ចៅក្រមថា គាត់ជាអ្នកស៊ីឈ្នួលរត់តុឲ្យគេនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ហើយកាលពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៦ មានបុរសម្នាក់ចូលមកអង្គុយក្នុងហាងគាត់ ហើយសួរគាត់រកនារីក្មេងៗណាចង់បានប្តីចិនឲ្យទាក់ទងគាត់ដោយបុរសសន្យាផ្តល់សេវា ២ ពាន់ដុល្លារ។

ស្ត្រីជាប់ចោទបន្តថា ដោយសារជីវភាពក្រីក្រ ហើយណាមួយគាត់ក៏មានកូនស្រីម្នាក់កំពុងរស់ និងបានប្តីនៅប្រទេសចិនដែរនោះ គាត់ក៏បានទាក់ទងជាមួយនារី ២ នាក់នៅក្នុងភូមិជាមួយគ្នាដែលម្នាក់មានអាយុ ២១ ឆ្នាំ និងម្នាក់ទៀតអាយុ ២៦ ឆ្នាំ។ បន្ទាប់ពីណាត់ជួបគ្នានិយាយស្រុះស្រួលគ្នាហើយគាត់ក៏បបួលនារីទាំង ២ នាក់មករាជធានីភ្នំពេញដោយជួលផ្ទះសំណាក់ស្នាក់នៅ។ ស្ត្រីជាប់ចោទបន្តទៀតថាក្នុងការរត់ការបំពេញឯកសារគឺគាត់ជាអ្នកចាត់ចែងឲ្យនារីរងគ្រោះទាំងអស់ ព្រោះគាត់ក៏ធ្លាប់រត់ការឲ្យកូនស្រីខ្លួនឯងទៅរៀបការប្តីចិនដែរ។ ប៉ុន្តែក្រោយមកនារីរងគ្រោះទាំង ២ នាក់បានប្តឹង បន្ទាប់មកក៏ត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្សចាប់ខ្លួនតែម្តង។

សំណុំរឿងនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់គុក ៨ ឆ្នាំកាលពីថ្ងៃទី ៣ ខែមករាឆ្នាំ ២០១៧ ដោយចោទពីបទប៉ុនប៉ងនាំចេញដោយមិនស្របច្បាប់តាមបញ្ញត្តិមាត្រា ១០ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងបង្គាប់ឲ្យស្ត្រីជាប់ចោទសងសំណងទៅនារីរងគ្រោះម្នាក់ ២ លានរៀល។

ទោះយ៉ាងណាកាលពីជំនុំជម្រះនោះលោកព្រះរាជអាជ្ញា ឃុត សុភាង តំណាងមហាអយ្យការសន្និដ្ឋានថា សំណុំរឿងនេះជនជាប់ចោទបានសារភាពហើយសាលក្រមសាលាដំបូងរាជធានីភ្នំពេញធ្វើឡើងតាមច្បាប់ត្រឹមត្រូវ។ ដូច្នេះលោកសូមក្រុមប្រឹក្សាជំនុំជម្រះតម្កល់សាលក្រមទុកជាបានការដដែល។ រីឯកញ្ញាមេធាវី ជា បញ្ញា ដែលការពារសិទ្ធិឲ្យស្ត្រីជាប់ចោទសន្និដ្ឋានថា កូនក្តីលោកស្រីបានសារភាពកំហុសនៅគ្រប់ដំណាក់កាល និងបានស្នើឱ្យតុលាការបន្ថយទោស៕

website_news/2018230806.txt · Last modified: 2018/08/23 15:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki